សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តីនៅសាធារណរដ្ឋប្រជាមានិតចិនចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី១៥ ខែតុលាឆ្នាំ២០២៥។ កិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តីគឺជាការជួបជុំថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិនីតិប្រតិបត្តិនិងដៃគូអភិវឌ្ឍន៍នានាក្នុងក្របខណ្ឌអង្គការសហប្រជាជាតិដើម្បីពិនិត្យវឌ្ឍនភាពនៃសេចក្តីថ្លែងការណ៍ទីក្រុងប៉េកំាងឆ្នាំ១៩៩៥ដែលជាមូលដ្ឋានគ្រឹះនិងជាប្រព័ន្ធស្តង់ដារជាសកលសម្រាប់ជំរុញសមភាពយេនឌ័របង្កើនភាពអង់អាចដល់ស្រ្តីនិងការពារសិទ្ធិរបស់ស្រ្តីនិងក្មេងស្រ្តីទូទំាងពិភពលោក។

កិច្ចប្រជុំដ៏សំខាន់នៅឆ្នាំនេះប្រារព្ធធ្វើឡើងក្រោមមូលបទស្តីពី “អនាគតរួមគ្នាតែមួយ៖ ដំណើរការថ្មី និងលឿនសម្រាប់ ការអភិវឌ្ឍស្ត្រីលើគ្រប់វិស័យ” ក៏ជាការពង្រឹងការគំាទ្រ និងបន្តការប្តេជ្ញាចិត្តជាថ្មីផ្នែកនយោបាយនៅកម្រិតខ្ពស់បំផុតសម្រាប់ការអនុវត្តពេញលេញប្រកបដោយប្រសិទ្ធភាពនិងពន្លឿនការអនុវត្តសម្រេចឱ្យបានសមភាពយេនឌ័រនិងការផ្តល់ភាពអង់អាចដល់ស្រ្តីនិងក្មេងស្រីទំាងអស់និងគោលដៅជាក់លាក់ស្តីពីយេនឌ័ររបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពវិបុលភាពនិងបរិយាបន្ន។ នៅក្នុងកិច្ចប្រជុំនេះសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានឹងអញ្ជើញថ្លែងបទអន្តរាគមន៍គន្លឹះដល់អង្គពិធីផងដែរ ។ ក្នុងនាមជាប្រទេសហត្ថលេខីមួយនៃសេចក្តីប្រកាសទីក្រុងប៉េកំាងសម្តេចប្រធានរដ្ឋសភានឹងលើកឡើងពីវឌ្ឍនភាពនៃការចូលរួមដោយឆន្ទៈមោះមុតនិងមានទស្សនៈវែងឆ្ងាយរបស់សភាក៏ដូចជារាជរដ្ឋាភិបាលនៃព្រះជាណាចក្រកម្ពុជាចាប់តំាងពីការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបន្តមកដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងការលើកម្ពស់សមភាពយេនឌ័រនិងភាពអង់អាចរបស់ក្មេងស្រ្តីនៅកម្ពុជាក្រោមពាក្យស្លោកថា ”ស្ត្រីគឺជាឆ្នឹងខ្នងដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច”។ អំឡុងពេលចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តីនេះសម្តេចប្រធានរដ្ឋសភាមានគម្រោងជួបពិភាក្សារងារជាលក្ខណៈទ្វេភាគីជាមួយថ្នាក់ដឹកនាំសភាបណ្តាប្រទេសនានាប្រធានស្ថាប័នអន្តរជាតិផ្សេងៗ នៅក្នុងនោះមាន ឯកឧត្តម ចាវ ឡឹជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិនផងដែរក្នុងការពង្រឹងពង្រីកចំណងមិត្តភាពកិច្ចសហប្រតិបត្តិការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជនឱ្យកាន់តែសកម្មស៊ីជម្រៅដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រទេសជាតិនិងប្រជាពលរដ្ឋលើគ្រប់វិស័យមានពាណិជ្ជកម្មសេដ្ឋកិច្ចអប់រំកសិកម្មទេសចរណ៍ជាដើម៕
ប្រភព៖ ក្រសួងព័ត៌មាន