[រ៉យទ័រ]៖ កងកម្លាំងសហរដ្ឋអាមេរិកបានបាញ់មីស៊ីលវាយប្រហារលើគោលដៅជាច្រើននៅទូទាំងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ។ ប្រធានាធិបតី Donald Trump បានប្តេជ្ញាចិត្តថានឹងប្រើប្រាស់ ការផ្តន្ទាទោសផ្លូវយោធាក្នុងកម្រិតធ្ងន់ធ្ងរ ថប្រឆាំងនឹងទីក្រុងតេអេរ៉ង់ និងក្រុមប្រយុទ្ធហ៊ូទី (Houthi) នៅក្នុងប្រទេសយេម៉ែន ទោះបីជាលោកនៅតែបើកផ្លូវសម្រាប់កិច្ចព្រមព្រៀងការទូតជាមួយអ៊ីរ៉ង់ក៏ដោយ។
ពីរសប្តាហ៍ បន្ទាប់ពីការដួលរលំនៃបទឈប់បាញ់បណ្តោះអាសន្ន កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បានឆ្លើយតបដោយការបាញ់ប្រហារលើមូលដ្ឋានទ័ពអាមេរិក នៅក្នុងបណ្តាប្រទេសអារ៉ាប់ជិតខាង ព្រមទាំងបានព្រមានប្រជាជនក្នុងតំបន់នោះថា ពួកគេអាចនឹងវាយប្រហារលើអគារស៊ីវិលទាំងឡាយណាដែលត្រូវបានប្រើប្រាស់ដោយបុគ្គលិកអាមេរិក។ លោក Trump បានគំរាមកាលពីពេលថ្មីៗនេះថា នឹងពង្រីកវិសាលភាពនៃគោលដៅវាយប្រហារនៅក្នុងប្រទេសអ៊ីរ៉ង់ រួមមាន រោងចក្រថាមពល ស្ពាន ការបញ្ជូនកងទ័ពជើងគោកទៅដណ្តើមយកមជ្ឈមណ្ឌលប្រេងនៅលើកោះ Kharg និងការទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរក្រោមដី ដែលគេស្គាល់ថាជា ភ្នំ Pickaxe។

ទោះជាយ៉ាងណា កាលពីថ្ងៃសុក្រ លោកបានបញ្ជាក់ថា លោកមិនទាន់ធ្វើការសម្រេចចិត្តលើការវាយប្រហារទ្រង់ទ្រាយធំថ្មីណាមួយនៅឡើយទេ យើងកំពុងពិភាក្សាជាមួយពួកគេ។ ខ្ញុំគិតថាពួកគេកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ច្រើនជាងពេលណាៗទាំងអស់ ប៉ុន្តែវាមិនមែនមានន័យថាយើងសម្រេចបានកិច្ចព្រមព្រៀងនោះទេ។ លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមាន។
នៅពេលសួរអំពីយុទ្ធសាស្ត្រចាកចេញពីសង្គ្រាមជាមួយអ៊ីរ៉ង់ លោក Trump បានឆ្លើយថា មានជម្រើសយោធាពីរ គឺយើងបន្តតាមផ្លូវដែលយើងកំពុងដើរ ហើយបង្កើនកម្រិតវាយប្រហារឲ្យកាន់តែខ្លាំងដើម្បីកម្ទេចអ្វីៗទាំងអស់ដែលពួកគេមាន ឬមួយទៀត គឺយុទ្ធសាស្ត្រវៃឆ្លាតដោយការធ្វើកិច្ចព្រមព្រៀង ប៉ុន្តែយើងបានត្រៀមខ្លួនរួចរាល់អស់ហើយ ។ ច្រកសមុទ្រ Hormuz ដែលជាច្រកទ្វារសេដ្ឋកិច្ចដ៏សំខាន់នៃតំបន់ឈូងសមុទ្រ បានក្លាយជាផ្លូវជម្លោះស្នូលនៃសង្គ្រាមដែលបានអូសបន្លាយជិត ៥ ខែមកនេះ។ សង្គ្រាមនេះបានសម្លាប់មនុស្សអស់រាប់ពាន់នាក់ ជំរុញឱ្យមានអតិផរណាសកល និងបង្កការភ័យខ្លាចពីវិបត្តិសេដ្ឋកិច្ចពិភពលោក។
_1784953366.jpg)
ក្រុមហ៊ូទីដែលគ្រប់គ្រងភាគខាងជើង និងខាងលិចប្រទេសយេម៉ែន បានប្រកាសបិទផ្លូវទឹកប្រឆាំងនឹងប្រទេសអារ៉ាប៊ីសាអូឌីត។ ជាការឆ្លើយតប អារ៉ាប៊ីសាអូឌីតបានបង្វែរការដឹកជញ្ជូនប្រេងរាប់លានបារ៉ែលក្នុងមួយថ្ងៃតាមបំពង់ទីក្រុងទៅកាន់សមុទ្រក្រហម ដើម្បីគេចចេញពីការបិទខ្ទប់របស់អ៊ីរ៉ង់នៅច្រក Hormuz។ បន្ទាប់ពីក្រុមហ៊ូទីបានវាយប្រហារលើនាវាដឹកប្រេងអារ៉ាប៊ីសាអូឌីតពីរគ្រឿងនៅសមុទ្រក្រហមកាលពីថ្ងៃព្រហស្បតិ៍ លោក Trump បានថ្លែងថា លោកនឹងតម្រូវឱ្យអ៊ីរ៉ង់ទទួលខុសត្រូវចំពោះការវាយប្រហារបន្ថែមទៀតពីសំណាក់ក្រុមប្រយុទ្ធទាំងនោះ។
កងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតបានបើកការវាយប្រហារលើទីតាំងយោធារបស់ក្រុមហ៊ូទី ក្នុងខេត្ត Hodeidah ប្រទេសយេម៉ែន កាលពីថ្ងៃសុក្រ ដោយអះអាងថាទីតាំងទាំងនោះប៉ះពាល់ដល់សុវត្ថិភាពនាវាចរណ៍ពាណិជ្ជកម្ម។ ប៉ុន្តែទូរទស្សន៍ Al Masirah របស់ក្រុមហ៊ូទី បានរាយការណ៍ថា ការវាយប្រហារបានប៉ះចំក្រុមហ៊ុនទូរគមនាគមន៍រដ្ឋ និងកោះ Kamaran។ កងទ័ពអាមេរិកបានបើកការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់ជាបន្តបន្ទាប់ចំនួន ១៣ យប់ជាប់ៗគ្នា ដែលបង្ខំឱ្យអ៊ីរ៉ង់បាញ់បកប្រហារលើបណ្តាប្រទេសអារ៉ាប់ជិតខាង ដែលជាទីតាំងតាំងប្រមូលផ្តុំកងទ័ពអាមេរិក។
មីស៊ីលអាមេរិកបានវាយប្រហារលើទីបញ្ជាការកងទ័ពជើងទឹកនៃឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ក្នុងតំបន់ Ziba Kenar (ខេត្ត Gilan) ទីក្រុងកំពង់ផែ Bandar Anzali និងទីក្រុង Ahvaz ដែលបណ្តាលឱ្យមនុស្ស ៤ នាក់ស្លាប់ និង ៥ នាក់រងរបួស។ ក្រសួងសុខាភិបាលអ៊ីរ៉ង់បានឱ្យដឹងថា មនុស្ស ៥៩ នាក់បានស្លាប់ និង ៦៦៦ នាក់បានរងរបួស ចាប់តាំងពីជម្លោះផ្ទុះឡើងវិញកាលពីចុងខែមិថុនា។ អ៊ីរ៉ង់បានព្រមានថានឹងសម្លាប់ទាហានអាមេរិកម្នាក់ សម្រាប់ប្រជាជនអ៊ីរ៉ង់ម្នាក់ដែលបានស្លាប់។ សង្គ្រាមនេះបានសម្លាប់ទាហានអាមេរិកចំនួន ១៨ នាក់។ មន្ទីរបញ្ចកោណ និងមន្ត្រីអាមេរិកបានឱ្យដឹងថា មានទាហានជាង ៥០០ នាក់បានរងរបួសជាបន្តបន្ទាប់ ប៉ុន្តែភាគច្រើនបានជាសះស្បើយ និងត្រឡប់ទៅបំពេញភារកិច្ចវិញ។
ការវាយប្រហារនៅច្រកសមុទ្រ Bab el-Mandeb បានធ្វើឱ្យតម្លៃប្រេងហក់ឡើង ៧% រហូតដល់ ១០០ ដុល្លារក្នុងមួយបារ៉ែល ជាលើកដំបូងចាប់តាំងពីខែឧសភា មុនពេលធ្លាក់ចុះមកត្រឹម ៩៦ ដុល្លារវិញកាលពីចុងសប្តាហ៍។ ប្រភពព័ត៌មានបានឱ្យដឹងថា ប្រទេសប៉ាគីស្ថាន ដោយមានការជួយជ្រោមជ្រែងពីប្រទេសចិន កំពុងព្យាយាមសម្របសម្រួលឱ្យមានការចរចាឡើងវិញរវាងអាមេរិក និងអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមនេះ។ កងទ័ពអ៊ីរ៉ង់បានអះអាងថា ខ្លួនបានវាយប្រហារលើឃ្លាំងសស្ត្រាវុធ និងមូលដ្ឋានទ័ពអាមេរិកនៅគុយវ៉ែត (Camp Buehring, Camp Arifjan និង Camp Doha)។ គុយវ៉ែតបានបញ្ជាក់ថា ប្រព័ន្ធការពារអាកាសរបស់ខ្លួនបានស្ទាក់ចាប់គ្រាប់មីស៊ីលអរិភាពទាំងនោះ។
ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានប្រកាសថា បានបំផ្លាញប៉មសង្កេតការណ៍របស់កងនាវាចរទី៥ អាមេរិកនៅបារ៉ែន និងបានវាយប្រហារលើមូលដ្ឋានអាមេរិកក្នុងប្រទេសហ្ស៊កដានី ព្រមទាំងតំបន់អឺប៊ីល (Erbil) នៃប្រទេសអ៊ីរ៉ាក់។ កងទ័ពហ្ស៊កដានីបានបញ្ជាក់ថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលអ៊ីរ៉ង់ចំនួន ៧ គ្រាប់ និងដ្រូន ៦ គ្រឿង ដោយមិនមានការខូចខាត ឬគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ។ ស្ថានទូតអាមេរិកប្រចាំទីក្រុងបាកដាដ បានណែនាំឱ្យពលរដ្ឋអាមេរិកទាំងអស់នៅតំបន់មជ្ឈិមបូព៌ា បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters