រយៈពេលបួនខែបន្ទាប់ពីកិច្ចប្រជុំលើកចុងក្រោយ លោកប្រធានាធិបតីអាមេរិក Donald Trump និងប្រធានាធិបតីចិន Xi Jinping បានបង្ហាញសញ្ញាវិជ្ជមានមួយចំនួនក្នុងជំនួបនៅទីក្រុងវ៉ាស៊ីនតោន ដោយភាគីទាំងពីរបានព្រមព្រៀងពង្រីកបទឈប់បាញ់ក្នុងសង្គ្រាមពាណិជ្ជកម្ម ព្រមទាំងផ្លាស់ប្តូរអំណោយ និងពាក្យសរសើរគ្នាទៅវិញទៅមក។ មេដឹកនាំទាំងពីរក៏បានបង្ហាញពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងហានិភ័យពីការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ ទោះជាយ៉ាងណា សម្រាប់កិច្ចប្រជុំដែលត្រូវបានរំពឹងថានឹងដោះស្រាយភាពតានតឹងរវាងមហាអំណាចសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយទាំងពីរ លទ្ធផលជាក់ស្តែងនៅតែមានកម្រិត។

នៅក្នុងពិធីទទួលទានអាហារពេលល្ងាចនៅសេតវិមាន លោក Xi បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ និងបានបង្ហាញថា ការរីកចម្រើនរបស់ចិនគួរត្រូវបានមើលឃើញថាជាឱកាសសម្រាប់សហរដ្ឋអាមេរិក ជាជាងការគំរាមកំហែង។ លោកបានលើកឡើងពីសារៈសំខាន់នៃមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។

លោក Xi ក៏បានប្រៀបធៀបគោលដៅរបស់លោក Trump ក្នុងការធ្វើឱ្យអាមេរិកអស្ចារ្យម្តងទៀត ជាមួយនឹងចក្ខុវិស័យរបស់ចិនក្នុងការស្តារភាពរុងរឿងរបស់ប្រទេសឡើងវិញ។ គោលដៅរយៈពេលវែងរបស់លោក Xi គឺពង្រឹងចិនឱ្យក្លាយជាមហាអំណាចពិភពលោកដែលមានសមត្ថភាពខ្ពស់ក្នុងវិស័យយោធា ឧស្សាហកម្ម និងបច្ចេកវិទ្យា។

ការរីកចម្រើនរបស់ចិនក្នុងវិស័យទាំងនេះបានជំរុញឱ្យសហរដ្ឋអាមេរិកដាក់ចេញវិធានការការពារនានា រួមទាំងការរឹតត្បិតលើការនាំចូលរបស់ចិន ការវិនិយោគ និងការចូលប្រើបច្ចេកវិទ្យាអាមេរិក។ ទោះបីជាយ៉ាងនេះក្តី ចិននៅតែរក្សាបានសមត្ថភាពខ្លាំងក្នុងវិស័យ AI មនុស្សយន្ត និងការផលិតទំនិញសំខាន់ៗ ដូចជាលោហធាតុកម្រ ដែលសហរដ្ឋអាមេរិកនៅតែត្រូវការសម្រាប់ឧស្សាហកម្មជាច្រើន។ កត្តាទាំងនេះបានធ្វើឱ្យលោក Xi ចូលរួមក្នុងកិច្ចប្រជុំជាមួយស្ថានភាពចរចាដែលមានភាពរឹងមាំជាងមុន បើប្រៀបធៀបនឹងដំណើរទស្សនកិច្ចរបស់លោកនៅទីក្រុងវ៉ាស៊ីនតោនកាលពីមុន។

ស្ថិរភាពក្នុងទំនាក់ទំនងអាមេរិក-ចិន ត្រូវបានអ្នកសង្កេតការណ៍មួយចំនួនចាត់ទុកថាជាសញ្ញាវិជ្ជមានរួចទៅហើយ បន្ទាប់ពីការប្រឈមមុខដាក់គ្នារវាងប្រទេសទាំងពីរបានប៉ះពាល់ដល់ភូមិសាស្ត្រនយោបាយ និងខ្សែច្រវាក់ផ្គត់ផ្គង់សកល។ ប៉ុន្តែដំណើរទស្សនកិច្ចនេះត្រូវបានមើលឃើញថា មានលក្ខណៈស្រដៀងនឹងដំណើររបស់លោក Trump ទៅកាន់ទីក្រុងប៉េកាំងកាលពីខែឧសភា ដែលមានកាយវិការជានិមិត្តរូបធំៗ ប៉ុន្តែមិនទាន់មានសកម្មភាពជាក់ស្តែងច្រើនលើបញ្ហាសំខាន់ៗ។ 

ស្ថានការណ៍នយោបាយក្នុងស្រុកក៏បានបង្កើតសម្ពាធបន្ថែមលើលោក Trump ខណៈសហរដ្ឋអាមេរិកប្រឈមនឹងបញ្ហាពីសង្គ្រាមជាមួយអ៊ីរ៉ង់ និងការកើនឡើងនៃអតិផរណា មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកា។

ជាមួយគ្នានេះ ការសម្រេចចិត្តរបស់លោក Trump ក្នុងការរារាំងអ្នកសារព័ត៌មានមួយចំនួនពីសេតវិមាន ក៏បានបង្កភាពចម្រូងចម្រាសជុំវិញការផ្សព្វផ្សាយកិច្ចប្រជុំកំពូលនេះ។ តុលាការបានលុបចោលការហាមឃាត់នេះនៅពេលក្រោយ ប៉ុន្តែសកម្មភាពរបស់លោក Trump បានបង្កការព្រួយបារម្ភអំពីរបៀបដែលជំនួបនេះនឹងត្រូវបានបង្ហាញជាសាធារណៈ។ ខុសពីដំណើររបស់លោក Trump ទៅកាន់ទីក្រុងប៉េកាំង លោក Xi បានមកទីក្រុងវ៉ាស៊ីនតោនដោយមិនមានវត្តមានមន្ត្រីជាន់ខ្ពស់ផ្នែកពាណិជ្ជកម្ម និងតំណាងធុរកិច្ចច្រើននោះទេ។ អ្នកសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិ Cui Hongjian បានប្រាប់ CNN ថា ការខ្វះតំណាងពីវិស័យធុរកិច្ចបង្ហាញថា ទំនាក់ទំនងអាមេរិក-ចិនមិនទាន់សម្រេចបានរបកគំហើញធំមួយក្នុងវិស័យពាណិជ្ជកម្ម និងអាជីវកម្មឡើយ។

លោកបាននិយាយថា ភាគីទាំងពីរនៅតែផ្តោតលើការធ្វើឱ្យស្ថានការណ៍នយោបាយមានស្ថិរភាពជាមុនសិន។ ទីប្រឹក្សាក្រសួងការបរទេសចិន Wu Xinbo ក៏បានលើកឡើងពីការព្រួយបារម្ភនៅទីក្រុងប៉េកាំងថា មន្ត្រីមួយចំនួនក្នុងរដ្ឋបាលលោក Trump អាចមានជំហរមិនសូវវិជ្ជមានចំពោះទំនាក់ទំនងជាមួយចិន បើប្រៀបធៀបនឹងលោក Trump ផ្ទាល់។

លោក Xi បានអំពាវនាវឱ្យសហរដ្ឋអាមេរិកបន្តស្វាគមន៍ក្រុមហ៊ុន និងអាជីវកម្មចិន ខណៈលោក Trump បានលើកឡើងពីប្រវត្តិយូរលង់នៃពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។ ទោះជាយ៉ាងណា ក្រោមបរិយាកាសនៃពិធីទទួលស្វាគមន៍ និងពាក្យសរសើរគ្នាទៅវិញទៅមក បញ្ហាសំខាន់ៗជាច្រើននៅតែមិនទាន់ត្រូវបានដោះស្រាយ។ បញ្ហាមួយក្នុងចំណោមអាទិភាពសំខាន់របស់លោក Xi គឺការកាត់បន្ថយការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះតៃវ៉ាន់ ដែលចិនចាត់ទុកថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។ ការបង្រួបបង្រួមតៃវ៉ាន់ជាមួយចិន គឺជាផ្នែកសំខាន់មួយនៃគោលដៅរបស់លោក Xi ក្នុងការស្តារភាពរុងរឿងរបស់ប្រទេសចិន។  តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ លោក Xi បានជំរុញឱ្យលោក Trump ប្រឆាំងនឹងឯករាជ្យភាពរបស់តៃវ៉ាន់។ សហរដ្ឋអាមេរិកបានរក្សាជំហរមិនច្បាស់លាស់ជាយូរមកហើយចំពោះស្ថានភាពអធិបតេយ្យភាពរបស់តៃវ៉ាន់ ខណៈបន្តផ្តល់អាវុធសម្រាប់ការពារខ្លួនដល់កោះនេះក្រោមច្បាប់ទំនាក់ទំនងតៃវ៉ាន់។

