គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅដោយសហការជាមួយកម្លាំងជំនាញនៃស្នងការរាជធានីភ្នំពេញនិងមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ បានចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ បង្កប់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)នៅក្នុងទីតាំងផ្ទះលេខ៧២ ផ្លូវសាន់រ៉យ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការបង្កា្របនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបុរសជនជាតិវៀតណាមចំនួន ០២នាក់៖ ១)ឈ្មោះPHAN THANH DAT និង ២)PHAN HUU KHANH, និងបានដកហូតវត្ថុតាងរួមមានកុំព្យូទ័រប្រភេទចំនួន ៤គ្រឿង Monitor ចំនួន ២០គ្រឿង និងម៉ាស៊ីន CPU ចំនួន ៧គ្រឿង។ ផ្អែកតាមរបាយការណ៍ស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញបុរសជនជាតិវៀតណាមទាំងពីរត្រូវបានសង្ស័យថាជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើល្មើសច្បាប់រួមមានការប្រព្រឹត្តល្បែងសុីសង ខុសច្បាប់(ហ្គេមអនឡាញ) ការក្លែងឯកសារសាធារណៈសម្រាប់បម្រើការឆបោកជនជាតិវៀតណាមនិងការឆបោកក្រោមរូបភាពជាគម្រោងវិនិយោគ។
បច្ចុប្បន្នជនសង្ស័យជនជាតិវៀតណាមទាំង០២នាក់ព្រមទាំងវត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានត្រូវបានប្រគល់ជូនស្នងការដ្ឋានគរបាល រាជធានីភ្នំពេញដើម្បីឱ្យសមត្ថកិច្ចជំនាញបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់។


សូមបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥បានដាក់ចេញយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស ដោយមានការចូលរួមអនុវត្តសកម្មភាពពីក្រសួងស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិនិងសមត្ថកិច្ចពាក់ព័ន្ធដើម្បីបង្ការ ទប់ស្កាត់និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់សំដៅចូលរួមចំណែកថែរក្សានិងការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះសមត្ថកិច្ចចម្រុះនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។
ប្រភព៖ ក្រសួងព័ត៌មាន