វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកនឹងផ្អាកប្រទេសអាហ្វ្រិកខាងត្បូង និងរវ៉ាន់ដា ពីកម្មវិធីពាណិជ្ជកម្មគ្មានពន្ធដ៏សំខាន់មួយសម្រាប់ប្រទេសនៅតំបន់អាហ្វ្រិកសាហារ៉ា ដោយចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧។ ការសម្រេចចិត្តនេះអាចប៉ះពាល់ដល់ការនាំចេញផលិតផលសំខាន់ៗរបស់ប្រទេសទាំងពីរ រួមមានគ្រឿងបន្លាស់រថយន្ត ផ្លែក្រូច និងស្រារបស់អាហ្វ្រិកខាងត្បូង ព្រមទាំងកាហ្វេ និងរ៉ែរបស់រវ៉ាន់ដា។
លោក Jamieson Greer តំណាងពាណិជ្ជកម្មអាមេរិក បានជូនដំណឹងដល់សភាអាមេរិកកាលពីថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ថា ប្រទេសទាំងពីរនឹងត្រូវផ្អាកពីកម្មវិធីច្បាប់កំណើន និងឱកាសអាហ្វ្រិក (AGOA) ដោយសារក្តីបារម្ភពាក់ព័ន្ធនឹងសិទ្ធិមនុស្ស អំពើពុករលួយ និងសកម្មភាពដែលអាចប៉ះពាល់ដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិក។ លោកបានបញ្ជាក់ថា លោកប្រធានាធិបតី Donald Trump យល់ឃើញថា រដ្ឋាភិបាលប្រទេសទាំងពីរមិនបានបំពេញតាមលក្ខខណ្ឌសម្រាប់ការទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនេះឡើយ។

កម្មវិធី AGOA ត្រូវបានអនុម័តក្នុងឆ្នាំ២០០០ និងក្លាយជាចំណុចសំខាន់មួយនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិក និងទ្វីបអាហ្វ្រិក។ កម្មវិធីនេះផ្តល់លទ្ធភាពឱ្យប្រទេសអាហ្វ្រិកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នាំចេញផលិតផលរាប់ពាន់មុខទៅកាន់ទីផ្សារអាមេរិកដោយមិនបង់ពន្ធគយ។ អាហ្វ្រិកខាងត្បូងគឺជាប្រទេសដែលទទួលបានអត្ថប្រយោជន៍ច្រើនជាងគេពីកម្មវិធីនេះ ដោយក្នុងឆ្នាំ២០២៥ ប្រទេសនេះបាននាំចេញទំនិញទៅកាន់សហរដ្ឋអាមេរិកក្រោមក្របខ័ណ្ឌ AGOA មានតម្លៃប្រមាណ ១,៧ពាន់លានដុល្លារ។ ផលិតផលនាំចេញសំខាន់ៗរួមមានគ្រឿងបន្លាស់រថយន្ត ផ្លែក្រូច និងស្រា ខណៈរវ៉ាន់ដាពឹងផ្អែកលើការនាំចេញកាហ្វេ និងរ៉ែ។
ជាការឆ្លើយតប ក្រសួងពាណិជ្ជកម្មអាហ្វ្រិកខាងត្បូងបានប្រកាសថា ខ្លួននឹងជួយគាំទ្រដល់វិស័យដែលរងផលប៉ះពាល់ពីការសម្រេចចិត្តនេះ ព្រមទាំងបន្តស្វែងរកឱកាសពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយសហរដ្ឋអាមេរិក។ ក្រសួងក៏បានបញ្ជាក់ថា ទីផ្សារអាមេរិកនៅតែមានសារៈសំខាន់ ប៉ុន្តែមិនមែនជាកត្តាតែមួយដែលកំណត់ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនោះទេ។ ចំណែករដ្ឋាភិបាលរវ៉ាន់ដា មិនទាន់មានប្រតិកម្មជាផ្លូវការភ្លាមៗនៅឡើយទេ។

ចំពោះមូលហេតុនៃការផ្អាកនេះ ទីក្រុងវ៉ាស៊ីនតោនបានលើកឡើងពីឧបសគ្គដែលប៉ះពាល់ដល់ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងសកម្មភាពដែលខ្លួនចាត់ទុកថាជាការគំរាមកំហែងដល់សន្តិសុខជាតិ និងផលប្រយោជន៍គោលនយោបាយការបរទេសរបស់អាមេរិក។ សម្រាប់រវ៉ាន់ដា សហរដ្ឋអាមេរិកក៏បានបង្ហាញក្តីបារម្ភអំពីសិទ្ធិមនុស្ស និងនីតិរដ្ឋផងដែរ។
ក្រុមអ្នកជំនាញយល់ថា ការសម្រេចចិត្តចំពោះរវ៉ាន់ដាអាចពាក់ព័ន្ធនឹងជម្លោះនៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលសហរដ្ឋអាមេរិកចោទប្រកាន់រវ៉ាន់ដាថា បានគាំទ្រក្រុមឧទ្ទាមនៅក្នុងតំបន់។ កន្លងមក អាមេរិកក៏បានដាក់ទណ្ឌកម្មលើបុគ្គល និងស្ថាប័នមួយចំនួនរបស់រវ៉ាន់ដា រួមទាំងស្ថាប័នយោធា និងរោងចក្រចម្រាញ់មាសផងដែរ។ គួរបញ្ជាក់ថា រវ៉ាន់ដាបានប្រឈមនឹងការផ្អាកមួយផ្នែកពីកម្មវិធី AGOA តាំងពីឆ្នាំ២០១៨ មកម្ល៉េះ ដែលធ្វើឱ្យប្រទេសនេះមិនអាចនាំចេញសម្លៀកបំពាក់ទៅកាន់ទីផ្សារអាមេរិកក្រោមកម្មវិធីនេះបាន។
ទន្ទឹមនឹងនេះ លោក Richard Neal សមាជិកជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យក្នុងគណៈកម្មាធិការមធ្យោបាយ និងមធ្យោបាយរបស់សភាអាមេរិក បានរិះគន់ការសម្រេចចិត្តរបស់លោក Trump ក្នុងការដកអាហ្វ្រិកខាងត្បូងចេញពីកម្មវិធីនេះ។ លោកបានទាមទារឱ្យរដ្ឋាភិបាលអាមេរិកផ្តល់ការពន្យល់ឱ្យបានច្បាស់លាស់ និងលម្អិតជាងនេះ ព្រមទាំងបញ្ជាក់ពីលក្ខខណ្ឌដែលអាហ្វ្រិកខាងត្បូងត្រូវបំពេញ ដើម្បីអាចវិលត្រឡប់ចូលរួមក្នុងកម្មវិធីនេះវិញ។
បន្ថែមពីនេះ ភាពតានតឹងរវាងប្រទេសទាំងពីរក៏ពាក់ព័ន្ធនឹងគោលនយោបាយការបរទេសរបស់អាហ្វ្រិកខាងត្បូងផងដែរ ជាពិសេសករណីដែលអាហ្វ្រិកខាងត្បូងបានដាក់ពាក្យប្តឹងអ៊ីស្រាអែលនៅតុលាការយុត្តិធម៌អន្តរជាតិ ដោយចោទប្រកាន់ពីបទប្រល័យពូជសាសន៍។ អ៊ីស្រាអែលបានបដិសេធការចោទប្រកាន់នេះ។ ឯកអគ្គរដ្ឋទូតអាមេរិកក៏បានបង្ហោះសារលើបណ្តាញសង្គម X ដោយបង្ហាញការសោកស្តាយចំពោះការបញ្ចប់អត្ថប្រយោជន៍ AGOA សម្រាប់អាហ្វ្រិកខាងត្បូង និងចាត់ទុកថា វាជាលទ្ធផលដែលអាចបង្ការបាន ប្រសិនបើរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងបានយកចិត្តទុកដាក់ចំពោះក្តីបារម្ភរបស់អាមេរិក។
ទោះជាយ៉ាងណា អ្នកជំនាញមួយចំនួនយល់ថា ការផ្អាកនេះមិនមានន័យថា អាហ្វ្រិកខាងត្បូងលែងអាចនាំចេញទំនិញទៅកាន់សហរដ្ឋអាមេរិកទាំងស្រុងនោះទេ ប៉ុន្តែការនាំចេញនឹងត្រូវប្រឈមនឹងលក្ខខណ្ឌពន្ធគយដែលមិនសូវអំណោយផលដូចមុន។ លោក Ebenezer Obadare អ្នកជំនាញនៃក្រុមប្រឹក្សាទំនាក់ទំនងការបរទេស បានព្រមានថា ចំណាត់ការនេះអាចជំរុញឱ្យប្រទេសអាហ្វ្រិកនានាបង្កើនការធ្វើពិពិធកម្មដៃគូពាណិជ្ជកម្ម និងស្វែងរកទីផ្សារថ្មីៗ រួមទាំងប្រទេសចិនផងដែរ។
តាមរបាយការណ៍ ការនាំចេញរបស់អាហ្វ្រិកខាងត្បូងក្រោមកម្មវិធី AGOA មានប្រមាណ ១០% នៃការនាំចេញសរុបទៅកាន់សហរដ្ឋអាមេរិក និងប្រហែល ១% នៃការនាំចេញសរុបទៅកាន់ទីផ្សារពិភពលោក។ លោកប្រធានាធិបតី Cyril Ramaphosa ក៏ធ្លាប់បានលើកឡើងក្នុងប៉ុន្មានសប្តាហ៍កន្លងមកថា ប្រទេសរបស់លោកត្រូវត្រៀមខ្លួនសម្រាប់ការបាត់បង់អត្ថប្រយោជន៍ពីកម្មវិធីនេះ ដោយបានចាប់ផ្តើមស្វែងរកទីផ្សារថ្មី និងពង្រីកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយដៃគូផ្សេងៗ ដូចជាប្រទេសចិន។ ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកនេះ ត្រូវបានគេមើលឃើញថា អាចបង្កើនភាពតានតឹងផ្នែកពាណិជ្ជកម្ម និងជំរុញឱ្យប្រទេសអាហ្វ្រិកមួយចំនួនពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួន ដើម្បីកាត់បន្ថយការពឹងផ្អែកលើទីផ្សារអាមេរិកនាពេលអនាគត។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters