[វ៉ាស៊ីនតោន]៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃសុក្រ ទី២៤ ខែកក្កដា ថា លោកមានទំនុកចិត្តលើប្រទេសចិន និងរុស្ស៊ី ថានឹងមិនជួយជ្រោមជ្រែងប្រទេសអ៊ីរ៉ង់នៅក្នុងជម្លោះជាមួយសហរដ្ឋអាមេរិកឡើយ។ ទោះជាយ៉ាងណាក៏ដោយ លោកបានព្រមានជាមុនថា ប្រសិនបើប្រទេសទាំងពីរហ៊ានចូលរួមពាក់ព័ន្ធមែននោះ វានឹងជារឿងអាក្រក់បំផុតសម្រាប់ពួកគេ។

នៅលើបណ្តាញសង្គម Truth Social លោក ត្រាំ បានសរសេររៀបរាប់ថា នៅក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះនៅទីក្រុងប៉េកាំង ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រាប់ខ្ញុំថា លោកនឹងមិនផ្តល់ ឬលក់អាវុធទៅឱ្យសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ឡើយ ហើយការសន្យានេះក៏រាប់បញ្ចូលទាំងក្រុមហ៊ុនចិនទាំងអស់ផងដែរ។ លោក ត្រាំ បានបន្តទៀតថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ក៏បានអះអាងប្រាប់លោកដូចគ្នាថា នឹងមិនលក់អាវុធឱ្យអ៊ីរ៉ង់នោះទេ។ លោកបានគូសបញ្ជាក់ថា ខ្ញុំជឿថារុស្ស៊ី និងចិនមិនបានចូលរួមក្នុងជម្លោះរបស់អ៊ីរ៉ង់ទេ។ ប្រសិនបើពួកគេធ្វើមែន វានឹងជារឿងអាក្រក់បំផុតសម្រាប់ពួកគេ ហើយវាពិតជាមិនមែនជាផលប្រយោជន៍ល្អសម្រាប់ពួកគេឡើយ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯសេតវិមាននាពេលក្រោយមក លោក ត្រាំ បានបញ្ជាក់បន្ថែមថា លោកពិតជាទុកចិត្តលើមេដឹកនាំទាំងពីរ។ លោកបានកត់សម្គាល់ថា ខ្ញុំមិនដឹងថាពួកគេកំពុងផ្តល់លទ្ធភាព ឬជួយអ៊ីរ៉ង់នោះទេ។ ខ្ញុំគិតថាខ្ញុំទុកចិត្តពួកគេ។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានឈានដល់ការផ្ទុះជម្លោះប្រដាប់អាវុធ ន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហាររួមគ្នាកាលពីខែកុម្ភៈ ដោយបានសម្លាប់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ជាច្រើនរូប រួមទាំងមេដឹកនាំកំពូលរបស់ប្រទេសនេះផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ការអត្ថាធិប្បាយរបស់លោក ត្រាំ បានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានប្រាប់សមាជិកសភាកាលពីដើមសប្តាហ៍នេះថា រុស្ស៊ី និងចិនបានចូលរួមពាក់ព័ន្ធតាមវិធីមួយចំនួន ដែលលោកមិនទាន់អាចបញ្ជាក់បាន។ នៅក្នុងសវនាការព្រឹទ្ធសភា លោក Hegseth បានលើកឡើងថា ប្រទេសទាំងពីរបានដើរតួនាទីក្នុងកម្រិតផ្សេងៗគ្នា ដែលជួយសម្រួលដល់សកម្មភាពមួយចំនួនរបស់អ៊ីរ៉ង់។

ទន្ទឹមនឹងនេះ ប្រភពចំនួន ៤ នាក់ដែលដឹងអំពីព័ត៌មានចារកម្មអាមេរិក បានទម្លាយថា ការវាយប្រហាររបស់អ៊ីរ៉ង់លើគោលដៅរបស់ភ្នាក់ងារ CIA នៅតំបន់ឈូងសមុទ្រ បានជំរុញឱ្យចារកម្មអាមេរិកបើកការស៊ើបអង្កេតជាបន្ទាន់ ដើម្បីផ្ទៀងផ្ទាត់ថាតើរុស្ស៊ីបានជួយអ៊ីរ៉ង់ផ្នែកព័ត៌មានសម្ងាត់សម្រាប់កំណត់គោលដៅ ឬផ្តល់បច្ចេកវិទ្យាដ្រូនដែរឬទេ។ ដោយឡែក វិមានក្រឹមឡាំងកាលពីថ្ងៃព្រហស្បតិ៍ បានបដិសេធមិនផ្តល់ការអត្ថាធិប្បាយលើរបាយការណ៍នេះឡើយ ខណៈដែលសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើបុគ្គល និងក្រុមហ៊ុនមួយចំនួននៅរុស្ស៊ី និងចិន ដែលរងការចោទប្រកាន់ថាបានជួយអ៊ីរ៉ង់ក្នុងការទិញអាវុធ។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters