ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយនិងកិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈថ្នាក់ខេត្តស្ដីពីលទ្ធផលបឋមនៃសេចក្តីព្រាងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញលើគម្រោងអាជីវកម្មរ៉ែលោហៈ តំបន់មេមត់ លើផ្ទៃដី ២,៧៤៦ហិកតា របស់ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា)។ សិក្ខាសាលាដ៏សំខាន់នេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំ ក សាលាខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីអភិបាលរងខេត្តទទួលបន្ទុក ប្រតិភូក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) ស្ថាប័នមន្ទីរជំនាញនិងអ្នកពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តមប៉ែន កុសល្យ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃគម្រោងវិនិយោគនេះ ដែលអាចរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងខេត្តត្បូងឃ្មុំ។ ជាមួយគ្នានេះ ឯកឧត្តមបានសង្កត់ធ្ងន់ជាពិសេសទៅលើការយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ឯកឧត្តមបានថ្លែងថា រាល់គម្រោងអភិវឌ្ឍន៍ទាំងអស់ត្រូវតែគិតគូរជាចម្បងពីផលប៉ះពាល់ជាវិជ្ជមាននិងអវិជ្ជមានទៅលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាពិសេសការការពារបរិស្ថាននិងធនធានធម្មជាតិ ដែលជាកេរ្តិ៍ដំណែលសម្រាប់កូនចៅជំនាន់ក្រោយ។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិមុន ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា រហូតមកដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបច្ចុប្បន្នបានទទួលស្គាល់ពីសារៈសំខាន់នៃធនធានធម្មជាតិ និងជីវចម្រុះរបស់ប្រទេស។ ក្នុងនោះដែរ ការការពារបរិស្ថាននិងធនធានធម្មជាតិត្រូវបានបង្កើតឡើងដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលចែងអំពីការទទួលខុសត្រូវក្នុងការបង្កើតផែនការគ្រប់គ្រងច្បាស់លាស់ ក្នុងការថែរក្សាដី ទឹក ខ្យល់ ប្រព័ន្ធអេកូឡូស៊ី រ៉ែ ថាមពល ប្រេង និងឧស្ម័ន ថ្ម និងខ្សាច់ ត្បូង ព្រៃឈើនិងអនុផលព្រៃឈើ សត្វព្រៃ ត្រី និងធនធានជលផលជាដើម។ ជាក់ស្ដែងនៅខេត្តត្បូងឃ្មុំ ការវាយតម្លៃហេតុប៉ះពាល់បរិស្ថានគឺចាប់ផ្តើមពីក្រុមហ៊ុនបានប្រឹក្សាយោបល់រៀបចំជារបាយការណ៍ដើម្បីពិគ្រោះយោបល់ជាមួយគណៈកម្មការសម្របសម្រួលការងារនិងអ្នកពាក់ព័ន្ធសម្រាប់ជាយន្តការអនុវត្តន៍គម្រោងប្រកបដោយជោគជ័យ។

ឯកឧត្តម ប៉ែន កុសល្យ បានជំរុញឲ្យក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) ត្រូវអនុវត្តតាមគោលការណ៍ណែនាំនិងបទប្បញ្ញត្តិបច្ចេកទេសនានាឲ្យបានម៉ឺងម៉ាត់ ព្រមទាំងត្រូវត្រៀមលក្ខណៈក្នុងការដោះស្រាយរាល់បញ្ហាប្រឈម ឬផលប៉ះពាល់ដែលអាចកើតមានឡើងចំពោះប្រជាពលរដ្ឋ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា រដ្ឋបាលខេត្តនឹងបន្តតាមដាននិងត្រួតពិនិត្យយ៉ាងដិតដល់នូវការអនុវត្តគម្រោងនេះដើម្បីធានាថាផលប្រយោជន៍របស់ប្រជាពលរដ្ឋនិងនិរន្តរភាពបរិស្ថានត្រូវបានការពារយ៉ាងពេញលេញ។

គួរបញ្ជាក់ដែរថា ការរៀបចំសិក្ខាសាលាពិគ្រោះយោបល់សាធារណៈនេះគឺជាការបង្ហាញពីតម្លាភាពនិងគណនេយ្យភាពរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ ក្នុងការផ្តល់ឱកាសឲ្យគ្រប់ភាគីពាក់ព័ន្ធជាពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋានលើគម្រោងអាជីវកម្មរ៉ែលោហៈ តំបន់មេមត់ លើផ្ទៃដី ២,៧៤៦ហិកតា របស់ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) ក្នុងភូមិសាស្រ្តស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

 

 

 

ប្រភព៖ ក្រសួងព័ត៌មាន