វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណបានប្រកាសថា សហរដ្ឋអាមេរិកបានបញ្ចប់ជាផ្លូវការនូវការដកកងទ័ពរបស់ខ្លួនចេញពីប្រទេសអ៊ីរ៉ាក់ ពោលគឺប្រហែលពីរឆ្នាំបន្ទាប់ពីភាគីទាំងពីរបានព្រមព្រៀងគ្នាលើផែនការដកទ័ព និងប្រមាណ ១២ឆ្នាំ បន្ទាប់ពីសហរដ្ឋអាមេរិកចាប់ផ្តើមបេសកកម្មប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម ឬ IS។ ការប្រកាសនេះត្រូវបានអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួនស្វាគមន៍ថាជាជ័យជម្នះ ខណៈអ្នកជំនាញសន្តិសុខអ៊ីរ៉ាក់មួយចំនួនបារម្ភថា ការដកកងទ័ពអាមេរិកអាចបង្កើតចន្លោះសន្តិសុខ និងផ្តល់ឱកាសឱ្យក្រុម IS និងក្រុមប្រដាប់អាវុធផ្សេងទៀតពង្រឹងសកម្មភាពឡើងវិញ។
នៅក្នុងសេចក្តីថ្លែងការណ៍ មន្ទីរបញ្ចកោណបានឱ្យដឹងថា សហរដ្ឋអាមេរិក និងដៃគូរបស់ខ្លួនបានបញ្ចប់ជាផ្លូវការនូវប្រតិបត្តិការដែលនៅសេសសល់នៅក្នុងប្រទេសអ៊ីរ៉ាក់។ មន្ទីរបញ្ចកោណចាត់ទុកការចាកចេញរបស់កងកម្លាំងអាមេរិកថា ជាការបញ្ចប់ដោយជោគជ័យនៃបេសកកម្មយោធា ដែលបានចូលរួមក្នុងការកម្ចាត់ក្រុម IS ចេញពីទឹកដីអ៊ីរ៉ាក់។

ទោះបីកងកម្លាំងប្រយុទ្ធត្រូវបានដកចេញក៏ដោយ សហរដ្ឋអាមេរិកនឹងបន្តផ្តល់ការបណ្តុះបណ្តាល និងការគាំទ្រផ្នែកស៊ើបការណ៍សម្ងាត់ដល់កងកម្លាំងអ៊ីរ៉ាក់ ដើម្បីជួយទប់ស្កាត់មិនឱ្យក្រុម IS អាចប្រើប្រាស់ទឹកដីអ៊ីរ៉ាក់ជាមូលដ្ឋានសម្រាប់ការវាយប្រហារឡើងវិញ។
មន្ទីរបញ្ចកោណបានបញ្ជាក់ថា ការទទួលខុសត្រូវសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខដែលនៅសេសសល់ រួមមានសំណល់នៃក្រុម IS និងកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ ដែលត្រូវបានចោទប្រកាន់ថាប៉ះពាល់ដល់អធិបតេយ្យភាពរបស់អ៊ីរ៉ាក់ និងស្ថិរភាពក្នុងតំបន់ នឹងស្ថិតក្រោមការទទួលខុសត្រូវរបស់រដ្ឋាភិបាលអ៊ីរ៉ាក់។
ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយនៅសេតវិមាន លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចាត់ទុកការដកកងទ័ពចេញពីអ៊ីរ៉ាក់ថាជាសមិទ្ធផលមួយសម្រាប់សហរដ្ឋអាមេរិក។ លោកបានពិពណ៌នាសង្គ្រាមអ៊ីរ៉ាក់ថា ជាលទ្ធផលពីការសម្រេចចិត្តដែលលោកចាត់ទុកថាមិនល្អកាលពីអតីតកាល ហើយបាននិយាយថា ការបញ្ចប់វត្តមានយោធាអាមេរិកនៅទីនោះគឺជាថ្ងៃដ៏សំខាន់សម្រាប់អាមេរិក។
លោក ត្រាំ ក៏បានចាត់ទុកការដកទ័ពនេះថាជាជ័យជម្នះសម្រាប់ទាំងអ៊ីរ៉ាក់ និងសហរដ្ឋអាមេរិក ដោយសង្កត់ធ្ងន់លើការប្រយុទ្ធប្រឆាំងនឹងក្រុម IS និងការបញ្ចប់បេសកកម្មយោធារបស់អាមេរិកនៅក្នុងប្រទេសនេះ។ លោក ត្រាំ បានលើកឡើងពីតួនាទីរបស់រដ្ឋបាលរបស់លោកក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុម IS ដោយនិយាយថា អាមេរិកបានកម្ចាត់ក្រុមនេះក្នុងអំឡុងអាណត្តិដំបូងរបស់លោក។ លោកក៏បានបញ្ជាក់ថា រដ្ឋបាលរបស់លោកមិនចង់ឱ្យវត្តមានយោធាបណ្តោះអាសន្នក្លាយទៅជាអចិន្ត្រៃយ៍ឡើយ ហើយថា ដល់ពេលដែលកងកម្លាំងអាមេរិកត្រឡប់ទៅប្រទេសវិញ។
