ទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ ប្រទេសចិន នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់និងថ្លែងសុន្ទរកថាបើក សម្ពោធជាផ្លូវការ ព្រឹត្តិការណ៍ជំរុញទេសចរណ៍កម្ពុជាតាមរយៈការសម្តែងសិល្បៈដ៏អស្ចារ្យក្រោមប្រធានបទ "ពិធីបុណ្យកម្ពុជា"។ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងនៅសាលពិព័រណ៌អន្តរជាតិ ទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ។

ពិធីនេះប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយនិងស្និទ្ធស្នាលដោយមានការចូលរួមពីតំណាងជាន់ខ្ពស់របស់ខេត្តជាំងស៊ូ រួមមាន ឯកឧត្តម Li Chuan អគ្គនាយករងមន្ទីរវប្បធម៌និងទេសចរណ៍ខេត្តជាំងស៊ូ នឹង លោកស្រី Ji Jing អភិបាលរងក្រុងស៊ូចូវ។ក្រៅពីនេះ ក៏មានវត្តមានយ៉ាងច្រើនកុះករពីតំណាងក្រុមហ៊ុនទេសចរណ៍ធំៗ នៅក្នុងខេត្តជាំងស៊ូ និងខេត្តផ្សេងៗទៀតមកពីប្រទេសចិន អ្នកវិនិយោគិនចិន និងអន្តរជាតិ ព្រមទាំងភ្ញៀវកិត្តិយស និងសាធារណជន សរុបប្រមាណ ៣០០នាក់។
ថ្លែងក្នុងសុន្ទរកថាបើក ដ៏មានអត្ថន័យជ្រាលជ្រៅ ក្នុងគោលបំណងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាតាមរយៈការសម្តែងសិល្បៈ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងច្បាស់លាស់ជូនភ្ញៀវកិត្តិយស និងប្រជាជនចិនដែលអញ្ជើញចូលរួមទស្សនាអំពីសក្តានុពលទេសចរណ៍និងសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងប្លែកពីគេរបស់ព្រះរាជាណាចក្រកម្ពុជា កាលានុវត្តភាពវិនិយោគដ៏ទាក់ទាញដែលជាទីផ្សារទើបនឹងរះឡើងសម្រាប់វិស័យទេសចរណ៍និងវិស័យពាក់ព័ន្ធ។
យន្តការលើកទឹកចិត្តដ៏គួរឲ្យចាប់អារម្មណ៍របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ និងធានា ចំពោះសុវត្ថិភាពខ្ពស់ ដល់ភ្ញៀវទេសចរអន្តរជាតិពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ហើយបានអំពាវនាវយ៉ាងទទូច ដល់ប្រជាជនចិន និងអន្តរជាតិទាំងអស់ ឲ្យមកទស្សនានិងស្វែងយល់ពីកម្ពុជា ឲ្យបានកាន់តែច្រើនឡើង ដើម្បីរួមចំណែកដល់ការស្តារនិងអភិវឌ្ឍវិស័យទេសចរណ៍៕
ប្រភព៖ក្រសួងព័ត៌មាន