យន្តហោះ Azerbaijan Airlines ជើងហោះហើរ J2-8243 គឺជាជើងហោះហើរដឹកអ្នកដំណើរអន្តរជាតិ ដែលធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិ Heydar Aliyev ក្នុងទីក្រុង Baku ប្រទេសអាស៊ែបៃហ្សង់ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Grozny នៅប្រទេសរុស្ស៊ី។ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ យន្តហោះប្រភេទ Embraer E190 ដែលកំពុងប្រតិបត្តិការជើងហោះហើរនេះ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈកំពុងចូលទៅជិតទីក្រុង Grozny ហើយបន្ទាប់មកបានធ្លាក់នៅជិតអាកាសយានដ្ឋានអន្តរជាតិ Aktau ក្នុងប្រទេសកាហ្សាក់ស្ថាន។

នៅពេលកើតហេតុ មានមនុស្សសរុប ៦៧នាក់នៅលើយន្តហោះ រួមមានអ្នកដំណើរ ៦២នាក់ និងសមាជិកនាវិក ៥នាក់។ ក្នុងចំណោមនោះ មនុស្ស ៣៨នាក់បានស្លាប់ ខណៈមនុស្ស ២៩នាក់បានរួចជីវិត ប៉ុន្តែរងរបួស។ ប្រហែល ៤០នាទីក្រោយចេញដំណើរពី Baku នៅពេលយន្តហោះចូលដែនអាកាសរុស្ស៊ី និងកំពុងធ្វើដំណើរឆ្ពោះទៅកាន់ Grozny ក្រុមនាវិកបានរាយការណ៍ពីការបាត់បង់សញ្ញាប្រព័ន្ធ GPS ដែលត្រូវបានរំខាន។ ក្នុងពេលជាមួយគ្នានោះ អាកាសយានដ្ឋាន Grozny ក៏មានសេចក្តីរាយការណ៍អំពីស្ថានភាពអ័ព្ទផងដែរ។

នៅពេលយន្តហោះកំពុងខិតជិត Grozny អ្នកដំណើរបានរាយការណ៍ថា មានសំឡេងផ្ទុះ និងការប៉ះទង្គិចខាងក្រៅយន្តហោះ។ ក្រុមនាវិកបានរាយការណ៍ពីការខូចខាត និងស្នើសុំបង្វែរទិសដៅ ដោយចាប់ផ្តើមនីតិវិធីសង្គ្រោះបន្ទាន់ និងបញ្ជូនយន្តហោះឆ្លងកាត់សមុទ្រកាសព្យែនឆ្ពោះទៅកាន់ប្រទេសកាហ្សាក់ស្ថាន។

យន្តហោះបានព្យាយាមចុះចតនៅតំបន់ Aktau ប៉ុន្តែបានធ្លាក់នៅជិតអាកាសយានដ្ឋាន។ ការស៊ើបអង្កេតបឋមបានរកឃើញស្នាមខូចខាត និងរន្ធនៅលើតួយន្តហោះ ព្រមទាំងបំណែកលោហៈបរទេសមួយចំនួន ដែលបង្ហាញថា យន្តហោះអាចរងការខូចខាតពីអាវុធប្រឆាំងយន្តហោះ។ អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ក៏បានកត់សម្គាល់ពីការបាត់បង់សញ្ញា GPS និងសកម្មភាពដ្រូននៅតំបន់នោះផងដែរ។

នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសុំទោសប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev ចំពោះអ្វីដែលលោកហៅថា «ឧបទ្ទវហេតុដ៏សោកសៅ» ដែលបានកើតឡើងនៅក្នុងដែនអាកាសរុស្ស៊ី។ លោកបានបញ្ជាក់ថា នៅពេលនោះ កងកម្លាំងការពារដែនអាកាសរុស្ស៊ីកំពុងប្រឈមនឹងការវាយប្រហារដោយដ្រូនអ៊ុយក្រែននៅតំបន់ Grozny និងតំបន់ជុំវិញ។ ទោះជាយ៉ាងណា នៅពេលនោះ លោកមិនបានបញ្ជាក់ថា កងកម្លាំងរុស្ស៊ីជាអ្នកបាញ់យន្តហោះនោះទេ។

នៅថ្ងៃទី២៩ ខែធ្នូ លោក Aliyev បាននិយាយថា យន្តហោះត្រូវបានប្រព័ន្ធការពារដែនអាកាសរុស្ស៊ីបាញ់ចំដោយចៃដន្យ និងបានទាមទារឱ្យរុស្ស៊ីទទួលស្គាល់ការទទួលខុសត្រូវ ព្រមទាំងចាត់វិធានការចំពោះអ្នកដែលពាក់ព័ន្ធ និងផ្តល់សំណងដល់ជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ។ កាលពីខែកក្កដា ឆ្នាំ២០២៥ លោក Aliyev នៅតែបានទាមទារឱ្យរុស្ស៊ីទទួលស្គាល់ជាផ្លូវការនូវតួនាទីរបស់ខ្លួនក្នុងឧបទ្ទវហេតុនេះ។

ក្រោយមក ការវិវត្តន៍ជុំវិញការស៊ើបអង្កេត និងការទទួលខុសត្រូវបានបន្តជាច្រើនដំណាក់កាល។ តាមខ្លឹមសារដែលបានរាយការណ៍ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ លោក ពូទីន បានទទួលស្គាល់ថា យន្តហោះបានរងការបាញ់ប្រហារដោយមីស៊ីលរបស់រុស្ស៊ីដោយអចេតនា ហើយមីស៊ីលបានផ្ទុះនៅចម្ងាយពីយន្តហោះ។

បន្ទាប់មក នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ក្រសួងការបរទេសរុស្ស៊ី និងអាស៊ែបៃហ្សង់ បានចេញសេចក្តីថ្លែងការណ៍រួម ដោយបញ្ជាក់ថា ភាគីទាំងពីរបានឈានដល់ការព្រមព្រៀងលើដំណោះស្រាយ រួមទាំងបញ្ហាសំណង ហើយបានកំណត់ថា ការធ្លាក់យន្តហោះនេះកើតឡើងដោយសារការប្រើប្រាស់ប្រព័ន្ធការពារដែនអាកាសដោយអចេតនា នៅក្នុងដែនអាកាសរុស្ស៊ី។

ឧបទ្ទវហេតុនេះបានក្លាយជាករណីធ្ងន់ធ្ងរមួយសម្រាប់សុវត្ថិភាពអាកាសចរណ៍ស៊ីវិល ខណៈអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិបានអំពាវនាវឱ្យមានការស៊ើបអង្កេតពេញលេញ និងឯករាជ្យ ដើម្បីកំណត់កត្តាដែលបណ្តាលឱ្យមានសោកនាដកម្ម និងជួយទប់ស្កាត់ការកើតឡើងស្រដៀងគ្នានាពេលអនាគត។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Charlesworth Aerospace