លោក ត្រាំ ក៏បានប្រៀបធៀបការដកទ័ពពីអ៊ីរ៉ាក់ជាមួយការដកទ័ពពីអាហ្វហ្គានីស្ថាន ដោយអះអាងថា ក្នុងករណីអ៊ីរ៉ាក់ កងកម្លាំងអាមេរិកបានដកសម្ភារៈ និងឧបករណ៍របស់ខ្លួនត្រឡប់ទៅវិញ។ លោកបាននិយាយថា សហរដ្ឋអាមេរិកបានចូលមកដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម ហើយនៅពេលដែលក្រុមនេះលែងគ្រប់គ្រងទឹកដីដូចមុនទៀត នោះអាមេរិកក៏អាចត្រឡប់ទៅផ្ទះវិញបាន។ លោកក៏បានសរសើរនាយករដ្ឋមន្ត្រីថ្មីរបស់អ៊ីរ៉ាក់ ដោយបង្ហាញក្តីសង្ឃឹមថា លោកនឹងអាចដឹកនាំប្រទេស និងធ្វើការងារបានល្អក្នុងដំណាក់កាលថ្មីនេះ។
សហរដ្ឋអាមេរិកបានឈ្លានពានប្រទេសអ៊ីរ៉ាក់ក្នុងឆ្នាំ២០០៣ ដើម្បីផ្តួលរំលំមេដឹកនាំ សាដាម ហ៊ូសេន ដែលបានកាន់អំណាចនៅប្រទេសនេះអស់រយៈពេលជិត២៤ឆ្នាំ។ សង្គ្រាមនេះបានបណ្តាលឱ្យជនស៊ីវិលស្លាប់រាប់សែននាក់ និងនាំឱ្យកើតមានសង្គ្រាមស៊ីវិល អំពើហិង្សារវាងនិកាយសាសនា និងការកើនឡើងនៃក្រុមប្រដាប់អាវុធ ដែលក្រោយមកបានរួមចំណែកដល់ការលេចឡើងរបស់ក្រុម IS។
នៅឆ្នាំ២០១១ អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានប្រកាសបញ្ចប់សង្គ្រាមអ៊ីរ៉ាក់ និងកំណត់ឱ្យកងទ័ពអាមេរិកដកចេញពីប្រទេសទាំងស្រុងនៅចុងឆ្នាំនោះ។ នៅពេលនោះ កងទ័ពអាមេរិកនៅអ៊ីរ៉ាក់មានចំនួនតិចជាង៤០,០០០នាក់ ហើយទាហានអាមេរិកប្រមាណ៤,៤០០នាក់បានស្លាប់ក្នុងសង្គ្រាម។
ប៉ុន្តែនៅឆ្នាំ២០១៤ លោក អូបាម៉ា បានបញ្ជូនកងទ័ពអាមេរិកត្រឡប់ទៅអ៊ីរ៉ាក់វិញ បន្ទាប់ពីក្រុម IS បានដណ្តើមកាន់កាប់ទឹកដីជាច្រើន រួមទាំងទីក្រុងម៉ូស៊ុល។ សម្ព័ន្ធអន្តរជាតិដែលមានប្រទេសជាង៨០ ដឹកនាំដោយសហរដ្ឋអាមេរិក ត្រូវបានបង្កើតឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមនេះ។ ក្រុម IS បានបាត់បង់ទឹកដីស្ទើរតែទាំងស្រុងនៅក្នុងប្រទេសអ៊ីរ៉ាក់នៅឆ្នាំ២០១៧ និងនៅប្រទេសស៊ីរីនៅឆ្នាំ២០១៩ បន្ទាប់ពីប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនឆ្នាំ។
នៅឆ្នាំ២០២៤ ក្នុងអំឡុងអាណត្តិរបស់អតីតប្រធានាធិបតី ចូ បៃដិន សហរដ្ឋអាមេរិក និងអ៊ីរ៉ាក់បានព្រមព្រៀងគ្នាកាត់បន្ថយបេសកកម្មយោធាចម្រុះដែលដឹកនាំដោយសហរដ្ឋអាមេរិក និងរៀបចំផ្លូវសម្រាប់ការបញ្ចប់វត្តមានយោធារបស់អាមេរិកនៅក្នុងប្រទេស។ ទោះជាយ៉ាងណា អ្នកវិភាគមួយចំនួននៅតែមានការព្រួយបារម្ភថា កងកម្លាំងសន្តិសុខអ៊ីរ៉ាក់អាចមិនទាន់ត្រៀមខ្លួនបានពេញលេញសម្រាប់ការធានាស្ថិរភាពប្រទេសដោយខ្លួនឯង។
លោក Jassim al-Bahadli ដែលមានតួនាទីជាទីប្រឹក្សាកងកម្លាំងសន្តិសុខ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ចន្លោះផ្នែកសន្តិសុខអាចបង្កហានិភ័យធ្ងន់ធ្ងរ។ ចំណែកលោក Mohammed al-Juburi អតីតឧត្តមសេនីយ៍កងទ័ពអ៊ីរ៉ាក់ ក៏បានប្រាប់ Reuters ដែរថា សំណួរសំខាន់គឺថា តើអ៊ីរ៉ាក់បានរៀបចំផែនការគ្រប់គ្រាន់សម្រាប់ដំណាក់កាលថ្មីនេះហើយឬនៅ។ ការបញ្ចប់វត្តមានយោធាអាមេរិកនៅអ៊ីរ៉ាក់ ដូច្នេះ បានបិទបញ្ចប់ជំពូកដ៏សំខាន់មួយនៃបេសកកម្មយោធាអាមេរិកនៅមជ្ឈិមបូព៌ា ខណៈការទទួលខុសត្រូវក្នុងការរក្សាសន្តិសុខ និងទប់ស្កាត់ការវិលត្រឡប់របស់ក្រុម IS កាន់តែស្ថិតនៅលើសមត្ថភាពរបស់រដ្ឋាភិបាល និងកងកម្លាំងសន្តិសុខអ៊ីរ៉ាក់។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ The Guardian