ភ្នំពេញ៖ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាតឱ្យលោក Brian D. McFeeters ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ABC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ កិច្ចប្រជុំនេះក៏មានការចូលរួមពីតំណាងស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា តំណាងក្រុមហ៊ុនអាមេរិកធំៗចំនួន ១៣ (រួមមាន SC Johnson, Ford Motor, Coca-Cola, Visa, Mastercard ជាដើម) ព្រមទាំងថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច។
ក្នុងឱកាសនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងកម្ពុជា និងសហរដ្ឋអាមេរិក។ ក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានប្រមាណ ១៣ ប៊ីលានដុល្លារអាម៉េរិក។ ការវិនិយោគពីសហរដ្ឋអាម៉េរិកបានកើនឡើងដល់ប្រមាណ ១ ប៊ីលានដុល្លារអាម៉េរិក។

ឯកឧត្តមបានគូសបញ្ជាក់ថា កើនឡើងនេះឆ្លុះបញ្ចាំងពីភាពរឹងមាំនៃទំនាក់ទំនងសេដ្ឋកិច្ច ដែលរួមចំណែកយ៉ាងសំខាន់ដល់ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងចីរភាពហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា ក្នុងរយៈពេលមធ្យម និងវែង។ ជាមួយគ្នានេះ កម្ពុជានៅតែបើកទ្វារស្វាគមន៍ការវិនិយោគដែលមានតម្លៃបន្ថែមខ្ពស់ លើវិស័យអាទិភាពដូចជា កសិ-ឧស្សាហកម្ម, ថាមពលស្អាត, បច្ចេកវិទ្យាឌីជីថល, ឡូជីស្ទីក, សុខាភិបាល, អប់រំ និងបច្ចេកវិទ្យាទំនើប។
លោក Brian D. McFeeters បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈម និងការកែលម្អបរិយាកាសធុរកិច្ចឱ្យកាន់តែល្អប្រសើរក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ បើទោះបីជាកម្ពុជាត្រូវជួបប្រទះវិបត្តិសកលមួយចំនួនក៏ដោយ។ លោកក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនអាមេរិកទាំងអស់ដែលកំពុងប្រតិបត្តិការ និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើកឡើងនូវបញ្ហាប្រឈម និងពិភាក្សាអំពីសក្តានុពលវិនិយោគដោយផ្ទាល់។
ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបកស្រាយរាល់សំណូមពរ និងបញ្ហាប្រឈមរបស់តំណាងក្រុមហ៊ុនទាំង ១៣ ព្រមទាំងបានជម្រាបជូនពីទិសដៅកែទម្រង់ជារចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាល រួមមាន កាត់បន្ថយនីតិវិធីរដ្ឋបាល ដើម្បីសម្រួលដល់ការធ្វើធុរកិច្ច ជំរុញឌីជីថលូបនីយកម្ម លើសេវាសាធារណៈ ពង្រឹងការអនុវត្តច្បាប់ ដើម្បីធានាការប្រកួតប្រជែងដោយស្មើភាព និងយុត្តិធម៌ និងការប្រើប្រាស់យន្តការ ក្រុម ឃ (ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីដោះស្រាយបញ្ហាកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។
ជាលទ្ធផលនៃជំនួបនេះ តំណាង US-ABC បានសន្យថានឹងពាំនាំព័ត៌មាន និងទិដ្ឋភាពជាក់ស្តែងនៃភាពរីកចម្រើននៃបរិយាកាសធុរកិច្ចនៅកម្ពុជា ទៅផ្សព្វផ្សាយបន្តនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដើម្បីទាក់ទាញវិនិយោគិនអាមេរិកបន្ថែមទៀត និងបន្តរឹតចំណងមិត្តភាពសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។
ប្រភព៖ ក្រសួងព័ត៌មាន