គណៈប្រតិភូសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ ឯកឧត្តម KIM, SEOK-KI តំណាងរាស្ត្រទទួលបន្ទុកកិច្ចការបរទេស និងបង្រួបបង្រួមជាតិនៃសាធារណរដ្ឋកូរ៉េ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់សមត្ថកិច្ចកម្ពុជា និងភាគីពាក់ព័ន្ធក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា។ ការវាយតម្លៃបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលគណៈប្រតិភូកូរ៉េបានចុះត្រួតពិនិត្យទីតាំងអគារក្រុមហ៊ុនសុភមិត្ដ រ៉េស៊ីដេន ស្ថិតនៅភូមិត្រយឹងខ្ពស់ ឃុំលំពង់ ស្រុកបាទី ខេត្ដតាកែវ នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដែលជាទីតាំង សមត្ថកិច្ចជំនាញ និងអាជ្ញាធរកម្ពុជាធ្លាប់បានចុះប្រតិបត្តិការពិនិត្យ ដើម្បីបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក។

នាឱកាសនោះ គណៈប្រតិភូក៏បានលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលតាមរយៈការសហការក្នុងការស្រាវជ្រាវបន្តដើម្បីស្វែងរកបណ្តាញមេខ្លោងនៅពីក្រោយការឆបោកអនឡាញតាមរយៈការស្រាវជ្រាវលើសម្ភារៈនិងវត្ថុតាងនានាដែលសមត្ថកិច្ចរឹបអូសបានពីការប្រព្រឹត្តអំពើល្មើសនាពេលកន្លងមកពីទីតាំងខាងលើក្នុងនោះរួមមានកុំព្យូទ័រលើតុ ចំនួន២៧២គ្រឿង កុំព្យូទ័រយួរដៃ ចំនួន០៩គ្រឿង ម៉ូនីទ័រ ចំនួន៤៤គ្រឿង CPC ចំនួន៤៤គ្រឿង ទូរសព្ទដៃ ចំនួន១,៣០៥គ្រឿង និងIpad ចំនួន២គ្រឿង។ ជាមួយគ្នានោះដែរ គណៈប្រតិភូតំណាងរាស្ត្រកូរ៉េ បានកោតសរសើរដល់សមត្ថកិច្ចកម្ពុជាសម្រាប់ការបង្ក្រាបករណីឧក្រិដ្ឋកម្មឆបោកអនឡាញជាបន្តបន្ទាប់ដែលបានបង្ហាញឱ្យឃើញនូវឆន្ទៈខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាព្រមទាំងការអនុវត្តវិធានការទប់ស្កាត់បទល្មើស online scam យ៉ាងម៉ឺងម៉ាត់បំផុតក៏ដូចជាការបញ្ជូនជនជាតិកូរ៉េឲ្យ វិលត្រលប់ទៅប្រទេសបានលឿនផងដែរ។
ទន្ទឹមនេះដែរ គណៈប្រតិភូប្រទេសកូរ៉េ បានថ្លែងអំណរគុណដល់កម្លាំងសមត្ថកិច្ចនិងបានស្នើសុំឱ្យបន្តប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋជននិងផ្តល់កិច្ចអន្តរាគមន៍ជួយសង្គ្រោះជនជាតិកូរ៉េ ដែលជាអ្នករងគ្រោះដោយការចាញ់បោកមេខ្លោងនៃឧក្រិដ្ឋកម្មឆបោកអនឡាញនេះផងដែរ។
ឯកឧត្តម KIM, SEOK-KI ក៏បានបញ្ជាក់ផងដែរថា នៅពេលដែលត្រឡប់ទៅប្រទេសវិញ ឯកឧត្តមនឹងយកលទ្ធផលខាងលើនេះដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋកូរ៉េឱ្យបានទូលំទូលាយនិងជំរុញនគរបាលនៃសាធារណរដ្ឋកូរ៉េ ឱ្យសហការជាមួយកម្លាំងសមត្ថកិច្ចរបស់កម្ពុជាក្នុងការបង្ការទប់ស្កាត់កុំឱ្យបទសល្មើសonline scam នេះកើតឡើងនិងបានសន្យាបន្តកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះឱ្យបានជោគជ័យ។

សូមរំលឹកជូនថាកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ គណៈប្រតិភូពីសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ ឯកឧត្តម KIM, SEOK-KI ដោយរួមដំណើរជាមួយកម្លាំងសមត្ថកិច្ចកម្ពុជាក៏បានចុះត្រួតពិនិត្យទីតាំងអគារសេះសដែលជាកន្លែងធ្លាប់មានការប្រព្រឹត្តបទល្មើស online scam កាលពីខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ ស្ថិតនៅផ្លូវបេតុង ភូមិព្រៃពពេលសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញហើយផ្អែកតាមរបាយការណ៍បង្រ្កាបក្នុងចំណោមជនសង្ស័យជាប់ពាក់ព័ន្ធនឹងការឆបោកអនឡាញមានជនជាតិកូរ៉េ ចំនួន ៥៧នាក់ (ស្រី្ត០២នាក់) និងជនជាតិចិន ចំនួន ២៩នាក់ (ស្រី្ត ០៣នាក់) និងមានជនជាតិខ្មែរមួយចំនួនផងដែរ ព្រមទាំងវត្ថុតាងមានកំព្យូទ័រនិងទូរសព្ទដៃជាច្រើនគ្រឿង។
ក្នុងក្របខណ្ឌនៃយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ២០២៥ បានដាក់ចេញនូវបទបញ្ជាចំនួន៩ចំណុចសំខាន់ៗ ក្នុងនោះសម្តេចធិបតី បានសង្កត់ធ្ងន់ថា «អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្តស្នងការនគរបាលរាជធានី ខេត្តមេបញ្ជាការបណ្តាអង្គភាពនិងក្រសួងស្ថាប័នដែលពាក់ព័ន្ធត្រូវអនុវត្តបទបញ្ជានេះឱ្យបានម៉ឺងម៉ាត់និងដោយការទទួលខុសត្រូវ ការមិនអនុវត្តតាមបទបញ្ជាឬមិនសហការអនុវត្តក្នុងរូបភាពណាមួយត្រូវជាកម្មវត្ថុនៃការវាយតម្លៃ ក្នុងការតែងតាំង ផ្លាស់ប្ដូរ ឬបញ្ចប់មុខតំណែង»។
សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះសមត្ថកិច្ចចម្រុះនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះដោយគ្មានការលើកលែងឡើយ។
ប្រភព៖ ក្រសួងព័ត៌មាន