ឡុងដ៍៖ សកម្មភាពអាជីវកម្មនៅទូទាំងតំបន់ចាយប្រាក់អឺរ៉ូបានកើនឡើងខ្លាំងក្នុងខែកញ្ញា ដោយកើនក្នុងល្បឿនលឿនបំផុតក្នុងរយៈពេលជាង៣ឆ្នាំ និងលើសពីការរំពឹងទុករបស់អ្នកវិភាគ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុននានាក៏កំពុងប្រឈមនឹងការកើនឡើងនៃថ្លៃប្រតិបត្តិការ និងសម្ពាធអតិផរណាផងដែរ។
យោងតាមទិន្នន័យបឋមរបស់ S&P Global សន្ទស្សន៍ទិន្នផល PMI រួមនៃតំបន់ចាយប្រាក់អឺរ៉ូ បានកើនឡើងដល់ ៥៣.១ ក្នុងខែកញ្ញា ពី ៥២.០ ក្នុងខែសីហា។ កម្រិតនេះជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែមេសា ឆ្នាំ២០២៣ និងខ្ពស់ជាងការរំពឹងទុករបស់អ្នកវិភាគ ដែលរំពឹងថាសន្ទស្សន៍នឹងធ្លាក់ចុះមកត្រឹម ៥១.៧។ សន្ទស្សន៍ PMI លើសពីកម្រិត ៥០ បង្ហាញថា សកម្មភាពអាជីវកម្មកំពុងបន្តពង្រីក ខណៈកម្រិតក្រោម ៥០ បង្ហាញពីការធ្លាក់ចុះ។

លោក Chris Williamson ប្រធានសេដ្ឋវិទូពាណិជ្ជកម្មរបស់ S&P Global បាននិយាយថា ការកើនឡើងនៃសម្ពាធអតិផរណានៅក្នុងខែកញ្ញា មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ដោយសារតម្លៃថាមពលកើនឡើងពាក់ព័ន្ធនឹងជម្លោះដែលកំពុងបន្តនៅមជ្ឈិមបូព៌ា។ ទោះជាយ៉ាងណា លោកចាត់ទុកភាពធន់នៃកំណើនសេដ្ឋកិច្ចក្នុងតំបន់ថា ជាសញ្ញាវិជ្ជមាន។ ការបញ្ជាទិញថ្មីជារួមក៏បានកើនឡើងក្នុងល្បឿនលឿនបំផុតក្នុងរយៈពេលជាង៤ឆ្នាំ ដោយទទួលបានការគាំទ្រពីការកើនឡើងនៃការនាំចេញ រួមទាំងពាណិជ្ជកម្មរវាងប្រទេសក្នុងតំបន់ចាយប្រាក់អឺរ៉ូ។
វិស័យសេវាកម្ម និងផលិតកម្មសុទ្ធតែបានរួមចំណែកដល់ការពង្រីកសកម្មភាពអាជីវកម្ម។ សន្ទស្សន៍ PMI វិស័យសេវាកម្មបានកើនឡើងដល់ ៥៣.០ ពី ៥១.៦ ក្នុងខែសីហា ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជិតមួយឆ្នាំ និងលើសការរំពឹងទុកថានឹងធ្លាក់ចុះមកត្រឹម ៥១.៥។ សម្រាប់វិស័យផលិតកម្ម សន្ទស្សន៍ PMI បានរក្សានៅ ៥២.៧ ដូចកាលពីខែសីហា ខណៈសន្ទស្សន៍វាស់ស្ទង់ទិន្នផល ដែលត្រូវបានបញ្ចូលក្នុងសន្ទស្សន៍ PMI រួម បានកើនឡើងដល់ ៥៣.៤ ពី ៥៣.៣។ ដោយសារតម្រូវការកើនឡើង ក្រុមហ៊ុននានាបានបង្កើនការជ្រើសរើសបុគ្គលិក ប៉ុន្តែពួកគេក៏ត្រូវប្រឈមនឹងការកើនឡើងនៃថ្លៃធាតុចូល ជាពិសេសតម្លៃថាមពល ដែលបានជំរុញឱ្យថ្លៃដើមផលិតកម្ម និងប្រតិបត្តិការកើនឡើង។ ក្រុមហ៊ុនមួយចំនួនបានបញ្ជូនការកើនឡើងនៃថ្លៃដើមទាំងនេះទៅកាន់អតិថិជនតាមរយៈការដំឡើងតម្លៃ។
កាលពីដើមខែនេះ ធនាគារកណ្តាលអឺរ៉ុប (ECB) បានដំឡើងអត្រាការប្រាក់ជាលើកទី២ ក្នុងឆ្នាំនេះ ដើម្បីទប់ស្កាត់សម្ពាធអតិផរណាដែលជំរុញដោយតម្លៃថាមពល និងបានព្រមានថា សម្ពាធលើតម្លៃអាចបន្តក្នុងរយៈពេលយូរ។ លោក Williamson បានបន្ថែមថា ភាពធន់នៃកំណើនសេដ្ឋកិច្ច ទោះបីប្រឈមនឹងបញ្ហាភូមិសាស្ត្រនយោបាយ និងការកើនឡើងនៃតម្លៃក៏ដោយ អាចបង្កើនសម្ពាធលើ ECB ឱ្យពិចារណាដំឡើងអត្រាការប្រាក់បន្ថែមទៀតនៅចុងឆ្នាំនេះ ខណៈការកើនឡើងនៃថ្លៃថាមពលនៅតែជាបញ្ហាសំខាន់សម្រាប់សេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូ។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters