[ប៉ារីស]៖ ក្រុមហ៊ុន Avincis ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មសង្គ្រោះបន្ទាន់តាមអាកាសដ៏ធំបំផុតក្នុងតំបន់អឺរ៉ុប បានព្រមានថា បណ្តាប្រទេសនៅអឺរ៉ុបនៅតែមិនទាន់មានការត្រៀមខ្លួនរួចរាល់នៅឡើយ ក្នុងការប្រឈមមុខនឹងគ្រោះអគ្គិភ័យព្រៃឈើ ដែលកាន់តែមានកម្រិតធ្ងន់ធ្ងរ និងអូសបន្លាយពេលយូរជាងមុន។ លោក John Boag នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន Avincis បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Reuters ថា រដូវកាលភ្លើងឆេះព្រៃនៅអឺរ៉ុបដែលអូសបន្លាយពេលកាន់តែយូរ រួមផ្សំជាមួយនឹងរបាំងការិយាធិបតេយ្យ បានបង្កឱ្យមានកង្វះខាតយ៉ាងខ្លាំងនូវយន្តហោះពន្លត់អគ្គីភ័យ និងក្រុមអ្នកបើកបរ (អាកាសយានិក) ដែលមានបទពិសោធន៍។
លោក Boag បានគូសបញ្ជាក់ថា កាលពីមុន រដូវកាលឆេះព្រៃខ្លាំង ក្នុងអំឡុងរដូវក្តៅមានរយៈពេលត្រឹមតែ ៣ ទៅ ៤ ខែប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្ន យន្តហោះពន្លត់អគ្គីភ័យត្រូវចាប់ផ្តើមប្រតិបត្តិការតាំងពីខែមីនា ឬមេសា ហើយបន្តរហូតដល់ខែតុលា។ ការផ្លាស់ប្តូរនេះបានធ្វើឱ្យយន្តហោះត្រូវជួលប្រើប្រាស់ស្ទើរតែពេញមួយឆ្នាំ ហើយបង្កការលំបាកយ៉ាងខ្លាំងក្នុងការផ្លាស់ទីប្រភពធនធាន (យន្តហោះ និងអ្នកបើកបរ) រវាងអឌ្ឍគោលខាងជើង និងខាងត្បូង ដូចដែលធ្លាប់ធ្វើពីមុន។

ការព្រមាននេះធ្វើឡើងខណៈដែលប្រទេសបារាំង និងអេស្ប៉ាញ កំពុងប្រយុទ្ធប្រឆាំងនឹងគ្រោះអគ្គិភ័យព្រៃឈើដ៏អាក្រក់បំផុត បន្ទាប់ពីគ្រោះរាំងស្ងួតជាច្រើនសប្តាហ៍បានប្រែក្លាយព្រៃឈើឱ្យទៅជាភ្នំភ្លើង។ បន្ថែមពីនេះ ការធ្លាក់ភ្លៀងខ្លាំងនាដូវរងាក៏បានជំរុញឱ្យរុក្ខជាតិលូតលាស់លឿន ដែលក្រោយមកបានក្លាយជាប្រភពឥន្ធនៈដ៏ឆាបឆេះនាដូវក្តៅ ខណៈដែលហានិភ័យនៃភ្លើងឆេះព្រៃបានរំកិលរាលដាលទៅកាន់តំបន់ភាគខាងជើងអឺរ៉ុបផងដែរ។
បច្ចុប្បន្ន ក្រុមហ៊ុន Avincis (មានមូលដ្ឋាននៅទីក្រុង Lisbon) មានក្រុមឧទ្ធម្ភាគចក្រចំនួន ១៨០ គ្រឿង និងយន្តហោះស្លាបថេរចំនួន ៤០ គ្រឿង (រួមទាំងយន្តហោះដឹកទឹក Canadair ចំនួន ២២ គ្រឿង) ប្រតិបត្តិការនៅទូទាំងពិភពលោក។ សម្រាប់តែប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់ ក្រុមហ៊ុនបានប្រើប្រាស់យន្តហោះចំនួន ៤៧ គ្រឿង ហើយបានហោះហើរប្រតិបត្តិការជាង ៥,០០០ ម៉ោង នាដើមឆ្នាំនេះ ដែលជាតួលេខកើនឡើងជាងពីរដងធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។
_1785232199.jpg)
ទោះបីជាសហភាពអឺរ៉ុបបានបញ្ជាទិញយន្តហោះដឹកទឹក Canadair ថ្មីចំនួន ២២ គ្រឿងពីក្រុមហ៊ុន De Havilland (កាណាដា) ក៏ដោយ ប៉ុន្តែបន្ទាប់ពីការផ្អាកខ្សែច្រវាក់ផលិតកម្មអស់មួយទសវត្សរ៍ យន្តហោះគំរូថ្មីនេះនឹងមិនទាន់អាចប្រគល់ជូនអតិថិជនដំបូងបង្អស់គឺ ប្រទេសក្រិក រហូតដល់ឆ្នាំ ២០២៨។
យន្តហោះយោធា Airbus A400M ត្រូវ បានដាក់ឱ្យជួយបាញ់ទម្លាក់សារធាតុទប់ស្កាត់អគ្គីភ័យចំនួន ២០ តោននៅប្រទេសបារាំង។ គម្រោងអភិវឌ្ឍន៍យន្តហោះពន្លត់អគ្គីភ័យប្រភេទចល័តលើទឹក របស់ក្រុមហ៊ុន Comac (ចិន) និងក្រុមហ៊ុនបង្កើតថ្មី HYNAERO (បារាំង) នៅតែស្ថិតក្នុងដំណាក់កាលរចនាដំបូងឡើយ ដោយរំពឹងថានឹងរួចរាល់នៅត្រឹមឆ្នាំ ២០៣២។
ក្រៅពីកង្វះខាតយន្តហោះ បញ្ហាប្រឈមធំបំផុតមួយទៀតគឺ កង្វះខាតអាកាសយានិក និងបច្ចេកទេស។ ការហោះហើរពន្លត់អគ្គីភ័យទាមទារការហោះហើរក្នុងកម្រិតទាប ជាមួយនឹងភាពជាក់លាក់ខ្ពស់ ចំកណ្តាលចរន្តខ្យល់ដែលមិនអាចទាយទុកជាមុនបាន។ លោក Boag បានរិះគន់ច្បាប់ និងរបាំងការិយាធិបតេយ្យរបស់អឺរ៉ុប ដែលតម្រូវឱ្យអ្នកបើកបរយន្តហោះមកពីបរទេស ឬមកពីវិស័យយោធា ត្រូវធ្វើការប្រឡងឡើងវិញនូវសញ្ញាបត្រអាកាសចរណ៍ស៊ីវិលអឺរ៉ុប។
លោកបានស្នើសុំឱ្យមានការសម្រួលនីតិវិធីដើម្បីនាំយកអ្នកបើកបរដែលមានជំនាញចូលមកធ្វើការបានលឿនជាងមុន ដោយលើកឡើងថា ទ្រឹស្តីឌីណាមិកអាកាស លើឧទ្ធម្ភាគចក្រគឺដូចគ្នាតាំងពីក្នុងវិស័យយោធារហូតដល់វិស័យស៊ីវិល។ ជុំវិញបញ្ហានេះ ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាពអឺរ៉ុប (EASA) មិនទាន់ចេញមុខធ្វើការអត្ថាធិប្បាយភ្លាមៗ លើបទប្បញ្ញត្តិស្តីពីអាជ្ញាប័ណ្ណអ្នកបើកបរយន្តហោះនេះនៅឡើយទេ។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters