[រីយ៉ាដ]៖ សហរដ្ឋអាមេរិកបានព្រមានថា ជម្លោះរវាងអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូទី ដែលមានការគាំទ្រពីអ៊ីរ៉ង់ អាចនឹងកើនឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពីមានការវាយប្រហារដោយមីស៊ីលសំដៅទៅទីក្រុងរីយ៉ាដ ជាលើកដំបូងចាប់តាំងពីសង្គ្រាមនៅយេម៉ែនបានចាប់ផ្តើមឡើងវិញ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ចប់ការស្នាក់នៅរយៈពេលខ្លីនៅឯជំរំប្រធានាធិបតី Camp David ក្នុងរដ្ឋ Maryland ដោយត្រឡប់ទៅសេតវិមានវិញដោយមិនបានរំពឹងទុក។ សេតវិមានមិនបានបញ្ជាក់ពីមូលហេតុនៃការវិលត្រឡប់នេះទេ ខណៈការវិវត្តថ្មីបានកើតឡើងក្នុងជម្លោះរវាងអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូទី ដែលគ្រប់គ្រងតំបន់ធំៗនៅប្រទេសយេម៉ែន។

កាលពីថ្ងៃសៅរ៍ ការផ្ទុះយ៉ាងខ្លាំងបានកើតឡើងនៅរដ្ឋធានីរីយ៉ាដ។ អ្នកកាសែតបានរាយការណ៍ថា ធុងប្រេងមួយដែលមានស្លាកសញ្ញាក្រុមហ៊ុនប្រេង អារ៉ាមកូ ត្រូវបានភ្លើងឆេះនៅក្បែរអាកាសយានដ្ឋាន។ ក្រសួងការបរទេសអាមេរិកបានព្រមានថា ជម្លោះយោធានេះអាចកើនឡើងយ៉ាងឆាប់រហ័ស ហើយបានណែនាំឱ្យពលរដ្ឋអាមេរិកនៅក្រៅតំបន់មជ្ឈិមបូព៌ា ពិចារណាឡើងវិញយ៉ាងប្រុងប្រយ័ត្នចំពោះការធ្វើដំណើរទៅកាន់ ឬឆ្លងកាត់តំបន់នេះ។

ជាមួយគ្នានេះ ក្រសួងការបរទេសអាមេរិកបានរឹតត្បិតការធ្វើដំណើររបស់បុគ្គលិករដ្ឋាភិបាលអាមេរិកទៅកាន់ទីក្រុងតាអ៊ីហ្វ និងយ៉ានប៊ូ របស់អារ៉ាប៊ីសាអូឌីត។ ទីក្រុងយ៉ានប៊ូ គឺជាទីតាំងសំខាន់សម្រាប់ការនាំចេញប្រេងនៅតំបន់សមុទ្រក្រហម និងធ្លាប់ជាគោលដៅនៃការវាយប្រហាររបស់ក្រុមហ៊ូទី។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ការវាយប្រហាររបស់ក្រុមហ៊ូទីបានបណ្តាលឱ្យមនុស្សរាប់រយនាក់ស្លាប់ និងបង្ខំឱ្យមនុស្សជាង ១១០,០០០នាក់ផ្លាស់ទីលំនៅទៅកាន់ទីកន្លែងផ្សេងៗ បើយោងតាមទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ។ អំពើហិង្សាក៏បានរំខានដល់ការនាំចេញប្រេងរបស់អារ៉ាប៊ីសាអូឌីត ដែលជាប្រទេសផ្គត់ផ្គង់ប្រេងឆៅដ៏សំខាន់មួយរបស់ពិភពលោក ព្រមទាំងប៉ះពាល់ដល់ចរាចរណ៍តាមផ្លូវសមុទ្រផងដែរ។

សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តរបស់អារ៉ាប៊ីសាអូឌីត បានបញ្ជូនសញ្ញាផ្សេងៗគ្នាអំពីជម្លោះនេះ។ តាមសារព័ត៌មានអាមេរិក Axios ទីក្រុងវ៉ាស៊ីនតោនបានបដិសេធកាលពីសប្តាហ៍មុនចំពោះសំណើរបស់អារ៉ាប៊ីសាអូឌីត ដែលស្នើឱ្យមានការវាយប្រហារលើក្រុមហ៊ូទី។ ចំណែកសារព័ត៌មាន Fox News បានរាយការណ៍ថា លោក ត្រាំ បាននិយាយថា ក្រុមហ៊ូទីបានយល់ព្រមមិនវាយប្រហារគោលដៅរបស់សហរដ្ឋអាមេរិក។

កាលពីថ្ងៃអាទិត្យ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលអាមេរិក លោក ចន រ៉ាត់ក្លីហ្វ បានជួបប្រធានាធិបតីអេហ្ស៊ីប លោក អាប់ឌែល ហ្វាតតា អាល់ស៊ីស៊ី ក្នុងដំណើរទស្សនកិច្ចដ៏កម្រមួយទៅកាន់ទីក្រុងគែរ។ ដំណើរទស្សនកិច្ចនេះបានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត ម៉ូហាម៉េដ ប៊ីន សាល់ម៉ាន បានធ្វើដំណើរទៅកាន់រដ្ឋធានីអេហ្ស៊ីប។ ក្នុងជំនួបជាមួយលោក អាល់ស៊ីស៊ី មេដឹកនាំទាំងពីរបានជំរុញឱ្យមានការធ្វើនាវាចរណ៍ប្រកបដោយសុវត្ថិភាព និងសន្តិសុខតាមច្រកសមុទ្រ បាប អាល់ម៉ាន់ដាប់ បន្ទាប់ពីក្រុមហ៊ូទីបានកាន់កាប់តំបន់ឆ្នេរសមុទ្រមួយចំនួនរបស់យេម៉ែន។

ច្រកសមុទ្រ បាប អាល់ម៉ាន់ដាប់ គឺជាផ្លូវទឹកដ៏សំខាន់មួយនៅច្រកចូលសមុទ្រក្រហម ដែលមានសារៈសំខាន់ចំពោះការដឹកជញ្ជូន និងលំហូរថាមពលនៅទូទាំងពិភពលោក។ សារៈសំខាន់របស់ច្រកនេះកាន់តែកើនឡើង ខណៈច្រកសមុទ្រ ហ័រមូស ត្រូវបានអ៊ីរ៉ង់រារាំង។ រដ្ឋមន្ត្រីការបរទេសតួកគី លោក ហាកាន ហ្វីដង់ បានថ្កោលទោសការវាយប្រហារចុងក្រោយរបស់ក្រុមហ៊ូទី និងបានប្រាប់សារព័ត៌មាន NTV ថា តួកគីបានពិភាក្សាជាមួយអារ៉ាប៊ីសាអូឌីត និងប៉ាគីស្ថាន អំពីលទ្ធភាពផ្តល់ជំនួយ។ លោកបានបញ្ជាក់ថា ប្រសិនបើមានតម្រូវការផ្នែកយោធា ជាពិសេសផ្នែកបច្ចេកទេស តួកគីអាចពិចារណាបំពេញតម្រូវការទាំងនោះ។

ចំណែកអារ៉ាប៊ីសាអូឌីត បានព្យាយាមទប់ស្កាត់ការវាយប្រហាររបស់ក្រុមហ៊ូទីលើទឹកដីរបស់ខ្លួន។ កាលពីថ្ងៃអាទិត្យ ឯកសារផ្លូវការសំខាន់ៗមួយចំនួនរបស់អារ៉ាប៊ីសាអូឌីត មិនបានលើកឡើងលម្អិតអំពីការវាយប្រហារលើទីក្រុងរីយ៉ាដទេ។ ទោះជាយ៉ាងណា ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតបានប្រកាសថា មីស៊ីលបាលិស្ទីគដែលក្រុមហ៊ូទីបាញ់ចេញ ត្រូវបានស្ទាក់ចាប់ និងបំផ្លាញ។ ក្រុមចម្រុះបានបន្ថែមថា ក្រុមប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់បានព្យាយាមកំណត់គោលដៅលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅតាមទីក្រុងមួយចំនួននៅភាគខាងលិចអារ៉ាប៊ីសាអូឌីត រួមទាំងកំពង់ផែយ៉ានប៊ូ ដែលជាមជ្ឈមណ្ឌលនាំចេញប្រេងដ៏សំខាន់។ អារ៉ាប៊ីសាអូឌីតបានឆ្លើយតបដោយការវាយប្រហារតាមផ្លូវអាកាសជាបន្តបន្ទាប់លើតំបន់ដែលក្រុមហ៊ូទីគ្រប់គ្រង ប៉ុន្តែការវាយប្រហារទាំងនេះមិនអាចបញ្ឈប់ការរីកចម្រើនរបស់ក្រុមប្រយុទ្ធនៅក្នុងប្រទេសយេម៉ែនបានទេ។

អ្នកនាំពាក្យយោធារបស់ក្រុមហ៊ូទី លោក យ៉ាហ៍យ៉ា សារី បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារ ដោយនិយាយថា ក្រុមនេះបានធ្វើប្រតិបត្តិការយោធាចំនួនពីរលើក ដោយប្រើមីស៊ីលបាលិស្ទីគ មីស៊ីលគ្រូស និងយន្តហោះដ្រូនជាច្រើនគ្រឿង។ លោកថា គោលដៅទីមួយស្ថិតនៅរដ្ឋធានីរីយ៉ាដ និងគោលដៅទីពីរគឺទីតាំងរបស់ក្រុមហ៊ុន អារ៉ាមកូ នៅទីក្រុងយ៉ានប៊ូ។

លោក Andreas Krieg អ្នកស្រាវជ្រាវនៅមហាវិទ្យាល័យ King’s College London បានចាត់ទុកការវាយប្រហារលើទីក្រុងរីយ៉ាដថា ជាការវិវត្តដ៏សំខាន់មួយក្នុងជម្លោះ ដោយសារវាជាការវាយប្រហារដំបូងដែលបង្កការគំរាមកំហែងដល់រដ្ឋធានីអារ៉ាប៊ីសាអូឌីត ចាប់តាំងពីសង្គ្រាមស៊ីវិលនៅយេម៉ែនបានចាប់ផ្តើមឡើងវិញ។ លោកបានពន្យល់ថា អារ៉ាប៊ីសាអូឌីតអាចទប់ទល់នឹងការវាយប្រហារជាបន្តបន្ទាប់លើទីតាំងយោធា ឬហេដ្ឋារចនាសម្ព័ន្ធថាមពលដែលស្ថិតនៅឆ្ងាយបានងាយជាងការប្រឈមនឹងការគំរាមកំហែងជាបន្តបន្ទាប់ទៅលើទីក្រុងរីយ៉ាដផ្ទាល់។ លោកបន្ថែមថា សកម្មភាពនៅជុំវិញអាកាសយានដ្ឋាន កន្លែងផ្ទុកប្រេងឥន្ធនៈ និងតំបន់ដែលមានប្រជាជនរស់នៅច្រើន អាចធ្វើឱ្យការរក្សាការអត់ធ្មត់ផ្នែកនយោបាយ និងយុទ្ធសាស្ត្រកាន់តែពិបាក។

ការវាយប្រហារនេះក៏បានបង្កសម្ពាធបន្ថែមលើសេដ្ឋកិច្ចពិភពលោក ដែលកំពុងរងផលប៉ះពាល់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា។ ជម្លោះនេះបានចាប់ផ្តើមកាលពីខែកុម្ភៈ ដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ ហើយអ៊ីរ៉ង់បានឆ្លើយតបដោយការវាយប្រហារទៅកាន់គោលដៅនានានៅទូទាំងតំបន់។ ក្រុមប្រដាប់អាវុធដែលមានការគាំទ្រពីអ៊ីរ៉ង់ក៏បានចូលរួមក្នុងជម្លោះនេះផងដែរ ដោយក្រុមហេសបូឡា នៅប្រទេសលីបង់ និងក្រុមហ៊ូទីនៅយេម៉ែន បានធ្វើការវាយប្រហារប្រឆាំងនឹងគូប្រជែងរបស់ខ្លួន។

ជាមួយគ្នានេះ អ្នកចរចាជាន់ខ្ពស់របស់អ៊ីរ៉ង់បាននិយាយថា ទីក្រុងតេអេរ៉ង់បានបញ្ជូនលក្ខខណ្ឌរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក តាមរយៈអ្នកសម្រុះសម្រួល ដើម្បីពិភាក្សាអំពីការបើកច្រកសមុទ្រ ហ័រមូស ឡើងវិញ។ ច្រកសមុទ្រដ៏សំខាន់នេះត្រូវបានរារាំងអស់រយៈពេលពេញមួយជម្លោះនៅមជ្ឈិមបូព៌ា។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាប់បាស អារ៉ាក់ជី ក៏បានចាកចេញពីប្រទេសកាលពីថ្ងៃអាទិត្យ ដើម្បីធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉ក ចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ The Japan Times