

ក្នុងសន្នីទសារព័ត៌មាន នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងបន្ថែមថា ប្រជាពលរដ្ឋខ្មែរក៏បានរួមសាមគ្គីគ្នាការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដីរបស់ខ្លួនដោយភាពថ្លៃថ្នូរ អហិង្សា និងការអត់ធ្មត់ខ្ពស់ ស័ក្ដិសមជាប្រជាពលរដ្ឋនៃប្រទេសដែលមានអារ្យធម៌ខ្ពង់ខ្ពស់ មានវប្បធម៌ដ៏ចំណាស់ និងមានសីលធម៌ល្អ។
ឯកឧត្តមអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្តថា ប្រជាពលរដ្ឋទាំងអស់សាកអង្គុយស្រមៃបន្តិចថា ប្រសិនបើគ្មានកិច្ចព្រមព្រៀងឈប់បាញ់កើតឡើង ឬមានហើយប៉ុន្តែ វាខូចខាតទៅវិញ ហើយការប្រយុទ្ធគ្នានៅតែបន្តរហូតមកទល់នឹងសព្វថ្ងៃ តើសោកនាដកម្មមានទំហំធំធេងប៉ុណ្ណាសម្រាប់ប្រទេសជាតិ និងប្រជាជនទាំងសងខាង។
ដូច្នេះការផ្ដល់ទំនុកចិត្តលើរាជរដ្ឋាភិបាល លើថ្នាក់ដឹកនាំ ដែលបងប្អូនប្រជាពលរដ្ឋយើងទាំងក្នុងនិងក្រៅប្រទេសបាននិងកំពុងធ្វើពេលនេះ គឺជារឿងមួយដ៏ត្រឹមត្រូវបំផុត ពីព្រោះថ្នាក់ដឹកនាំរបស់យើងនៅពេលនេះធ្វើការសម្រេចចិត្តលើរឿងអ្វីមួយក៏ដោយគឺប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ដើម្បីការពារផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ៕