ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីបានលើកឡើងនិងសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះឧត្តមគតិនិងទឹកចិត្តលះបង់របស់ថ្នាក់ដឹកនាំ ក៏ដូចជាលោកគ្រូអ្នកគ្រូពេទ្យនៅទូទាំងប្រទេស ក្រោមស្មារតី “ទុក្ខព្រួយរបស់អ្នកជំងឺជាទុក្ខព្រួយរបស់គ្រូពេទ្យ”។

ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថាឃ្លានេះដែលឯកឧត្តមបានស្តាប់និងស្វែងយល់ដោយផ្ទាល់ពីប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុងគឺពិតជាឆ្លុះបញ្ចាំងទៅលើទឹកចិត្តនិងការបំពេញវិជ្ជាជីវៈរបស់ថ្នាក់ដឹកនាំនិងបុគ្គលិកសុខាភិបាលនៅតាមមណ្ឌលសុខភាពនិងមន្ទីរពេទ្យបង្អែកនានានៅទូទាំងប្រទេស។

ឯកឧត្តមបានបន្តថាការខិតខំប្រឹងប្រែងការលះបង់និងការអភិវឌ្ឍន៍សមត្ថភាពជាប្រចាំក្នុងការធ្វើឲ្យអង្គភាពរបស់ពួកគាត់នីមួយៗអាចផ្តល់សេវាជូនដល់ប្រជាជននៅមូលដ្ឋានរបស់ខ្លួនឲ្យកាន់តែប្រសើរលឿនពេញចិត្តនិងជឿទុកចិត្តបានគឺបានបញ្ជាក់យ៉ាងច្បាស់អំពីភាពស្មោះស្ម័គ្រនិងការបំពេញវិជ្ជាជីវៈដែលហួសពីការចាត់តាំង។ “ទាំងនេះបញ្ជាក់ទៅលើភាពស្មោះស្ម័គ្រការបំពេញវិជ្ជាជីវៈដែលទៅផុតពីការចាត់តាំងឬនិយាយមួយបែបគឺយកបេះដូងក្តីស្រឡាញ់សម្រាប់បម្រើប្រជាជនរបស់ពួកគាត់។”

ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវការគោរពនិងថ្លែងអំណរគុណយ៉ាងស្មោះអស់ពីចិត្តចំពោះលោកគ្រូអ្នកគ្រូពេទ្យដែលជាមន្ត្រីសុខាភិបាលក៏ដូចជាក្រសួងស្ថាប័ន និងកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលកំពុងបំពេញភារកិច្ចបម្រើជាតិនិងប្រជាជនក្រោមស្មារតីយកចិត្តទុកដាក់ខ្ពស់បំផុត។

 

 

ប្រភព៖ ក្រសួងព័ត៌មាន