
ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ — ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍បានទទួលជួបតំណាងវិទ្យាស្ថាន BKI ដែលមានមូលដ្ឋាននៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលីដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជំនាញបច្ចេកទេសសម្រាប់ការអភិវឌ្ឍឧស្សាហកម្មយានយន្តមុននឹងវិទ្យាស្ថានសម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលឧត្តមភាពយានយន្តរបស់ខ្លួន។ វិទ្យាស្ថាន BKI ដែលជាស្ថាប័នជំនាញលើការអប់រំនិងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ឈានមុខមួយរបស់ប្រទេសអូស្ត្រាលីបានបង្ហាញពីគម្រោងមជ្ឈមណ្ឌលឧត្តមភាពយានយន្តរបស់ខ្លួននៅកម្ពុជាដោយសហការជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនិងដោយយកជាគំរូតាមមជ្ឈមណ្ឌលរបស់ខ្លួននៅប្រទេសឥណ្ឌានិងនៅទីក្រុងមែលប៊ន។
ឯកឧត្តម ហែម វណ្ណឌី បានជម្រាបជូនអំពីចក្ខុវិស័យរបស់ក្រសួងក្នុងការតម្រង់ទិសការបណ្តុះបណ្តាលជំនាញបច្ចេកទេសឱ្យស្របតាមតម្រូវការឧស្សាហកម្មរបស់កម្ពុជាដោយផ្តោតលើវិស័យអាទិភាពដូចជាការកែច្នៃអាហារយានយន្ត អេឡិចត្រូនិចនិងវិស័យថ្មីៗដូចជាបច្ចេកវិទ្យាជីវសាស្ត្រជាដើម។
ឯកឧត្តមបានលើកឡើងពីឥទ្ធិពលនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនិងសារៈសំខាន់នៃសាលា TVET ក្នុងការផ្តល់កម្មវិធីបណ្តុះបណ្តាលជំនាញឯកទេសសម្រាប់វិស័យជាក់លាក់ជាជាងតែកម្មវធីបណ្តុះបណ្តាលជំនាញទូទៅ។
ឯកឧត្តមរដ្ឋមន្ត្រីបានស្នើកិច្ចសហប្រតិបត្តិការមួយចំនួន រួមទាំងការប្រើប្រាស់មជ្ឈមណ្ឌលឧត្តមភាពយានយន្តជាគំរូសម្រាប់វិស័យយុទ្ធសាស្ត្រផ្សេងទៀតការសហការជាមួយមជ្ឈមណ្ឌលផលិតភាពជាតិកម្ពុជា ដើម្បីពង្រឹងការបណ្តុះបណ្តាលក្នុងឧស្សាហកម្មព្រមទាំងគាំទ្រដល់ការអភិវឌ្ឍជំនាញសម្រាប់សហគ្រាសធុនតូចនិងមធ្យមនិងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធជាង២០ម៉ឺននាក់ដែលបានចុះឈ្មោះហើយដែលនឹងទទួលបានប័ណ្ណឥណទានអភិវឌ្ឍជំនាញនាពេលខាងមុខ។
តំណាងវិទ្យាស្ថាន BKI បានបង្ហាញចំណាប់អារម្មណ៍គាំទ្រចំពោះសំណើនិងភាពជាដៃគូកាន់តែស៊ីជម្រៅនេះដោយបានលើកឡើងថាភាពជោគជ័យនៃមជ្ឈមណ្ឌលឧត្តមភាពយានយន្តនឹងត្រូវបានពង្រីកសម្រាប់ជាគំរូនាពេលអនាគត។ វិទ្យាស្ថានបានការគាំទ្រពីក្រសួងក្នុងការភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនផលិត និងសហគ្រាសធុនតូចនិងមធ្យមដើម្បីកាត់បន្ថយតម្រូវការនៃការនាំចូលកម្លាំងពលកម្មជំនាញពីបរទេសនិងសិក្សាការអភិវឌ្ឍជំនាញថាមពលស្អាតក្នុងវិស័យរថយន្តអគ្គិសនី អ៊ីដ្រូសែន និងបច្ចេកវិទ្យាពន្លឺព្រះអាទិត្យ។
ប្រភព៖ ក្រសួងព័ត៌មាន