[ហាណូយ]៖ ក្រុមហ៊ុនអវកាសវៀតណាម VinSpace បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk ដើម្បីបញ្ជូនផ្កាយរណបដំបូងរបស់ខ្លួនទៅកាន់គន្លងតារាវិថីក្នុងឆ្នាំ២០២៧។ កិច្ចព្រមព្រៀងនេះត្រូវបានមើលឃើញថា ជាជំហានថ្មីមួយក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្មអវកាសដែលកំពុងស្ថិតក្នុងដំណាក់កាលដំបូងរបស់វៀតណាម។

តាមការប្រកាសរបស់ VinSpace ផ្កាយរណបរបស់ខ្លួននឹងត្រូវបញ្ជូនទៅកាន់ទីអវកាសតាមរយៈបេសកកម្ម Transporter rideshare របស់ SpaceX។ បេសកកម្មប្រភេទនេះអនុញ្ញាតឱ្យផ្កាយរណបរបស់អតិថិជនជាច្រើនត្រូវបានដឹកជញ្ជូនជាមួយគ្នានៅលើរ៉ុក្កែតតែមួយ ដោយអាចចែករំលែកថ្លៃដើមនៃការបាញ់បង្ហោះ។ VinSpace នឹងទទួលខុសត្រូវលើការអភិវឌ្ឍ និងប្រតិបត្តិការផ្កាយរណប ដែលមានគោលបំណងសាកល្បងបច្ចេកវិទ្យារបស់ក្រុមហ៊ុននៅក្នុងគន្លងតារាវិថី ព្រមទាំងបើកផ្លូវសម្រាប់ការអភិវឌ្ឍកម្មវិធី និងសេវាកម្មពាណិជ្ជកម្មដែលពាក់ព័ន្ធនឹងអវកាសនាពេលអនាគត។ VinSpace គឺជាក្រុមហ៊ុនមួយស្ថិតក្រោមសម្ព័ន្ធ Vingroup របស់វៀតណាម ហើយត្រូវបានបង្កើតឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៥។ ក្រុមហ៊ុនបានប្រកាសកាលពីខែមេសាថា ខ្លួនមានផែនការអភិវឌ្ឍ និងបាញ់បង្ហោះផ្កាយរណបដំបូងរបស់ខ្លួននៅឆ្នាំ២០២៧។

Vingroup ដែលបង្កើតឡើងដោយមហាសេដ្ឋីវៀតណាម Pham Nhat Vuong គឺជាក្រុមហ៊ុនឯកជនធំមួយរបស់ប្រទេស។ អាជីវកម្មរបស់សម្ព័ន្ធនេះគ្របដណ្តប់លើវិស័យជាច្រើន ដូចជា អចលនទ្រព្យ ការលក់រាយ ការថែទាំសុខភាព ការអប់រំ និងទេសចរណ៍។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Vingroup ក៏បានបង្កើនការវិនិយោគលើវិស័យបច្ចេកវិទ្យាខ្ពស់ ដូចជា រថយន្តអគ្គិសនី បញ្ញាសិប្បនិម្មិត រ៉ូបូត និងអវកាស ដែលជាផ្នែកមួយនៃការពង្រីកអាជីវកម្មរបស់ខ្លួនទៅកាន់វិស័យបច្ចេកវិទ្យាទំនើប។

សម្រាប់វៀតណាម ការចូលទៅក្នុងវិស័យអវកាសមិនមែនជារឿងថ្មីទាំងស្រុងនោះទេ។ ប្រទេសនេះបានព្យាយាមអភិវឌ្ឍសមត្ថភាពអវកាសអស់រយៈពេលជាច្រើនទសវត្សរ៍ ប៉ុន្តែបើប្រៀបធៀបនឹងមហាអំណាចអវកាសធំៗ វៀតណាមនៅតែជាអ្នកលេងតូចមួយនៅក្នុងឧស្សាហកម្មអវកាសពិភពលោក។

