ម្លូជារុក្ខជាតិវល្លិ៍មានស្លឹកពណ៌បៃតងភ្លឺ ដែលដុះលូតលាស់ឡើងតាមរបង ឬឡើងជន្លង់ ហើយជន្លង់មាន៣ប្រភេទ រួមមាន៖ ជន្លង់ដើមរលួស ជន្លង់ក្រាក់ និងជន្លង់បង្កោលថ្ម វាអាចវាតោងឡើងបាននូវជន្លង់ ទាំងចំនួន៣ប្រភេទនេះ ។ ជន្លង់ដែលល្អបំផុត គឺជន្លង់ដើមរលួស ព្រោះរលួសជារុក្ខជាតិ ដែលមានធាតុត្រជាក់ ហើយម្លូត្រូវការធាតុត្រជាក់ និងទឹកជាប្រចាំ ។​ វាត្រូវបានដាំយ៉ាងទូលំទូលាយនៅតាមសួនផ្ទះ និងវត្តនៅក្នុងប្រទេសកម្ពុជា ដែលមានតួនាទីសំខាន់ក្នុងវប្បធម៌ខ្មែរ។ជាពិសេសសម្រាប់អ្នកដែលមានវ័យចាស់ វាត្រូវបានគេញុំាជាគ្រឿងផ្សំជាមួយនឹងកំបោរ ស្លាជាដើម ទំពាបំបាត់ក្លិនមាត់ មិនឲ្យធំក្លិនអាក្រក់ ។ 

ម្លូ គឺជាប្រភេទរុក្ខជាតិមួយបែបដ៏មានសារសំខាន់ ដែលយើងឃើញមានប្រើជាចាំបាច់នៅក្នុងពិធីសាសនាផ្សេងៗក្នុងសង្គមខ្មែរយើង។ មិនតែប៉ុណ្ណោះ ម្លូ គឺជារុក្ខជាតិដែលគេប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយមានចាស់ៗ និងប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត ឬតំបន់ដាច់ស្រយាលមួយចំនួនបានយកវាមកបៀកជាមួយកំបោរ ហើយទំពារជាមួយស្លាទុំ ឬដែលយើងចំណាំនិយាយ “ទំពារស្លាម្លូ” ដែលធ្វើឱ្យធ្មេញខ្មៅខុសពីប្រក្រតី។ ការធ្វើឱ្យធ្មេញខ្មៅ និងទឹកមាត់ក្រហមច្រាលនេះហើយដែលធ្វើឱ្យមនុស្សមួយចំនួនមិននិយមចូលចិត្តវា។ ប៉ុន្តែ បើដឹងពីកំពូលអត្ថប្រយោជន៍របស់វា លោកអ្នកនឹងលែងឆ្ងល់ពីរឿងចាស់ៗចូលចិត្តហូបម្លូនោះហើយ។

ស្លឹក​ម្លូមានអត្ថប្រយោជន៍ជាច្រើនដូចជា ថ្នាំជួយបំបាត់ការឈឺចាប់ដ៏ល្អបំផុតដែលបណ្តាលមកពីជាំ កណ្តួល​ ឈឺសន្លាក់ជាដើម ទំពារស្លឹកម្លូ និងលេបទឹករបស់វាអាចជួយបំបាត់ការឈឺចាប់ពីខាងក្នុង ការស្អំស្លឹកម្លូនៅលើដំបៅក៏ជួយឲ្យរបួសឆាប់ជាផងដែរ។ ជួយសម្រួលដល់ការទល់លាមក កាត់បន្ថយបញ្ហាផ្លូវដង្ហើម​ អាចយល់ទៅធ្វើជាថ្នាំសម្លាប់មេរោគ និងប្រឆាំងនឹងរោគផ្សិត ការទំពារស្លឹកម្លូ នឹងអាចសម្លាប់មេរោគដែលមានក្នុងមាត់ សម្អាតមាត់ បង្ការជំងឺពុកធ្មេញ និងពង្រឹងដល់សុខភាពអញ្ចាញធ្មេញថែមទៀត មានសក្តានុពលក្នុងការបន្ថយកម្រិតជាតិស្ករក្នុងឈាមចំពោះអ្នកជំងឺទឹកនោមផ្អែមប្រភេទទី ២ ដែលទើបនឹងឈឺថ្មីៗ។ ពិសេសជាងនេះទៅទៀត ស្លឹកម្លូ ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ជា​ឱសថ​ធម្មជាតិ​ជំរុញ​មុខងារ​ប្រព័ន្ធ​ប្រសាទ​កណ្តាល ជួយប្រយុទ្ធប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត។

ជាមួយគ្នានេះដែរគុណប្រយោជន៍នៃស្លឹកម្លូ សម្រាប់ក្នុងពិធីមង្គលការ គឺគេត្រូវរៀបចំជា ម្លូព័ន្ធ ស្លាព័ន្ធ ម្លូប្រសព្វមុខ ពិធីបង្វិលពពិល មូរម្លូតាមបែបមាត់ចាប និង តាមបែបមាត់ខ្ចៅ ដាក់លើជើងពានសម្រាប់សែនដូនតា រៀបព្រះពិស្នុការ (សម្រាប់ដង្វាយគ្រូ) រៀបជាស្លាដក់ និង ស្លាកន្សែង សម្រាប់ពិធីលើកស្លា (ហែរជំនូន) ទាំងនេះគឺជាគុណប្រយោជន៍របស់ស្លឹកម្លូដែលចាំបាច់ដោយខ្វះមិនបាន។

អត្ថបទ៖ កណ្ណិការ