[ហ្គាហ្សា]៖ ក្រុមហាម៉ាស់ (Hamas) បានអនុម័តសេចក្តីព្រាងចុងក្រោយនៃ ផែនទីបង្ហាញផ្លូវ ដើម្បីបញ្ចប់ការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ដំណាក់កាលទី២ នៅតំបន់ហ្គាហ្សា (Gaza) ដែលនេះជាការបោះជំហានទៅមុខដ៏សំខាន់មួយក្នុងការចរចា បន្ទាប់ពីមានជម្លោះអូសបន្លាយជាងពីរឆ្នាំកន្លះមក។ 

ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគបានព្រមានថា ភាពជោគជ័យនៃកិច្ចព្រមព្រៀងនេះគឺអាស្រ័យលើការអនុវត្តជាក់ស្តែង ហើយបញ្ហាប្រឈមចំពោះសន្តិភាពនៅតែកើតមាន ដោយសារគម្លាតខុសគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់លើបញ្ហាសំខាន់ៗមួយចំនួន ដូចជា បញ្ហាអាវុធ ការដកទ័ពរបស់អ៊ីស្រាអែល និងប្រព័ន្ធគ្រប់គ្រងអភិបាលកិច្ចនៅតំបន់ហ្គាហ្សានាពេលអនាគត។

សេចក្តីព្រាងនៃដំណាក់កាលទី២ ដែលចេញផ្សាយដោយបណ្តាញព័ត៌មានប៉ាឡេស្ទីន បានបង្ហាញពីការរៀបចំផ្នែកនយោបាយ សន្តិសុខ និងរដ្ឋបាល រួមមាន ការផ្ទេរអំណាចគ្រប់គ្រងរដ្ឋបាលតំបន់ហ្គាហ្សាទៅឱ្យ «គណៈកម្មាធិការជាតិប៉ាឡេស្ទីន»។ ការរៀបចំរចនាសម្ព័ន្ធស្ថាប័នស៊ីវិល និងសន្តិសុខឡើងវិញ ការអនុវត្តការដកទ័ពរបស់អ៊ីស្រាអែលចេញជាដំណាក់កាល និងការចាប់ផ្តើមកម្មវិធីស្តារ និងកសាងឡើងវិញក្រោមការត្រួតពិនិត្យរបស់ប៉ាឡេស្ទីន និងអន្តរជាតិ។

ក្រុមហាម៉ាស់បានថ្លែងកាលពីថ្ងៃសុក្រថា ខ្លួនបានទទួលយកផែនទីបង្ហាញផ្លូវរបស់អ្នកសម្របសម្រួល ដើម្បីបញ្ចប់ការអនុវត្តដំណាក់កាលទី២ ដោយបញ្ជាក់ថា ការសម្រេចចិត្តនេះធ្វើឡើងដើម្បីផលប្រយោជន៍របស់ប្រជាជនប៉ាឡេស្ទីន។ កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា ក្រុមប្រឹក្សាសន្តិភាព បានឈានដល់កិច្ចព្រមព្រៀងសម្រាប់ «ការរំសាយអាវុធទាំងស្រុង» របស់ក្រុមហាម៉ាស់ និងក្រុមប្រដាប់អាវុធផ្សេងទៀតនៅក្នុងតំបន់ហ្គាហ្សា។

ទោះជាយ៉ាងណា នៅក្នុងសេចក្តីថ្លែងការណ៍ក្រោយមក ក្រុមហាម៉ាស់បានគូសបញ្ជាក់ថា វឌ្ឍនភាពក្នុងការអនុវត្តដំណាក់កាលទី២ ត្រូវឈរលើលក្ខខណ្ឌនៃការបញ្ចប់ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល និងការបំពេញកាតព្វកិច្ចក្រោមដំណាក់កាលទី១ ជាមុនសិន។ ក្រុមហាម៉ាស់បានបន្ថែមថា ការពិភាក្សាអំពីអាវុធធុនធ្ងន់ក្នុងដំណាក់កាលទី២ មិនមែនជា «ការរំសាយអាវុធភ្លាមៗ» នោះទេ ប៉ុន្តែវាត្រូវបានភ្ជាប់ទៅនឹងលក្ខខណ្ឌរួម រួមមាន៖ ការដកទ័ពពេញលេញរបស់អ៊ីស្រាអែលចេញពីហ្គាហ្សា ការចាប់ផ្តើមការកសាងឡើងវិញ ការដាក់ពង្រាយកម្លាំងអន្តរជាតិ និងការធានាសិទ្ធិស្វ័យសម្រេចរបស់ប្រជាជនប៉ាឡេស្ទីន។

លោក បាសេម ណែម (Basem Naim) សមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាស់ បានថ្លែងថា ឥឡូវនេះ បាល់គឺនៅក្នុងដៃរបស់អ៊ីស្រាអែល ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន។ ចំពោះកត្តាជំរុញជាមូលដ្ឋាននៅពីក្រោយកិច្ចព្រមព្រៀងនេះ ក្រុមអ្នកវិភាគបានចង្អុលបង្ហាញពីការរួមបញ្ចូលគ្នារវាងការពិតក្នុងសម័យសង្គ្រាម ការគណនានយោបាយ និងការសម្របខ្លួនជាយុទ្ធសាស្ត្រ។

លោក មូស្តាហ្វា អ៊ីប្រាហ៊ីម (Mustafa Ibrahim) អ្នកវិភាគនយោបាយនៅហ្គាហ្សា បានប្រាប់ស៊ីនហួថា ភាពបត់បែនរបស់ក្រុមហាម៉ាស់ភាគច្រើនឆ្លុះបញ្ចាំងពីការបាត់បង់ដ៏ធ្ងន់ធ្ងរលើផ្នែកមនុស្ស យោធា និងនយោបាយនៃជម្លោះដ៏រ៉ាំរ៉ៃនេះ ដែលបានជំរុញឱ្យហាម៉ាស់ឆ្លើយតបកាន់តែលឿនចំពោះគំនិតផ្តើមសម្របសម្រួល។ លោកបានកត់សម្គាល់ថា ការចរចាដែលអូសបន្លាយពេលកន្លងមក បានបើកឱកាសឱ្យអ៊ីស្រាអែលបង្កើត «ការពិតថ្មីនៅលើដី» ដែលបង្កើនតម្លៃកាន់តែខ្ពស់សម្រាប់កិច្ចព្រមព្រៀងនានា។ លោកបានសង្កត់ធ្ងន់ថា ការទទួលយកនេះមិនមែនជាការផ្លាស់ប្តូរនយោបាយជាមូលដ្ឋានឡើយ ប៉ុន្តែជាការសម្របខ្លួនទៅនឹងស្ថានភាពសង្គ្រាម។

 

លោក អាក្រាម អាតាមឡោះ (Akram Atallah) អ្នកវិភាគប៉ាឡេស្ទីនម្នាក់ទៀត បានបន្ថែមថា ក្រុមហាម៉ាស់បានបង្ហាញភាពបត់បែនកាន់តែខ្លាំងលើបញ្ហាដែលធ្លាប់តែ មិនអាចចរចាបាន ខណៈពេលកំពុងស្វែងរកការធានាថា រាល់សម្បទានដែលខ្លួនផ្តល់ឱ្យ ត្រូវតែទទួលបានការប្តេជ្ញាចិត្តឆ្លើយតបវិញពីអ៊ីស្រាអែលដូចគ្នា។ លោក អែសម៉ាត ម៉ាន់ស៊ួរ (Esmat Mansour) អ្នកវិភាគនយោបាយនៅទីក្រុង Ramallah បានកត់សម្គាល់ថា ផែនទីបង្ហាញផ្លូវនេះគឺ លើសពីការប្រកាសបទឈប់បាញ់ធម្មតា។ វាព្យាយាមបង្កើតយន្តការជាក់ស្តែងសម្រាប់ការគ្រប់គ្រងដំណាក់កាលក្រោយសង្គ្រាម រួមទាំងការរៀបចំរដ្ឋបាលហ្គាហ្សា ការកសាងឡើងវិញ និងសន្តិសុខ ដែលធ្វើឱ្យវាមានសារៈសំខាន់ផ្នែកនយោបាយ និងប្រតិបត្តិការខ្លាំងជាងសំណើមុនៗ។

ទោះបីជាការទទួលយកផែនទីបង្ហាញផ្លូវរបស់ក្រុមហាម៉ាស់មានសារៈសំខាន់ផ្នែកនយោបាយ និងជួយជំរុញការចរចាក៏ដោយ ប៉ុន្តែជម្លោះដែលមិនទាន់ដោះស្រាយបាន នៅតែជាឧបសគ្គចំពោះសន្តិភាព។

លោក Mansour បានលើកឡើងថា សំណើនេះមិនទាន់លុបបំបាត់ការខ្វែងគំនិតជាមូលដ្ឋានរវាងភាគីទាំងពីរឡើយ។ បញ្ហារសើបបំផុតត្រូវបានពន្យារពេលទៅ «ដំណាក់កាលអនុវត្ត» ដែលជាចំណុចប្រឈមមុខនឹងការសាកល្បងលំបាកបំផុត។ ការខ្វែងគំនិតសំខាន់គឺរឿង «អាវុធធុនធ្ងន់» ដោយហាម៉ាស់ភ្ជាប់បញ្ហានេះទៅនឹងការដកទ័ពអ៊ីស្រាអែល ខណៈដែលអ៊ីស្រាអែលរក្សាជំហរថា កងទ័ពខ្លួននឹងមិនចាកចេញពីហ្គាហ្សាឡើយ រហូតទាល់តែសម្រេចបាន «ការរំសាយអាវុធ» របស់ហាម៉ាស់ជាមុនសិន។

តាមផែនទីបង្ហាញផ្លូវ ក្រុមហាម៉ាស់ត្រូវផ្ទេរការគ្រប់គ្រងទៅឱ្យ គណៈកម្មាធិការជាតិប៉ាឡេស្ទីន។ លោក Atallah ជឿជាក់ថា គណៈកម្មាធិការនេះនឹងប្រឈមមុខនឹងឧបសគ្គធំៗ រួមមាន ការធានាឱ្យមានការឯកភាពគ្នាយ៉ាងទូលំទូលាយពីអន្តរភាគីប៉ាឡេស្ទីន ការរៀបចំស្ថាប័នឡើងវិញ និងការទទួលបានថវិកាគ្រប់គ្រាន់សម្រាប់ការស្តារ និងកសាងឡើងវិញ។

លោក Mansour បានសង្កត់ធ្ងន់ថា ប៉ុន្មានខែខាងមុខនេះនឹងជាអ្នកកំណត់ថា តើការយល់ព្រមក្នុងការចរចាអាចប្រែក្លាយទៅជាការអនុវត្តជាក់ស្តែងបានឬយ៉ាងណា។ វាស់វែងពិតប្រាកដនៃភាពជោគជ័យ មិនមែននៅលើការប្រកាសកិច្ចព្រមព្រៀងនោះទេ ប៉ុន្តែគឺនៅលើសមត្ថភាពរបស់ភាគីទាំងអស់ក្នុងការអនុវត្តគ្រប់ដំណាក់កាលនៃកិច្ចព្រមព្រៀងស្របតាមការប្តេជ្ញាចិត្តរបស់ពួកគេ។ទើបផែនទីបង្ហាញផ្លូវនេះអាចផ្តល់ឱកាសពិតប្រាកដសម្រាប់ស្ថិរភាពរយៈពេលវែងនៅតំបន់ហ្គាហ្សា។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ English News