តាមឯកសារផ្លូវការ វៀតណាមបានបាញ់បង្ហោះផ្កាយរណបទូរគមនាគមន៍ដំបូងរបស់ខ្លួននៅឆ្នាំ២០០៨ ហើយបន្តដោយផ្កាយរណបមួយទៀតនៅឆ្នាំ២០១២។ កាលពីខែមីនា ប្រទេសនេះក៏បានសម្ពោធមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអវកាសដ៏ធំមួយនៅក្នុងឧទ្យានបច្ចេកវិទ្យាជាន់ខ្ពស់ Hoa Lac ក្នុងទីក្រុងហាណូយ ដោយមានគោលបំណងជំរុញការអភិវឌ្ឍផ្កាយរណប និងការប្រើប្រាស់ទិន្នន័យពីលំហអាកាសសម្រាប់ការអភិវឌ្ឍប្រទេស។

វៀតណាមក៏បានកំណត់គោលដៅក្លាយជាមហាអំណាចអវកាសកម្រិតមធ្យមមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នៅឆ្នាំ២០៣០។ ជាមួយគ្នានេះ កាលពីខែកុម្ភៈ ប្រទេសនេះបានអនុញ្ញាតឱ្យ SpaceX ផ្តល់សេវាអ៊ីនធឺណិតផ្កាយរណប Starlink នៅក្នុងប្រទេស ដែលបង្ហាញពីការកើនឡើងនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងក្រុមហ៊ុនអវកាសរបស់ Elon Musk។ VinSpace បានបញ្ជាក់ថា កិច្ចព្រមព្រៀងជាមួយ SpaceX គឺជាផ្នែកមួយនៃផែនការរយៈពេលវែង ដើម្បីប្រែក្លាយខ្លួនទៅជាក្រុមហ៊ុនអវកាសដែលផ្តល់សេវាកម្មគ្រប់ជ្រុងជ្រោយ។ ផែនការនេះរួមមានការអភិវឌ្ឍសមត្ថភាពចាប់ពីការរចនា និងផលិតផ្កាយរណប រហូតដល់ការបាញ់បង្ហោះ ប្រតិបត្តិការផ្កាយរណប និងការផ្តល់សេវាទិន្នន័យដែលផ្អែកលើបច្ចេកវិទ្យាលំហអាកាស។ នាយកប្រតិបត្តិក្រុមហ៊ុន VinSpace លោក Thu Vu បានលើកឡើងថា ការមានលទ្ធភាពដែលអាចទុកចិត្តបានក្នុងការចូលទៅកាន់ទីអវកាស គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់បម្លែងការច្នៃប្រឌិតផ្នែកផ្កាយរណបទៅជាបេសកកម្មដែលអាចដំណើរការបានជាក់ស្តែង។

ទោះជាយ៉ាងណា VinSpace មិនទាន់បានបង្ហាញព័ត៌មានលម្អិតអំពីតម្លៃនៃកិច្ចសន្យាជាមួយ SpaceX ឬចំនួន និងលក្ខណៈបច្ចេកទេសពេញលេញរបស់ផ្កាយរណបដែលត្រូវបាញ់បង្ហោះនៅឆ្នាំ២០២៧នៅឡើយទេ។

ការចុះកិច្ចព្រមព្រៀងនេះកើតឡើងនៅពេលដែលវៀតណាមកំពុងព្យាយាមពង្រីកសមត្ថភាពបច្ចេកវិទ្យារបស់ខ្លួន និងជំរុញវិស័យបច្ចេកវិទ្យាខ្ពស់ជាច្រើន។ ប្រសិនបើបេសកកម្មឆ្នាំ២០២៧ ដំណើរការទៅតាមផែនការ វាអាចក្លាយជាជំហានសំខាន់មួយសម្រាប់ VinSpace ក្នុងការចូលទៅក្នុងទីផ្សារអវកាសពាណិជ្ជកម្ម និងសម្រាប់វៀតណាមក្នុងការពង្រឹងតួនាទីរបស់ខ្លួនក្នុងវិស័យអវកាសនៅអាស៊ីអាគ្នេយ៍។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ ABC News