អាថែន៖ មនុស្ស៥នាក់បានបាត់ខ្លួន កាលពីថ្ងៃសុក្រ ទី២៥ ខែកញ្ញា បន្ទាប់ពីការផ្ទុះមួយបានបណ្តាលឱ្យអគារលំនៅដ្ឋានមួយដួលរលំ នៅតំបន់ទេសចរណ៍កណ្តាលទីក្រុងអាថែន ប្រទេសក្រិក។ ហេតុការណ៍នេះបានបណ្តាលឱ្យមនុស្ស៣នាក់រងរបួស និងបង្កការខូចខាតដល់ផ្ទះ ហាង និងរថយន្តជាច្រើននៅក្នុងតំបន់ប្រវត្តិសាស្ត្រ។ មូលហេតុនៃការផ្ទុះនៅក្នុងអគារកម្ពស់២ជាន់ ស្ថិតនៅតំបន់ Plaka ក្បែរតំបន់ទេសចរណ៍ល្បីៗដូចជា Acropolis និងប្រាសាទ Temple of Zeus នៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។
ការផ្ទុះបានបំផ្លាញអគារយ៉ាងធ្ងន់ធ្ងរ ដោយបន្សល់ទុកតែគំនរលោហៈរមួល យ៉របាក់បែក និងផ្ទាំងបេតុងដែលកំពុងព្យួរ។ កម្លាំងនៃការផ្ទុះក៏បានធ្វើឱ្យដុំថ្ម និងកញ្ចក់បែកខ្ទាតទៅឆ្ងាយប្រមាណ៣ប្លុកពីកន្លែងកើតហេតុ។ មន្ត្រីម្នាក់បានប្រាប់រ៉យទ័រថា ក្រុមពន្លត់អគ្គិភ័យកំពុងស្វែងរកមនុស្ស៥នាក់ដែលអាចនៅក្នុងអគារនៅពេលកើតហេតុ ក្នុងនោះមានប្តីប្រពន្ធវ័យចំណាស់មួយគូដែលរស់នៅទីនោះ។ មន្ត្រីប៉ូលិសម្នាក់បានបញ្ជាក់ថា ផ្នែកមួយនៃអគារត្រូវបានជួលសម្រាប់ភ្ញៀវទេសចរ។

តំបន់ Plaka ជាតំបន់ទេសចរណ៍ដ៏សំខាន់មួយរបស់ទីក្រុងអាថែន ដែលមានសណ្ឋាគារ និងកន្លែងស្នាក់នៅរយៈពេលខ្លីជាច្រើន។ តាមដងផ្លូវតូចចង្អៀតក្នុងតំបន់នេះ ក៏មានហាងកាហ្វេ និងហាងលក់វត្ថុអនុស្សាវរីយ៍ជាច្រើន ដែលតែងតែមានភ្ញៀវទេសចរដើរឆ្លងកាត់។ បន្ទាប់ពីការផ្ទុះ ក្រុមពន្លត់អគ្គិភ័យ និងរថយន្តសង្គ្រោះបន្ទាន់បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ខណៈផ្សែងបានហុយឡើងពីតំបន់ក្បែរប្រាសាទបុរាណ។ អ្នកស្រុកម្នាក់ឈ្មោះ Andreas Martzaklis បានពិពណ៌នាថា កម្លាំងនៃការផ្ទុះមានសភាពខ្លាំង ដល់ថ្នាក់ធ្វើឱ្យគេមានអារម្មណ៍ដូចជាអគារ និងប្លុកទាំងមូលត្រូវបានបំផ្លាញ។

អាជ្ញាធរបានឱ្យដឹងថា អ្នកដំណើរម្នាក់បានរងរបួស ខណៈស្ត្រី២នាក់ដែលជាប់នៅក្នុងអគារមួយក្បែរកន្លែងកើតហេតុ ត្រូវបានជួយសង្គ្រោះ និងបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ក្រុមសង្គ្រោះបន្ទាន់នៅតែបន្តប្រតិបត្តិការស្វែងរកមនុស្សដែលបាត់ខ្លួន ខណៈមូលហេតុនៃការផ្ទុះកំពុងស្ថិតក្រោមការស៊ើបអង្កេត។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters