នៅដើមខែកញ្ញា ឆ្នាំ ២០២៥ ប្រទេសកម្ពុជាបានបើកសម្ពោធអាកាសយានដ្ឋានអន្តរជាតិថ្មីដ៏អស្ចារ្យមួយឈ្មោះថា អាកាសយានដ្ឋានអន្តរជាតិតេជោ (Techo International Airport) ដែលស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ប្រហែល ១៨ ម៉ាយ(៣០-៤០ គីឡូម៉ែត្រ)ពីកណ្តាលទីក្រុង។ វាជាសមិទ្ធផលអភិវឌ្ឍន៍ដ៏ធំមួយក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដោយមានតម្លៃសាងសង់ប្រហែល ២ ពាន់លានដុល្លារ ហើយគ្រោងនឹងក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ពិធីសម្ពោធដំបូងបានធ្វើឡើងដោយមានព្រះសង្ឃសូត្រធម៌ និងមានរូបសំណាកព្រះពុទ្ធមាសប្រវែង ៣០ ហ្វីត (៩ ម៉ែត្រ) និងទម្ងន់ ៩ តោន តាំងនៅសាលច្រកចាកចេញ។ បន្ទាប់ពីពុទ្ធបដិមាត្រូវបានប្រសិទ្ធិពរ យន្តហោះដំបូងបានចុះចតដោយជោគជ័យ សម្គាល់ពីការចាប់ផ្តើមប្រតិបត្តិការដំបូងនៃអាកាសយានដ្ឋានថ្មីនេះ។ យន្តហោះពីក្រុមហ៊ុន Air Cambodia ដែលហោះពីទីក្រុងក្វាងចូវ បានមកដល់ក្នុងបរិយាកាសអបអរសាទរដោយបាញ់ទឹក និងរាំរបាំប្រពៃណីខ្មែរ។

នៅថ្ងៃទី ២០ ខែតុលា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានកាត់ខ្សែបូសម្ពោធជាផ្លូវការ ហៅវាថាជា "សមិទ្ធផលថ្មីដែលបង្ហាញពីចក្ខុវិស័យអភិវឌ្ឍន៍រយៈពេលវែងរបស់ប្រទេសកម្ពុជា"។ គាត់បាននិយាយថា អាកាសយានដ្ឋាននេះជាគន្លងដ៏សំខាន់សម្រាប់ការទាក់ទាញភ្ញៀវទេសចរច្រើនជាងមុន ដើម្បីជួយដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិ។

អាកាសយានដ្ឋានតេជោត្រូវបានរចនាដោយក្រុមហ៊ុន Fosterជាមួយ Partners ពីប្រទេសអង់គ្លេស ដែលជាក្រុមហ៊ុនស្ថាបត្យកម្មល្បីលើការរចនាអគារទំនើប។ ការរចនាបានទទួលបំផុសគំនិតពីសម្លៀកបំពាក់អប្សរា ដែលជារូបសញ្ញាបុរាណបង្ហាញពីសិល្បៈនិងវប្បធម៌ខ្មែរ។ ខាងក្នុងស្ថានីយ៍ធ្វើដំណើរត្រូវបានរៀបចំឱ្យមានពន្លឺធម្មជាតិចូលច្រើន កម្រាលឈើធម្មជាតិ និងរុក្ខជាតិបៃតងដែលផ្តល់អារម្មណ៍ស្រស់ស្រាយដល់អ្នកធ្វើដំណើរ។ ចម្ងាយដើរអតិបរមារបស់អ្នកដំណើរមានត្រឹមតែ ៥០០ ម៉ែត្រ បង្ហាញពីការរចនាដែលផ្តោតលើភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់។

អាកាសយានដ្ឋានថ្មីនេះអាចទទួលអ្នកដំណើរជាង ១៥ លាននាក់ក្នុងមួយឆ្នាំ នៅដំណាក់កាលដំបូង និងអាចពង្រីកដល់ ៣០ លាននាក់ នៅដំណាក់កាលក្រោយ។ វាមានផ្លូវរត់យន្តហោះប្រវែងជាង ៤,០០០ ម៉ែត្រ អាចទទួលយន្តហោះធំៗដូចជា Airbus A380 និង Boeing 777 បាន។

លោក Charles Vannនាយកប្រតិបត្តិក្រុមហ៊ុន Cambodia Airport Investment Company (CAIC) បាននិយាយថា គម្រោងនេះនឹងជួយអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ បង្កើតការងារថ្មីជាច្រើន និងជួយបង្កើនចំណូលពីទេសចរណ៍។ គាត់បន្ថែមថា កម្ពុជាអាចប្តូរទិសដៅឲ្យក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ដូចជាទីក្រុងឡុងដ៍ ឬឌូបៃ នៅអាស៊ីអាគ្នេយ៍។

រដ្ឋាភិបាលកម្ពុជាបានកំណត់អាកាសយានដ្ឋាននេះជាគម្រោងមោទនភាពជាតិ ដែលបង្ហាញពីភាពទំនើបនៃបច្ចេកវិទ្យា ដោយប្រើប្រព័ន្ធស្គែនមុខស្វ័យប្រវត្តិ និងការគ្រប់គ្រងឯកសារឌីជីថលទាំងមូល។ ក្រសួងព័ត៌មានក៏បានបង្កើតបទភ្លេងផ្លូវការ “ថាមពលអាកាសយានដ្ឋានអន្តរជាតិតេជោ” ដើម្បីផ្សព្វផ្សាយតាមបណ្តាញសង្គម ផ្តល់អារម្មណ៍មោទនភាពជាតិដល់ប្រជាពលរដ្ឋ។

បច្ចុប្បន្ន អាកាសយានដ្ឋានតេជោភ្ជាប់ជើងហោះហើរទៅកាន់ទីក្រុងធំៗដូចជា បាងកក ប៉េកាំង ហាណូយ សិង្ហបុរី និងកូឡាឡាំពួរ ហើយក្រុមហ៊ុនអាកាសចរណ៍ទួរគី និងអេធីហាដ ក៏មានគម្រោងបន្ថែមជើងហោះហើរត្រង់ពីអ៊ីស្តង់ប៊ុល និងអាប៊ូដាប៊ីផងដែរ។

គម្រោងអាកាសយានដ្ឋានតេជោនេះគឺជាផ្នែកមួយនៃផែនការអភិវឌ្ឍ “ទេសចរណ៍នៅឆ្នាំ ២០២៥–២០៣៥”ដែលមានគោលបំណងបង្កើនចំនួនភ្ញៀវទេសចរដល់ជាង ១៥ លាននាក់ក្នុងមួយឆ្នាំ និងជួយអភិវឌ្ឍវិស័យកសិកម្ម ឧស្សាហកម្ម និងសហគមន៍ក្នុងតំបន់ជុំវិញ។ ដំណាក់កាលទី២នឹងរួមមានការសាងសង់ផ្លូវរថភ្លើងភ្ជាប់ទៅកណ្តាលទីក្រុងភ្នំពេញ។

បន្ទាប់ពីការបើកដំណើរការផ្លូវការ អាកាសយានដ្ឋានចាស់របស់ភ្នំពេញត្រូវបានបិទជាផ្លូវការ។ ការផ្លាស់ប្តូរនេះជាសញ្ញាបង្ហាញថា កម្ពុជា កំពុងចូលទៅក្នុងសម័យអាកាសចរណ៍ថ្មី ដែលផ្តោតលើភាពទំនើប សុវត្ថិភាព និងភាពប្រកួតប្រជែង។

ប្រភព៖ CNN