សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនងកម្ពុជា និងវៀតណាម ដែលមាននាពេលកន្លងមក និងពេលបច្ចុប្បន្ន ដែលប្រទេសទាំងពីរបានបង្ហាញនូវជំហរទំនាក់ទំនងដ៏រឹងមាំ ទាំងក្របខ័ណ្ឌនីតិប្បញ្ញត្តិ ក្របខ័ណ្ឌនីតិប្រតិបត្តិ និងក្របខ័ណ្ឌគណបក្ស និងគណបក្ស ដែលមានការរីកចម្រើនជាបន្តបន្ទាប់។ នេះបើយោងតាការឱ្យដឹងរបស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីជំនួបពិភាក្សាការងារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយ ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានរដ្ឋសភា ទីក្រុងហាណូយ នារសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងខណៈដែលសម្ដេចតេជោ និងគណៈប្រតិភូកម្ពុជា បានអញ្ជើញមកបំពេញទស្សនកិច្ច និងចូលរួមខួប៨០ឆ្នាំនៃបដិវត្តន៍ខែសីហា និងអបអរសាទរទិវាឯករាជ្យជាតិវៀតណាម។

សម្ដេចតេជោ ក៏បានគូសរំលេចអំពីភាពរីកចម្រើននៅក្នុងវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលសម្រេចបានគោលដៅ១០ពាន់លានដុល្លារក្នុងមួយឆ្នាំ នៃការនាំទំនិញពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ហើយកំពុងជំរុញសម្រេចគោលដៅឲ្យបាន២០ពាន់លានដុល្លារ ក្នុងពេលខាងមុខ។ សម្ដេចតេជោ ក៏បានអរគុណចំពោះវៀតណាមផងដែរ ដែលបានផ្ដល់អាហារូបករណ៍គ្រប់វិស័យជាបន្តបន្ទាប់ទាំងក្នុងវិស័យសេដ្ឋកិច្ច វិស័យយោធា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជាផងដែរ។ សម្ដេចបានបង្ហាញនូវការពេញចិត្ត និងកោតសរសើរផងដែរចំពោះភាពរីកចម្រើនរបស់ប្រទេសវៀតណាមនាពេលបច្ចុប្បន្ន។ 

ជាមួយគ្នានេះ ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម បានអរគុណចំពោះសម្ដេចតេជោដែលបានមានប្រសាសន៍លើកឡើងត្រង់ទៅ ត្រង់មក។ ឯកឧត្តមក៏បានសរសើរចំពោះភាពរីកចម្រើនរបស់កម្ពុជា ដោយឯកឧត្តមបានកត់សម្គាល់ឃើញថាកាលពីឆ្នាំ២០២៤ ឯកឧត្តមបានឃើញពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើន ដែលកន្លងមក កម្ពុជាបានឆ្លងកាត់និងការលំបាកជាបន្តបន្ទាប់ តែពេលនេះកម្ពុជាបានផ្លាស់ប្ដូរ ជាពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕
 

ប្រភព៖ក្រសួងសារព័ត៌មាន