[ហុងកុង]៖ នៅចាំ DeepSeek ដែរឬទេ? ក្រុមហ៊ុន AI ទើបបង្កើតថ្មី (Startup) របស់ចិនមួយនេះ ធ្លាប់បានធ្វើឱ្យឧស្សាហកម្មបច្ចេកវិទ្យាសហរដ្ឋអាមេរិកភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារការបង្កើតគំរូ AI ដែលមានសមត្ថភាពប្រកួតប្រជែងជាមួយគូប្រជែងកំពូលៗ ប៉ុន្តែចំណាយដើមទុនបណ្តុះបណ្តាលអស់តិចតួចបំផុត។ ឥឡូវនេះ ប្រទេសចិនប្រហែលជាកំពុងធ្វើជោគជ័យបែបនេះម្តងទៀតហើយ។ គំរូ AI ចុងក្រោយបង្អស់របស់ចិនដែលកំពុងបង្កើតរលកញាប់ញ័រ ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន Startup មិនសូវស្គាល់ឈ្មោះមួយមានឈ្មោះថា Moonshot AI។ ត្រឹមតែពីរថ្ងៃបន្ទាប់ពីការដាក់ឱ្យប្រើប្រាស់ Moonshot ត្រូវបង្ខំចិត្តផ្អាកការចុះឈ្មោះជាវថ្មី ដោយសារតម្រូវការកើនឡើងខ្លាំងលើសពីសមត្ថភាពម៉ាស៊ីនកុំព្យូទ័រ របស់ខ្លួន។
ការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើម៉ូដែល Kimi K3 របស់ Moonshot គឺដោយសារតែសមត្ថភាពរបស់វាអាចប្រកួតប្រជែងស្មើ ហើយក្នុងករណីខ្លះ អាចលើសពីម៉ូដែលទំនើបៗរបស់អាមេរិក ដូចជា GPT របស់ OpenAI និង Claude របស់ Anthropic ទៀតផង ដោយអតិថិជនអាចប្រើប្រាស់បានដោយឥតគិតថ្លៃ។ ការកើនឡើងយ៉ាងឆាប់រហ័សនេះ កំពុងរញ៉េរញ៉ៃដល់ការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិន ក្នុងការក្តោបក្តាប់បច្ចេកវិទ្យា AI ទំនើប។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងវ៉ាស៊ីនតោនបានរឹតបន្តឹងការនាំចេញបច្ចេកវិទ្យាទៅកាន់ប្រទេសចិន ដើម្បីទប់ស្កាត់ការអភិវឌ្ឍ AI និងបន្ទះឈីប ដែលអាចផ្តល់ផលប្រយោជន៍ដល់យោធាចិន។

បន្ទាប់ពី Kimi K3 ត្រូវ បាន ចេញផ្សាយ មន្ត្រី អាមេរិក និង ក្រុមហ៊ុន Anthropic បាន ចោទប្រកាន់ Moonshot ជាថ្មី ថាបាន ប្រើយុទ្ធសាស្ត្រ Distillation (ការយកទិន្នផលពីម៉ូដែល AI អាមេរិក ទៅបណ្តុះបណ្តាលម៉ូដែលខ្លួនឯង)។ ទោះជា Moonshot បានបដិសេធការចោទប្រកាន់នេះក៏ដោយ ការភ័យខ្លាចក្នុងចំណោមក្រុមហ៊ុន និងមន្ត្រីអាមេរិក បានស្តែងឱ្យឃើញពីការព្រួយបារម្ភលើបញ្ហាសន្តិសុខជាតិ សេដ្ឋកិច្ច និងការពារជាតិ។ សមត្ថភាពរបស់ Kimi K3 ក៏កំពុងបង្កើតជាសំណួរជាថ្មី អំពីប្រសិទ្ធភាពនៃវិធានការរឹតបន្តឹងការនាំចេញបច្ចេកវិទ្យារបស់អាមេរិកផងដែរ។
ខុសពីម៉ូដែលអាមេរិកភាគច្រើនដែលបិទជិត Kimi K3 ត្រូវបានចេញផ្សាយជាម៉ូដែល Open-weight។ នេះអនុញ្ញាតឱ្យអ្នកអភិវឌ្ឍន៍ទាញយក កែប្រែ និងដំណើរការវានៅលើ Server ផ្ទាល់ខ្លួនដោយឥតគិតថ្លៃ ដែលធ្វើឱ្យវាងាយស្រួលក្នុង ការពង្រីកទីផ្សារនៅទូទាំងពិភពលោក។ លោកស្រី Chelsey Tam អ្នកវិភាគនៅ Morningstar បានកត់សម្គាល់ថា អង្គភាពជាច្រើនចូលចិត្តគំរូបើកចំហ ព្រោះវាអនុញ្ញាតឱ្យពួកគេគ្រប់គ្រង និងរក្សាទុកទិន្នន័យរសើបដោយខ្លួនឯង ជំនួសឱ្យការពឹងផ្អែកលើអ្នកផ្តល់សេវាម៉ូដែលបិទជិត។ Moonshot AI ត្រូវបានបង្កើតឡើងកាលពី ៣ ឆ្នាំមុន ដោយលោក Yang Zhilin វិស្វករផ្នែកទន់វ័យ ៣០ ឆ្នាំក្រាស់ មកពីទីក្រុង Shantou ប្រទេសចិន។ លោកបានបង្ហាញទេពកោសល្យតាំងពីពេលសិក្សានៅសាកលវិទ្យាល័យ Tsinghua ក្រោមការណែនាំរបស់សាស្ត្រាចារ្យ Tang Jie (ស្ថាបនិកក្រុមហ៊ុន AI ឈ្មោះ Z.ai)។