ចិនធ្លាប់ព្រមានថា ការគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់អាចនាំទៅរកជម្លោះយោធា។ ទោះជាយ៉ាងណា សហរដ្ឋអាមេរិកមិនបានចេញសេចក្តីថ្លែងការណ៍ជាក់លាក់អំពីបញ្ហានេះ បន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍នោះទេ។ បញ្ហាមួយទៀតគឺការអភិវឌ្ឍបញ្ញាសិប្បនិម្មិត។ លោក Xi បានអំពាវនាវឱ្យសហរដ្ឋអាមេរិកធ្វើការជាមួយចិន ដើម្បីគ្រប់គ្រងការអភិវឌ្ឍ AI ប្រកបដោយទំនួលខុសត្រូវ ខណៈប្រទេសទាំងពីរកំពុងប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្នុងវិស័យបច្ចេកវិទ្យានេះ។

ការរីកចម្រើនរបស់ AI បានបង្កើនការព្រួយបារម្ភអំពីហានិភ័យនៃបច្ចេកវិទ្យាដែលអាចលើសពីការគ្រប់គ្រងរបស់មនុស្ស។ មេដឹកនាំក្រុមហ៊ុន AI ធំៗមួយចំនួននៅសហរដ្ឋអាមេរិកបានអំពាវនាវឱ្យមានការគ្រប់គ្រងកាន់តែប្រុងប្រយ័ត្ន ខណៈលោក Trump បានច្រានចោលការព្រួយបារម្ភមួយចំនួនអំពី AI ដោយអះអាងថា វាអាចផ្តល់អត្ថប្រយោជន៍ដល់ចិន។ ទន្ទឹមនឹងនេះ ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ចិនក្នុងវិស័យ AI ទោះបីជាមានការរឹតត្បិតលើការនាំចេញបច្ចេកវិទ្យាពីសហរដ្ឋអាមេរិក ក៏បានបង្កការព្រួយបារម្ភក្នុងចំណោមមន្ត្រីអាមេរិក។ មន្ត្រីអាមេរិកបានចោទប្រកាន់ក្រុមហ៊ុនចិនមួយចំនួនថាបានប្រើប្រាស់ ឬកាត់បន្ថយម៉ូដែល AI របស់អាមេរិក ខណៈចិនបានព្រមានថានឹងចាត់វិធានការឆ្លើយតប ប្រសិនបើសហរដ្ឋអាមេរិកព្យាយាមរារាំងការអភិវឌ្ឍ AI របស់ចិន។

ទោះជាមានភាពខុសគ្នាលើបញ្ហាសំខាន់ៗទាំងនេះក៏ដោយ សារសំខាន់របស់លោក Xi ក្នុងជំនួបនេះ គឺការរក្សាស្ថិរភាព និងជំរុញឱ្យប្រទេសទាំងពីររួមរស់ដោយសន្តិភាព និងបន្តកិច្ចសហប្រតិបត្តិការ។

ជំនួបរវាងមេដឹកនាំអាមេរិក និងចិនបានបង្ហាញពីការបន្ធូរបន្ថយភាពតានតឹងមួយកម្រិត ប៉ុន្តែបញ្ហាយុទ្ធសាស្ត្រសំខាន់ៗ ចាប់ពីពាណិជ្ជកម្ម តៃវ៉ាន់ រហូតដល់បច្ចេកវិទ្យា និង AI នៅតែជាបញ្ហាប្រឈមសម្រាប់ទំនាក់ទំនងរវាងមហាអំណាចទាំងពីរ។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ CNN