
នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិង ឯកឧត្តម Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលីបានជួបពិភាក្សាការងារទ្វេភាគីក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥។
ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជានិងអូស្ត្រាលី បន្ទាប់ពីជំនួបទ្វេភាគីរវាងសម្ដេចបវរធិបតីនិងឯកឧត្តម Anthony Albanese កាលពីខែមីនា ឆ្នាំ២០២៤ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ សម្ដេចបវរធិបតីបានគូសបញ្ជាក់ថាទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងដល់ជិត៦០០លានដុល្លារក្នុងឆ្នាំ២០២៤ និងបានអរគុណអូស្ត្រាលីដែលបានបង្កើនចំនួនអាហារូបករណ៍សម្រាប់និស្សិតកម្ពុជាតាមសំណើរបស់សម្តេចបវរធិបតីពី ៥០កន្លែង ឡើងដល់ ៦២កន្លែងសម្រាប់ឆ្នាំ២០២៥។ សម្ដេចបវរធិបតីក៏បានកត់សម្គាល់វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិនិងសន្តិសុខដោយនាវាចម្បាំង HMAS Ballarat របស់កងទ័ពជើងទឹកអូស្ត្រាលីបានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនិងបានធ្វើទស្សនកិច្ចនៅមូលដ្ឋានសមុទ្ររាម នាថ្ងៃទី១០-១៥ ខែតុលា ឆ្នាំ២០២៥កន្លងទៅ។
ជាការឆ្លើយតប, ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី បានឯកភាពចំពោះការវាយតម្លៃរបស់សម្ដេចបវរធិបតីចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅក្នុងវិស័យពាណិជ្ជកម្មនិងសេដ្ឋកិច្ច,សន្តិសុខនិងការពារជាតិព្រមទាំងការផ្លាស់ប្ដូរប្រជាជននិងប្រជាជន។ ជាមួយគ្នានេះ, ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលីបានរំលឹកអំពីដំណើរទស្សនកិច្ចរបស់រូបឯកឧត្តមនៅកម្ពុជាចំនួន ៣លើកកន្លងមកនិងបានកត់សម្គាល់អំពីសក្កានុពលរបស់កម្ពុជាក្នុងវិស័យទេសចរណ៍ផងដែរ។ ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលីក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មសាយប័រនិងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលីបានចាត់ទុកបញ្ហាទាំងនេះជាបញ្ហាប្រឈមរបស់ប្រទេសទាំងអស់។ ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលីក៏បានស្វាគមន៍ការវិវត្តជាវិជ្ជមានចំពោះដំណោះស្រាយនៃជម្លោះព្រំដែនរវាងប្រទេសកម្ពុជានិងថៃនិងបានវាយតម្លៃខ្ពស់អំពីភាពជាអ្នកដឹកនាំរបស់សម្ដេចបវរធិបតីក្នុងដំណើរការរកដំណោះស្រាយនេះ។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលីថែមទៀត៕
ប្រភព៖ ក្រសួងព័ត៌មាន