ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានអះអាងថាកម្ពុជាជាប្រទេសដែលបំពុលឧស្ម័នលើផែនដីតិចបំផុតដោយសារកម្ពុជាគ្មានឧស្សាហកម្មរោងចក្រធន់ធ្ងន់ ។ ថ្លែងសន្ទរកថាគន្លឹះ បើកកិច្ចប្រជុំទី៣ ពីដំណើរបម្លាស់ប្តូរការប្រើប្រាស់ថាមពលរបស់ប្រទេសកម្ពុជា ឆ្ពោះទៅកាន់អនាគតដែលគ្មានកាបូនដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលបៃតង និងចីរភាពសកលឆ្នាំ២០២៥ ក្រោមប្រធានបទ «ការកសាងអនាគតនិងការស្ថាបនាពិភពលោកប្រកបដោយចីរភាព» ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលបានអះអាងថានៅកម្ពុជាមានខ្យល់លើបរិយាកាសល្អមិនជាប់ស្តង់ដារកម្រិតប្រកាសអាសន្ននោះទេ។ បន្ថែមពីនេះរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីបានកសាងមូលដ្ឋានថាមពលបៃតងជាគ្រឹះហើយនឹងកំពុងពង្រីកដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នីតិកាលទី៧ ដោយបានដាក់គោលដៅទៅរកការផលិតថាមពលមួយដែលមានភាពបៃតងកាន់តែច្រើនឡើង។

បើតាមឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះនៅកម្ពុជាបើនិយាយពីអានុភាពតម្លើងថាមពល នៅក្នុងបណ្តាញជាតិ ថាមពលរបស់យើង គឺមាន៦២ភាគរយជាថាមពលស្អាត។ មានន័យថា ថាមពលអគ្គិសនីថាមពលជីវម៉ាស់និងថាមពលពន្លឺព្រះអាទិត្យដែលកំពុងចូលរួមបង្កើតឱ្យមានអត្រាខ្ពស់គឺរហូតដល់៦២ភាគរយនៃបណ្តាញជាតិ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានបន្ថែមថាចំពោះការប្រើប្រាស់ថាមពលស្អាត ៦២ភាគរយ នៅក្នុងបណ្តាញជាតិរបស់កម្ពុជាបើប្រៀបធៀបក្នុងផែនការរបស់អាស៊ាន គឺកម្ពុជាបានលើសពីផែនការរបស់អាស៊ាន ៣០ភាគរយរួចទៅហើយ។ ខណៈកិច្ចប្រជុំរដ្ឋមន្ត្រីថាមពល អាស៊ាននៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ថ្មីៗនេះគឺរដ្ឋមន្ត្រីបណ្តាសមាជិកអាស៊ានទាំងអស់ បានដាក់គោលការណ៍ថា «ត្រូវនាំអាស៊ាន ឱ្យបានទៅដល់ប្រហាក់ប្រហែល ៤០ភាគរយ នៃថាមពលស្អាតនៅក្នុងឆ្នាំ២០៣០ និងឆ្នាំ២០៣៥»។ ត្រង់ចំណុចនេះ ត្រូវបានឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលបានគូសបញ្ជាក់ថាផែនការនេះត្រូវបានកម្ពុជាបានដើរឆ្លងកាត់រួចទៅហើយព្រោះការបញ្ចូលថាមពលស្អាតក្នុងបណ្តាញជាតិរបស់កម្ពុជា មានដល់៦២ភាគរយឯណោះ។ ចំពោះការប្រើប្រាស់ថាមពលស្អាតនេះមហិច្ចតារបស់រាជរដ្ឋាភិបាលនឹងពង្រីករហូតទៅដល់ ៧០ភាគរយ នៅត្រឹមឆ្នាំ២០២៣០ ដើម្បីចូលរួមចំណែកក្នុងពិភពលោកមួយដែលមានចីរភាពជាពិសេសដើម្បីអនាគតរបស់ខ្លួនកម្ពុជាខ្លួនឯងតែម្តង។

ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានថ្លែងថារាជរដ្ឋាភិបាល មានបំណងយកថាមពលបៃតងនេះដើម្បីទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀត។ ព្រោះឧស្សាហកម្មថ្មីៗ អ្នកវិនិតយោគិនចង់បានជាខ្លាំងលើថាមពលបៃតងភ្ញៀវទេសចរចង់បានថាមពលបៃតងប្រជាជនចង់បានថាមពលបៃតងដែលជាឱកាសឈានទៅបង្កើតការងារថ្មីៗជូនដល់យុវជនផងដែរ។

 

 

ប្រភព៖ ក្រសួងព័ត៌មាន