បន្ទាប់មក លោក Yang បានបន្តការសិក្សាថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យ Carnegie Mellon (អាមេរិក) ក្រោមការដឹកនាំរបស់លោក Ruslan Salakhutdinov (អតីតនាយកប្រតិបត្តិ AI នៅ Meta និង Apple)។ លោក Salakhutdinov បានរំលឹកថា លោក Yang ថែមទាំងបានបដិសេធការផ្តល់ជូនការងារពីថ្នាក់ដឹកនាំជាន់ខ្ពស់ Apple ទៀតផង ដើម្បីត្រឡប់ទៅបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនវិញ។
លោក Yang ធ្លាប់បានបញ្ជាក់ថា ការសម្រេចចិត្តត្រឡប់មកវិញគឺដោយសារ ការគាំទ្រពីរដ្ឋាភិបាល មូលធន និងការរីកចម្រើននៃប្រព័ន្ធអប់រំនៅចិន។ លោកជឿជាក់ថា AI គឺជាឱកាសដ៏អស្ចារ្យសម្រាប់អនាគត។ ឈ្មោះក្រុមហ៊ុន Moonshot ត្រូវបានយកតាមអាល់ប៊ុមចម្រៀង Dark Side of the Moon របស់ក្រុមរ៉ុក Pink Floyd ដោយលោកសង្ឃឹមថា ក្រុមហ៊ុននឹងបង្កើតអ្វីមួយដែលមានតម្លៃមហាសាល ទោះបីជាវាលំបាកដូចជា ការចុះចតលើព្រះច័ន្ទ ក៏ដោយ។ ការកើនឡើងរបស់ Kimi K3 មានលក្ខណៈស្រដៀងនឹង DeepSeek (ម៉ូដែល R1) កាលពីដើមឆ្នាំ ២០២៥ ដែរ។ K3 បានបង្ហាញសមត្ថភាពខិតជិតម៉ូដែលកំពូលៗដូចជា GPT-5.6 Sol របស់ OpenAI និង Claude Fable 5 របស់ Anthropic ដែលធ្វើឱ្យគម្លាត AI រវាងចិន និងអាមេរិកកាន់តែរួមតូច។

ទោះជាយ៉ាងណា អ្នកវិភាគមើលឃើញថា K3 ខុសពី DeepSeek ត្រង់ថា អត្ថប្រយោជន៍ខាងការកាត់បន្ថយដើមទុនរបស់ K3 មិនទាន់លេចធ្លោខ្លាំងដូច R1 នោះទេ។ ប៉ុន្តែ អ្វីដែល K3 បង្ហាញច្បាស់នោះគឺ៖ ជោគជ័យរបស់ AI ចិនមិនមែនជារឿងចៃដន្យឡើយ ហើយគម្លាតសមត្ថភាពរវាងម៉ូដែលចិន និងអាមេរិកបានរួមតូចមកត្រឹម ៣ ទៅ ៦ ខែប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគមួយចំនួនដូចជាលោក Malik Ahmed Khan មកពី Morningstar បានសម្តែងការប្រុងប្រយ័ត្ន ដោយលើកឡើងថា អ្នកអភិវឌ្ឍន៍ម៉ូដែល Open-source ច្រើនតែធ្វើ Optimization លើតេស្ត Benchmark ដើម្បីឱ្យឃើញពិន្ទុល្អ ប៉ុន្តែសមត្ថភាពក្នុងការអនុវត្តការងារជាក់ស្តែងអាចនៅមានកម្រិតនៅឡើយ។ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ម៉ូដែលឥតគិតថ្លៃដែលមានសមត្ថភាពខ្ពស់ដូចជា K3 គឺជាការគំរាមកំហែងដល់ម៉ូដែលរកប្រាក់របស់ពួកគេ។ ក្រុមហ៊ុនអាមេរិកធំៗបានចោទប្រកាន់មន្ទីរពិសោធន៍ចិនថាបាន លួចបច្ចេកវិទ្យា ពីពួកគេ។
មន្ត្រីសេតវិមានលោក Michael Kratsios និងតំណាងក្រុមហ៊ុន Anthropic បានចោទប្រកាន់ Moonshot ចំៗថាបានប្រើប្រាស់ទិន្នន័យពី Claude Fable ដើម្បីអភិវឌ្ឍ K3 ដោយហៅទង្វើនេះថាជា ចារកម្មឧស្សាហកម្ម និងជាហានិភ័យសន្តិសុខជាតិ។ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក ក៏បានព្រមានពីការដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនណាដែលរំលោភកម្មសិទ្ធិបញ្ញាផងដែរ។ ភាគីចិន តំណាង Moonshot បានបដិសេធការចោទប្រកាន់ទាំងនេះ។ អ្នកវិភាគភាគច្រើនក៏មានមតិសង្ស័យលើការចោទប្រកាន់របស់អាមេរិកដែរ។ លោកស្រី Wei Sun អ្នកវិភាគនៅ Counterpoint Research បានលើក ឡើងថា រយៈពេលវេលាគឺមិនសមហេតុផលទាល់តែសោះ ព្រោះ Moonshot មិនមានពេលគ្រប់គ្រាន់ក្នុងការយកទិន្នន័យពីម៉ូដែលចុងក្រោយរបស់អាមេរិកមកបណ្តុះបណ្តាល K3 ទាន់ពេលនោះទេ ហើយសមត្ថភាពរបស់ K3 ក៏មិនមែនកើតចេញពីវិធី Distillation តែមួយមុខនោះដែរ។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ CNN