ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានអញ្ជើញឡើងថ្លែងបទអន្តរាគមន៍ក្រោមមូលបទ«ការលើកកម្ពស់បទដ្ឋានមនុស្សធម៌ និងការគាំទ្រសកម្មភាពមនុស្សធម៌ក្នុងពេលមានវិបត្តិ» ក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតលើកទី១៥១ នៃសហភាពអន្តរសភា(IPU) នាទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ។

ឆ្លៀតនាឱកាសនោះឯកឧត្តម អ៊ុច បូររិទ្ធ បានអំពាវនាវឱ្យមានការគោរពបទដ្ឋានមនុស្សធម៌សកល ដោយបញ្ជាក់ថា "រង្វាស់ពិតប្រាកដនៃប្រជាជាតិមួយ... គឺស្ថិតនៅលើការគោរពអនុសញ្ញាទីក្រុងហ្សឺណែវ និងសេចក្តីថ្លៃថ្នូររបស់មនុស្សខណៈដែលកំពុងរងការរំលោភបំពាន"។

ឯកឧត្តមអនុប្រធានទី១ បានគូសបញ្ជាក់ថាកម្ពុជាជាប្រជាជាតិដែល "បានរងទុក្ខវេទនាយ៉ាងខ្លាំងកាលពីអតីតកាល" ហើយ "ស្រឡាញ់និងការពារសុខសន្តិភាព" ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិ ។ កម្ពុជា "គ្មានបំណងចង់មានទំនាស់ជាមួយប្រទេសណាមួយឡើយ ជាពិសេសថៃ" ប៉ុន្តែ "ដើម្បីការពិត យើងខ្ញុំមានភាពចាំបាច់ត្រូវធ្វើការឆ្លើយតប" ។

ឯកឧត្តមអនុប្រធានទី១ បានបញ្ជាក់យ៉ាងច្បាស់ថាព្រំដែនរវាងប្រទេសទាំងពីរ "មិនមែនមិនទាន់បានកំណត់នោះទេ" តែមានមូលដ្ឋានក្នុង "លិខិតុបករណ៍អន្តរជាតិដែលចងកាតព្វកិច្ចអនុវត្ត" រួមទាំងអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤, សន្ធិសញ្ញា ឆ្នាំ១៩០៧ និងផែនទីឧបសម្ព័ន្ធដែលត្រូវបានបញ្ជាក់អះអាងឡើងវិញដោយសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ។ 

ឯកឧត្តមបានសង្កត់ធ្ងន់ថាជម្លោះកើតឡើង "កើតចេញពីការមិនគោរពលិខិតុបករណ៍ច្បាប់ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិទាំងនេះ" ។

ឯកឧត្តមបានសម្តែងក្តីព្រួយបារម្ភ ខណៈសន្តិភាពនៅតាមបណ្តោយព្រំដែននៅតែ "មានភាពផុយស្រួយ" ប្រជាពលរដ្ឋកម្ពុជានៅតែប្រឈមមុខនឹងការជម្លៀសចេញពីទីលំនៅការហ៊ុមព័ទ្ធនិងការគំរាមកំហែងបណ្តេញចេញហើយទាហានកម្ពុជា ១៨ នាក់ នៅតែបន្តឃុំខ្លួនដោយខុសច្បាប់ដែលរំលោភលើអនុសញ្ញាទីក្រុងហ្សឺណែវទី៣ ។ ឯកឧត្តមបានលើកឡើងអំពី "ការបំភិតបំភ័យផ្លូវចិត្ត" ដូចជា "ការចាក់បន្លឺសំឡេងខ្មោច និងសំឡេងស្រែកត្រហូរយំនៅពេលយប់" ថាជា "ការវាយប្រហារលើសេចក្តីថ្លៃថ្នូររបស់មនុស្ស" ដែលរំលោភលើអនុសញ្ញាទីក្រុងហ្សឺណែវទី៤ ។

ក្នុងការឆ្លើយតបទៅនឹងការចោទប្រកាន់នានា ឯកឧត្តម អនុប្រធានទី១ បានច្រានចោលការអះអាងអំពីការធ្វើយោធូបនីយកម្មតំបន់បេតិកភណ្ឌពិភពលោកថាគ្មានមូលដ្ឋានទាល់តែសោះដោយបញ្ជាក់ថាកម្ពុជាការពារប្រាសាទព្រះវិហារមិនមែនតាមរយៈការប្រើអាវុធនោះទេប៉ុន្តែតាមរយៈភាពជាបេតិកភណ្ឌច្បាប់និងការអត់ធ្មត់ ប្រាសាទមិនមែនគ្រាន់តែជាកេរ៍តំណែលពីអតីតកាលប៉ុណ្ណោះទេតែវាបង្កប់នូវការចងចាំ អត្តសញ្ញាណនិងដួងព្រលឹងនៃប្រជាជាតិ។ ការធ្វើឱ្យប៉ះពាល់ដល់បេតិកភណ្ឌទាំងនេះ គឺធ្វើឱ្យរបួសដល់មនុស្សជាតិទាំងមូល។

ឯកឧត្តមបានបន្ថែមថាឥរិយាបថរបស់យើងត្រូវបានដឹកនាំដោយគោលការណ៍មិនមែនដោយការឃោសនាឡើយ។ យើងដឹកនាំដោយច្បាប់មិនមែនដោយមហិច្ឆតា នោះទេ។ ឯកឧត្តមក៏បានហៅការចោទប្រកាន់ពីការដាក់គ្រាប់មីនថ្មីថាទាំងគ្មានមូលដ្ឋាននិងទាំងមិនអាចកើតឡើងដោយគូសបញ្ជាក់ពីកំណត់ត្រារបស់កម្ពុជាដែលបានបំផ្លាញគ្រាប់មីនជាងបីលានគ្រាប់និងជាអ្នកតស៊ូមតិនាំមុខគេក្នុងការដោះមីន ក្រោមអនុសញ្ញាអូតាវ៉ា

ឯកឧត្តមអនុប្រធានទី១ បានអះអាងនូវជំហរឥតងាករេរបស់កម្ពុជាដែលជឿជាក់ថាជម្លោះត្រូវតែដោះស្រាយដោយសន្តិវិធីតាមរយៈការសន្ទនាការទូតនិងការគោរពច្បាប់អន្តរជាតិ ។ 

ឯកឧត្តមបានបញ្ចប់ដោយសារយ៉ាងច្បាស់លាស់ថា បទដ្ឋានមនុស្សធម៌មិនអាចចរចាបានទេ សកម្មភាពមនុស្សធម៌មិនត្រូវរងការរារាំងជាដាច់ខាតហើយការពិតត្រូវតែឈ្នះលើព័ត៌មានមិនពិត។

ប្រភព៖ ក្រសួងព័ត៌មាន