ម៉ាឌ្រីដ៖ រដ្ឋាភិបាលអេស្ប៉ាញបានសម្រេចពង្រីកប្រតិបត្តិការរបស់រោងចក្រថាមពលនុយក្លេអ៊ែរ Almaraz រហូតដល់ខែមិថុនា ឆ្នាំ២០៣០ ខណៈប្រទេសនេះកំពុងពិចារណាឡើងវិញអំពីអនាគតថាមពលនុយក្លេអ៊ែរ ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងអំពីសន្តិសុខថាមពល និងការផ្គត់ផ្គង់អគ្គិសនី។ យោងតាមបទបញ្ជារបស់រដ្ឋាភិបាលដែលត្រូវបានចេញផ្សាយក្នុង Gazette ផ្លូវការ កាលពីថ្ងៃសុក្រ ទី១៤ ខែសីហា ការពន្យារប្រតិបត្តិការនេះអនុញ្ញាតឱ្យរោងចក្រ Almaraz បន្តផលិតអគ្គិសនីរហូតដល់ខែមិថុនា ឆ្នាំ២០៣០។
ការសម្រេចនេះកើតឡើងក្រោមផែនការរបស់អេស្ប៉ាញដែលមានគោលដៅបញ្ចប់ប្រតិបត្តិការរោងចក្រថាមពលនុយក្លេអ៊ែរចំនួន៥ របស់ខ្លួននៅត្រឹមឆ្នាំ២០៣៥។ រោងចក្រ Almaraz មានរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន២ ដែលតាមកាលវិភាគដើម ត្រូវចាប់ផ្តើមដំណើរការបិទនៅឆ្នាំ២០២៧ និង២០២៨។ ទោះបីការពន្យារប្រតិបត្តិការរបស់ Almaraz ត្រូវបានអនុម័តក៏ដោយ រដ្ឋាភិបាលបានបញ្ជាក់ថា ការសម្រេចនេះមិនបានផ្លាស់ប្តូរកាលវិភាគទូទៅសម្រាប់ការបញ្ចប់រោងចក្រនុយក្លេអ៊ែរដែលនៅសេសសល់នោះទេ។ ទោះជាយ៉ាងណា អ្នកវិភាគមួយចំនួនរំពឹងថា រោងចក្រផ្សេងទៀតអាចនឹងទទួលបានការពន្យារប្រតិបត្តិការផងដែរ ដោយសារតែការលំបាកក្នុងការរំលាយរោងចក្រជាច្រើនក្នុងពេលតែមួយ។

ការសម្រេចចិត្តនេះក៏កើតឡើងបន្ទាប់ពីការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំដែលបានកើតឡើងនៅអេស្ប៉ាញ និងព័រទុយហ្គាល់ក្នុងខែមេសា ឆ្នាំ២០២៥។ ឧបទ្ទវហេតុនោះបានជំរុញឱ្យមានការជជែកវែកញែកជាថ្មីអំពីតួនាទីរបស់ថាមពលនុយក្លេអ៊ែរ ក្នុងការធានាស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនី។ ថាមពលនុយក្លេអ៊ែរមានចំណែកប្រហែលមួយភាគប្រាំនៃការផលិតអគ្គិសនីសរុបរបស់អេស្ប៉ាញ។ ដូច្នេះ ក្រុមហ៊ុនថាមពល និងវិស័យអាជីវកម្មមួយចំនួនបានអំពាវនាវឱ្យរដ្ឋាភិបាលពិនិត្យឡើងវិញនូវផែនការបិទរោងចក្រនុយក្លេអ៊ែរ។ ការស៊ើបអង្កេតជាច្រើនបានផ្តោតលើបញ្ហាកើនឡើងនៃវ៉ុលអគ្គិសនី ជាផ្នែកមួយនៃមូលហេតុដែលពាក់ព័ន្ធនឹងការដាច់ចរន្តអគ្គិសនី។ ទោះជាយ៉ាងណា បទបញ្ជារបស់រដ្ឋាភិបាលស្តីពីការពន្យារប្រតិបត្តិការ Almaraz មិនបានយោងដោយផ្ទាល់ទៅលើការដាច់ចរន្តអគ្គិសនីនោះទេ។
ផ្ទុយទៅវិញ ឯកសាររបស់រដ្ឋាភិបាលបានលើកឡើងពីផលប៉ះពាល់ថ្មីៗនៃសង្គ្រាមនៅមជ្ឈិមបូព៌ា និងភាពមិនប្រាកដប្រជាចំពោះការផ្គត់ផ្គង់ ព្រមទាំងតម្លៃឥន្ធនៈហ្វូស៊ីល។ ប្រភពពីក្រសួងថាមពលអេស្ប៉ាញក៏បានបដិសេធថា ការពន្យារប្រតិបត្តិការ Almaraz មានទំនាក់ទំនងដោយផ្ទាល់ជាមួយការដាច់ចរន្តអគ្គិសនីកាលពីឆ្នាំ២០២៥។ ការសម្រេចរបស់រដ្ឋាភិបាលបានធ្វើឡើងបន្ទាប់ពីសំណើពន្យារប្រតិបត្តិការដែលម្ចាស់រោងចក្រ Almaraz បានដាក់ស្នើកាលពីឆ្នាំមុន។ ក្រុមហ៊ុនពាក់ព័ន្ធរួមមាន Iberdrola, Endesa និង Naturgy។ សំណើនេះទទួលបានរបាយការណ៍គាំទ្រពី ក្រុមប្រឹក្សាសុវត្ថិភាពនុយក្លេអ៊ែររបស់អេស្ប៉ាញ ដោយភ្ជាប់ជាមួយលក្ខខណ្ឌមួយចំនួនដែលត្រូវបំពេញ ដើម្បីធានាសុវត្ថិភាព និងការអនុវត្តតាមបទប្បញ្ញត្តិ។ ការពន្យារប្រតិបត្តិការនេះមានសារៈសំខាន់សម្រាប់ការផ្គត់ផ្គង់អគ្គិសនីរបស់ប្រទេស ព្រោះ Almaraz ជារោងចក្រនុយក្លេអ៊ែរដ៏សំខាន់មួយរបស់អេស្ប៉ាញ និងអាចបន្តផ្តល់អគ្គិសនីក្នុងអំឡុងពេលដែលប្រទេសកំពុងពង្រីកការប្រើប្រាស់ថាមពលកកើតឡើងវិញ។
រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សសង្គមនិយមរបស់អេស្ប៉ាញ នៅតែរក្សាគោលដៅបៃតងប្រកបដោយមហិច្ឆតា ដោយជំរុញការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចកាបូនទាប និងបង្កើនការពឹងផ្អែកលើថាមពលកកើតឡើងវិញ ដូចជា ថាមពលព្រះអាទិត្យ និងថាមពលខ្យល់។ ក្នុងបរិបទនេះ ថាមពលនុយក្លេអ៊ែរត្រូវបានចាត់ទុកថាជាប្រភពថាមពលដែលអាចផលិតអគ្គិសនីដោយមិនបញ្ចេញកាបូនក្នុងដំណាក់កាលផលិតអគ្គិសនី ហើយអាចផ្តល់ការផ្គត់ផ្គង់មានស្ថិរភាព ដើម្បីបំពេញចន្លោះដែលកើតឡើងនៅពេលថាមពលព្រះអាទិត្យ ឬខ្យល់មិនអាចផលិតបានពេញលេញ។
ឯកសាររបស់រដ្ឋាភិបាលបានប៉ាន់ប្រមាណថា ការពន្យារប្រតិបត្តិការ Almaraz នឹងកាត់បន្ថយការដាក់ពង្រាយថាមពលកកើតឡើងវិញប្រហែល ១,៤% បើប្រៀបធៀបនឹងផែនការអាកាសធាតុបច្ចុប្បន្ន។ ជាមួយគ្នានេះ ការផលិតអគ្គិសនីដោយប្រើឧស្ម័នធម្មជាតិត្រូវបានរំពឹងថានឹងធ្លាក់ចុះប្រហែល ៧%។
វិស័យនុយក្លេអ៊ែររបស់អេស្ប៉ាញបានធ្វើយុទ្ធនាការអស់រយៈពេលជាយូរមកហើយ ដើម្បីឱ្យរដ្ឋាភិបាលពិនិត្យឡើងវិញនូវពន្ធដែលដាក់លើរោងចក្រនុយក្លេអ៊ែរ។ ក្រុមហ៊ុនក្នុងវិស័យនេះអះអាងថា ពន្ធខ្ពស់អាចធ្វើឱ្យការប្រកួតប្រជែងរបស់រោងចក្រថាមពលនុយក្លេអ៊ែរថយចុះ។ ទោះជាយ៉ាងណា ការពន្យារប្រតិបត្តិការ Almaraz មិនត្រូវបានភ្ជាប់ជាមួយការកាត់បន្ថយពន្ធណាមួយឡើយ។ ក្រសួងថាមពលបានបញ្ជាក់ថា ការសម្រេចនេះក៏មិនមានន័យថា អ្នកជាប់ពន្ធត្រូវទទួលបន្ទុកចំណាយបន្ថែមពីរដ្ឋាភិបាលនោះដែរ។
អ្នកវិភាគរបស់ RBC បានលើកឡើងថា ការសម្រេចចិត្តនេះអាចជាសញ្ញាមួយដែលបង្ហាញថា ការពន្យារប្រតិបត្តិការរបស់រោងចក្រនុយក្លេអ៊ែរដែលនៅសេសសល់របស់អេស្ប៉ាញ អាចនឹងក្លាយជាជម្រើសដែលកាន់តែមានភាពជាក់ស្តែង។ មូលហេតុមួយគឺបញ្ហាផ្នែកឡូជីស្ទិក ព្រោះការបិទ និងរំលាយរោងចក្រនុយក្លេអ៊ែរជាច្រើនក្នុងពេលតែមួយ អាចបង្កើតបន្ទុកការងារ និងបញ្ហាបច្ចេកទេសយ៉ាងច្រើន។
ប្រភពពីក្រសួងថាមពលអេស្ប៉ាញបានទទួលស្គាល់ថា ការដំណើរការដំណាក់កាលចុងក្រោយរបស់រោងចក្រជាច្រើនដែលត្រួតស៊ីគ្នា គឺជាបញ្ហាប្រឈមមួយ។ ប៉ុន្តែរដ្ឋាភិបាលនៅពេលនេះ នៅតែមិនទាន់សម្រេចពន្យារប្រតិបត្តិការរបស់រោងចក្រនុយក្លេអ៊ែរផ្សេងទៀតឡើយ។
ការសម្រេចចិត្តលើ Almaraz ដូច្នេះ បង្ហាញពីការប្រឈមមុខរបស់អេស្ប៉ាញក្នុងការសម្របសម្រួលរវាងគោលដៅបិទថាមពលនុយក្លេអ៊ែរ និងតម្រូវការរក្សាសន្តិសុខថាមពល។ ខណៈរដ្ឋាភិបាលនៅតែជំរុញថាមពលព្រះអាទិត្យ និងខ្យល់ ការពន្យារប្រតិបត្តិការ Almaraz អាចផ្តល់ពេលវេលាបន្ថែមសម្រាប់ប្រព័ន្ធអគ្គិសនីក្នុងការផ្លាស់ប្តូរទៅរកប្រភពថាមពលថ្មីដោយមិនបង្កើនសម្ពាធលើការផ្គត់ផ្គង់អគ្គិសនីក្នុងរយៈពេលខ្លី។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters