ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខនិងត្រួតពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ០៥ នៃអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយថ្ងៃទី ១០ ខែ តុលា ឆ្នាំ២០២៥ ។

ឧត្តមសេនីយ៍ទោ ហេង សុផល បានពាំនូវប្រសាសន៍ផ្ដាំផ្ញើសំណាក់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងលោក នួន ផារ័ត្ន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជូនចំពោះបងប្អូនកងកម្លាំងប៉ុស្តិ៍នគបាលរដ្ឋបាលដែលកំពុងបំពេញភារកិច្ចយ៉ាងសស្រាក់សស្រាំតាមបណ្ដាគោលដៅអង្គភាពរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់សំដៅបង្ការទប់ស្កាត់បង្ក្រាបបទល្មើសគ្រប់ប្រភេទនិងបម្រើសេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ។

លោកបានរួមអបអរសាទរនិងកោតសរសើរដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលដែលមានការកែលម្អអង្គភាពឱ្យទទួលបានភាពស្រស់បំព្រងនិងរៀបចំកន្លែងស្នាក់នៅប្រចាំការ ផ្ទះបាយបានល្អប្រសើរដែលជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំនិងមន្ត្រីក្រោមឱវាទបានចូលរួមក្នុងការកសាងអភិវឌ្ឍរីកចម្រើនគួរជាទីមោទនៈ ។

បន្ថែមលើប្រសាសន៍ សំណេះសំណាលលោកឧត្តមសេនីយ៍ទោ ស្នងការបានដាក់គោលការណ៍០៨ចំណុច ដល់កងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអនុវត្តឱ្យទទួលបានប្រសិទ្ធភាពខ្ពស់÷

ទី១-ពង្រឹងវិន័យលេខ ៨៧៣ របស់កងកម្លាំងនគរបាលជាតិ ។

ទី២-ពង្រឹងការគ្រប់គ្រងដឹកនាំបញ្ជា ។

ទី៣-រៀបចំផែនការសកម្មភាពសម្រាប់អនុវត្តតួនាទីភារកិច្ចជាប្រចាំថ្ងៃការផ្លាស់ប្តូរវេនប្រចាំការនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរង់ចាំផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋនិងទ្រោលសភាពការណ៍សន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់សង្គមព្រមទាំងចុះល្បាតត្រួតពិនិត្យភូមិសាស្ត្រដោយសហការជាមួយកម្លាំងប្រជាការពារ

ទី៤-ពង្រឹងការគ្រប់គ្រងមនុស្ស ចំណូល-ចំណាកស្រុកជាពិសេសប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃ ។

ទី៥-បន្តការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដើម្បីបង្កើនការយល់ដឹងនិងមានការប្រុងប្រយ័ត្នកុំឱ្យធ្លាក់ក្នុងឧបាយកលជនឆ្លៀតឱកាសមួយចំនួនដែលមានចេតនាទុច្ចរិតផ្តល់កម្ចីប្រាក់ខុសច្បាប់ដោយមានអត្រាការប្រាក់ខ្ពស់ ។

ទី៦-បង្កើនការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ប៉ុស្តិ៍នគរបាលរដ្ឋបាលសហការ ជាមួយអាជ្ញាធរមូលដ្ឋានឃុំ.សង្កាត់.មេភូមិ បានចុះផ្សព្វផ្សាយធ្វើវេទិការសាធារណៈនិងបានជ្រើសរើសចងក្រងជាក្រុមប្រជាការពារហើយបានដឹកនាំពួកគាត់ធ្វើសកម្មភាពការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានជាប្រចាំ។

ទី៧-បង្កើនការងារសាមគ្គីភាពនិងកិច្ចសហការល្អជាមួយមហាជនគ្រប់ស្រទាប់វណ្ណ: ។

ទី៨-ការអនុវត្តលើការងារនគរបាលនិងសហគមន៍ត្រូវទំនាក់ទំនងយ៉ាងជិតស្និទ្ធក្នុងការចុះជួបអ្នកពាក់ព័ន្ធមានមេឃុំ ក្រុមប្រឹក្សាឃុំ សង្កាត់ មេភូមិនិងប្រជាពលរដ្ឋរៀងរាល់ខែដោយធ្វើផែនការចុះផ្សព្វផ្សាយខ្លឹមសារនៅតាមគោលដៅដែលបានកំណត់ ។

គួរបញ្ជាក់ថាក្នុងពិធីចុះពិនិត្យប៉ុស្ត៏ ចំនួន០៥ក្នុងស្រុកកំពង់ស្វាយ មាន៖ ១- ប៉ុស្តិ៍នគរបាលរដ្ឋបាលក្ដីដូង២-ប៉ុស្តិ៍នគរបាលរដ្ឋបាលសានគរ ៣-ប៉ុស្តិ៍នគរបាលរដ្ឋបាលត្បែង ៤-ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងឬស្សី ៥-ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃគុយ។

 

 

 

ប្រភព៖ ក្រសួងព័ត៌មាន