ប្រាសាទអង្គរវត្តទាក់ទាញទេសចរចម្រុះជាតិសាសន៍ឱ្យមកទស្សនានិងថតរូបអនុស្សាវរីយ៍ជាមួយសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យ ក្បាច់ចម្លាក់ទេពកថាទេសភាពព្រៃឈើ និងស្មៅបៃតងជាដើម។ ប្រាសាទអង្គរវត្តក៏ជាទីតាំងទាក់ទាញសម្រាប់ថតរូបមុនរៀបអាពាហ៍ពិពាហ៍ឬហៅថា ថតរូប Pre Wedding ដល់កូនកម្លោះក្រមុំមកពីគ្រប់បណ្ដាខេត្តក្រុងផ្សេងៗ និងបរទេសផង ត្រៀមសម្រាប់មុនថ្ងៃចូលរោងមង្គលការដែលមានតែម្តងនៅក្នុងឆាកជីវិត។

លោក ឡេក គឹមលីន ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរណ៍ប្រាសាទអង្គរវត្តឱ្យដឹងថាជារៀងរាល់ឆ្នាំ ក្រោយថ្ងៃចេញវស្សានៅប្រាសាទអង្គរក្នុងមួយថ្ងៃមានកូនកម្លោះក្រមុំយ៉ាងហោចណាស់ពី៥០ទៅ៦០គូ មកថតរូបមុនរៀបអាពាហ៍ពិពាហ៍ទុកជាអនុស្សាវរីយ៍។ ការថតរូបអាពាហ៍ពិពាហ៍ដោយភ្ជាប់ជាមួយប្រាសាទអង្គរវត្ត មានតាំងតែពីម៉ោង៧ព្រឹករហូតដល់ម៉ោង៥ល្ងាច។ អ្នកថតរូបទៀតសោតបានជ្រើសរើសទីតាំងពិសេសៗនិងកាលវេលាតាមការច្នៃប្រឌិតបានធ្វើឱ្យរូបភាពមានកាន់តែមានសោភ័ណភាពនិងស្រស់ស្អាតប្រៀបបានឋានសួគ៌លើដី។
លោក ឡេក គឹមលីន បញ្ជាក់ថា ប្រាសាទអង្គរវត្តមានទីតាំងជាច្រើនដែលកូនកម្លោះក្រមុំនិយមថតរូបមានចាប់ពីច្រាំងកសិន្ធុច្រកចូលពីទិសខាងលិចរោងទងទី១ បណ្ណាល័យខាងត្បូងខាងជើងស្រះទឹក ក្តាបែន តាមជ្រុងនីមួយៗនៃរួតទី១ និងច្រកទ្វារចុះទៅខ្លោងទ្វារខាងជើង ឬហៅថា គុហ៍តាឡឹក រួមនិងទីតាំងជាច្រើនទៀត តាមការច្នៃប្រឌិតរបស់អ្នកថតរូបនីមួយៗ។ ក្រៅពីប្រាសាទអង្គរវត្តនៅក្រុងអង្គរធំនិងប្រាសាទផ្សេងៗទៀតក៏ជាទីពេញនិយមនៃថតរូបអាពាហ៍ពិពាហ៍ដែរ មានដូចជានៅខ្លោងទ្វារទន្លេអុំខ្លោងទ្វារតាកាវខ្លោងទ្វារដីឆ្នាំងព្រះលានជល់ដំរីប្រាសាទព្រះខ័នប្រាសាទនាគព័ន្ធប្រាសាទបន្ទាយក្តីនិងប្រាសាទប្រែរូបជាដើម។

ក្រុមការងារភ្នាក់ងារទេសចរណ៍យល់ឃើញថាការណ៍ដែលប្រាសាទអង្គរវត្តនិងប្រាសាទនានាបានក្លាយជាទីពេញនិយមសម្រាប់ថតរូបអាពាហ៍ពិពាហ៍ដោយសារតែអង្គរគឺជាសម្បត្តិបេតិកភណ្ឌដ៏ល្បីល្បាញរបស់ពិភពលោកនិងជាដួងព្រលឹងនៃអត្តសញ្ញាណជាតិរបស់ខ្មែរ។ ការមកថតរូបអាពាហ៍ពិពាហ៍ដោយភ្ជាប់ជាមួយអង្គរនេះពលរដ្ឋខ្មែរយល់ថាក្នុងមួយជីវិតរៀបការតែម្ដងគឺចង់ភ្ជាប់អនុស្សាវរីយ៍ជាមួយនិងកន្លែងដ៏ល្បីល្បាញ។ ម្យ៉ាងទៀតការស្លៀកពាក់បែបប្រពៃណីខ្មែរស័ក្តិសមទៅនឹងសំណង់ប្រាសាទបុរាណដ៏អស្ចា្យ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកហើយរួមជាមួយនិងទេសភាពប្រាសាទជាមួយព្រៃឈើនិងស្មៅពណ៌បៃតងផងនោះកាន់តែធ្វើឱ្យរូបភាពអនុស្សាវរីយ៍មានតម្លៃនិងស្រស់ស្អាត។
ខណៈពេលដែលពលរដ្ឋពេញនិយមមកថតរូបអាពាហ៍ពិពាហ៍នៅអង្គរកាន់តែច្រើនឡើងៗនេះអាជ្ញាធរជាតិអប្សរាក៏សូមអំពាវនាវដល់អ្នកថតត្រូវចេះយោគយល់គ្នានៅពេលដែលមានអ្នកថតច្រើនចំពោះទីតាំងដែលមានការមមាញឹកថតនិងទីតាំងចង្អៀតហើយត្រូវទុកដាក់សម្ភារឬដបកែវភេសជ្ជៈឱ្យបានត្រឹមត្រូវចៀសវាងជ្រុះឬភ្លេចនាំឱ្យបាត់បង់អនាម័យនិងសណ្តាប់ធ្នាប់ល្អ។ សូមរួមគ្នាលើកតម្លៃនៃរមណីយដ្ឋានអង្គរ ព្រមទាំងបរិស្ថានស្អាតដើម្បីលើកស្ទួយវប្បធម៌និងទេសចរណ៍នៅកម្ពុជាកាន់តែរីកចម្រើន។
អត្ថបទ៖ ជួន សុធា