ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីក្នុងពិព័រណ៍ការងារសន្តិសុខសង្គមនិងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ ដោយនាំយកឱកាសការងារប្រមាណជាង ៦ពាន់កន្លែង និងព័ត៌មានស្តីពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលាស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋបាលស្រុកព្រះនេត្រព្រះ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ វិស័យឯកជន សមាគមមិត្តយើងអ្នកផ្តល់ការអប់រំបណ្តុះបណ្តាលនិងដៃគូពាក់ព័ន្ធផ្សេងទៀតដែលមានអ្នកចូលរួមប្រមាណជាង ១ពាន់នាក់។ 

នៅក្នុងពិព័រណ៍ដ៏សំខាន់នេះ មានសហគ្រាសក្រុមហ៊ុន រោងចក្រចំនួន ១៨ បានចូលរួមសម្ភាសនិងជ្រើសរើសបុគ្គលិកភ្លាមៗដោយផ្ទាល់ និងមានតម្រូវការកម្លាំងពលកម្មប្រមាណ ៦ពាន់នាក់។ ជាមួយគ្នានេះបងប្អូនអតីតពលករនិងអ្នកចូលរួមទាំងអស់ បានទទួលការដឹកជញ្ជូន អាហារ ភេសជ្ជៈ និងកាហ្វេ ព្រមទាំងទទួលបានការកាត់សក់ពីអ្នកជំនាញដោយឥតគិតថ្លៃថែមទៀតផង។ ឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងថា ការរៀបចំពិព័រណ៍ការងារនៅថ្ងៃនេះ គឺបាននាំយកសហគ្រាស ក្រុមហ៊ុន រោងចក្រ មកដល់មូលដ្ឋានរបស់បងប្អូនអតីតពលករ ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងស្រុកព្រះនេត្រព្រះ ដើម្បីកុំឱ្យបងប្អូនពិបាក បើទោះបីជាសម្ភាសការងារជាប់ឬមិនជាប់ ក៏បងប្អូនមិនចាំបាច់ចំណាយថ្លៃធ្វើដំណើរទៅរាជធានីភ្នំពេញ ឬក៏ទៅខេត្តផ្សេងៗនោះឡើយ។ 

ឯកឧត្ដមរដ្ឋមន្ត្រី លើកឡើងថាការទៅធ្វើការងារនៅក្រៅប្រទេសមិនមែនជារឿងអាក្រក់នោះទេ តែបងប្អូនក៏ត្រូវជ្រើសរើសដែរ ថាតើយើងគួរទៅប្រទេសណាមានប្រាក់ឈ្នួលខ្ពស់ ២ទៅ៣ដង ជាងនៅក្នុងស្រុកយើងព្រោះថា អាចទទួលបានប្រាក់ខែច្រើន និងត្រឡប់មកវិញក៏មានជំនាញថែមទៀត។  ឯកឧត្ដមរដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រាក់ឈ្នួលដែលបងប្អូននឹងចុះឈ្មោះនៅតាមសហគ្រាសក្រុមហ៊ុន រោងចក្រដែលក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនាំយកមកដល់ទីនេះអាចទាបជាងប្រទេសថៃបន្តិចប៉ុន្តែអ្វីដែលបងប្អូនមានខុសពីការធ្វើការងារនៅប្រទេសថៃនោះ គឺនៅពេលបងប្អូនមានគ្រោះថ្នាក់ការងារ ប.ស.ស. ជួយព្យាបាលហើយនៅពេលបងប្អូនគ្រោះថ្នាក់ការងារចៃដន្យធ្លាក់ខ្លួនពិការមិនអាចធ្វើការងារបានក៏ ប.ស.ស. នឹងចិញ្ចឹមបងប្អូនពេញមួយជីវិតនិងកូនចៅរបស់បងប្អូនដែលនៅក្នុងបន្ទុកក៏ ប.ស.ស. នឹងចិញ្ចឹមរហូតដល់ពួកគេអាយុ ១៨ឆ្នាំ។ ឯកឧត្ដមរដ្ឋមន្ត្រី បានបន្តលើកឡើងអំពីអត្ថប្រយោជន៍ដែលបងប្អូនធ្វើការក្នុងស្រុកដូចជា មានបណ្ណ ប.ស.ស. ដោយអាចទៅព្យាបាលជំងឺដោយឥតគិតថ្លៃមានប្រាក់សោធនពេលធ្វើការដល់អាយុ ៦០ឆ្នាំ រស់នៅជួបជុំក្រុមគ្រួសារពិសេសផ្ដល់ភាពកក់ក្ដៅដល់កូនៗ អាចចូលរួមកម្មវិធីបុណ្យទាននានាបានច្រើននិងអាចដើរទៅណាក៏បានដោយសេរី។

 

 

ប្រភព៖ ក្រសួងព័ត៌មាន