[ក្រុងម៉ូស្គូ]៖ វិមានក្រឹមឡាំងបានថ្លែងកាលពីថ្ងៃអង្គារ ទី២១ នេះថា ក្រុមហ៊ុនលក់ទំនិញតាមប្រព័ន្ធអ៊ីនធឺណិតដ៏ធំរបស់រុស្ស៊ី Wildberries (ដែលត្រូវបានគេប្រសិទ្ធនាមថាជា «Amazon របស់រុស្ស៊ី») ព្រមទាំងអាជីវករដែលធ្វើពាណិជ្ជកម្មលើផ្លែតហ្វមនេះ កំពុងប្រឈមមុខនឹងការខាតបង់យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីដ្រូនអ៊ុយក្រែនបានវាយប្រហារលើឃ្លាំងទំនិញរបស់ក្រុមហ៊ុន។

កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដ្រូនបានវាយប្រហារចំមជ្ឈមណ្ឌលភស្តុភារកម្មដ៏ធំចំនួនពីរនៅក្នុងទីក្រុង Kotovsk និង Elektrostal។ ការវាយប្រហារនេះបានបណ្តាលឱ្យ កម្មករ ៨ នាក់បានបាត់បង់ជីវិត

និងបង្កជាអគ្គិភ័យ និងរំខានដល់ប្រតិបត្តិការរបស់ Wildberries ដែលជាក្រុមហ៊ុនលក់រាយអនឡាញធំបំផុតនៅរុស្ស៊ី (កំពុងក្តោបក្តាប់ការបញ្ជាទិញជាង ២០ លានប្រតិបត្តិការក្នុងមួយថ្ងៃ)។

ថ្វីបើទំហំនៃការខូចខាតសរុបមិនទាន់អាចវាយតម្លៃបានច្បាស់លាស់ ប៉ុន្តែការវាយប្រហារលើក្រុមហ៊ុនដែលមានឥទ្ធិពលខ្លាំងលើសេដ្ឋកិច្ចអ្នកប្រើប្រាស់បែបនេះ បង្ហាញពីការពង្រីកយុទ្ធសាស្ត្ររបស់ក្រុងកៀវ ក្នុងការប្រើប្រាស់ដ្រូនចម្ងាយឆ្ងាយដើម្បីរំខានដល់សេដ្ឋកិច្ចសង្គ្រាមរបស់រុស្ស៊ី និងដាក់សម្ពាធលើវិមានក្រឹមឡាំងឲ្យឈានទៅរកការចរចាសន្តិភាព។

ឆ្លើយតបទៅនឹងព្រឹត្តិការណ៍នេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា ស្ថានការណ៍ពិតជាលំបាកខ្លាំង ដោយសារតែការខាតបង់កើតមានទាំងលើក្រុមហ៊ុនផ្ទាល់និងលើតំណាងអាជីវកម្មខ្នាតតូច និងមធ្យម។ ទន្ទឹមនឹងនេះ លោកបានបដិសេធការចោទប្រកាន់ពីខាងអ៊ុយក្រែនដែលថា Wildberries ត្រូវបានប្រើប្រាស់សម្រាប់គ្រប់គ្រងការដឹកជញ្ជូនផ្គត់ផ្គង់ដល់កងទ័ពរុស្ស៊ី។ លោក Peskov បានបន្ថែមថា រដ្ឋាភិបាលកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន ដើម្បីជួយដោះស្រាយបញ្ហាចំពោះមុខនេះ។

អ្នកស្រី Tatyana Kim ស្ថាបនិកក្រុមហ៊ុន Wildberries បានឱ្យដឹងថា ក្រុមហ៊ុនកំពុងទទួលបានសំណួរជាច្រើនទាក់ទងនឹងសំណងនៃទំនិញដែលបានខូចខាតនៅទីតាំង Elektrostal ប៉ុន្តែក្រុមហ៊ុនត្រូវការពេលវេលាបន្ថែមទៀតដើម្បីវាយតម្លៃផលប៉ះពាល់។ អ្នកស្រីមិនទាន់បានបញ្ជាក់ពីកាលបរិច្ឆេទបើកដំណើរការឡើងវិញនៅទីតាំង Elektrostal នៅឡើយទេ ប៉ុន្តែបានឱ្យដឹងថា ទីតាំង Kotovsk នឹងចាប់ផ្តើមទទួលការដឹកជញ្ជូនឡើងវិញ ហើយទំនិញដែលរក្សាទុកនៅទីនោះនឹងត្រូវដាក់លក់ជាថ្មី។ ការផ្អាកប្រតិបត្តិការនេះបានប៉ះពាល់ដល់ក្រុមហ៊ុនដៃគូនានាផងដែរ ដោយក្រុមហ៊ុនលក់សម្លៀកបំពាក់ទួរគី Koton Magazacilik បានឱ្យដឹងថា សារពើភ័ណ្ឌទំនិញមួយផ្នែករបស់ខ្លួនត្រូវបានខូចខាត។

បច្ចុប្បន្ន Wildberries មានអ្នកលក់នៅលើប្រព័ន្ធជាង ១ លាននាក់ និងជាកម្លាំងចលករដ៏សំខាន់នៃពាណិជ្ជកម្មអេឡិចត្រូនិកនៅរុស្ស៊ី។ ការកើនឡើងនៃពាណិជ្ជកម្មអនឡាញ កើនឡើង ២៨% (គិតជាទឹកប្រាក់ ១១,៥ ទ្រីលានរ៉ូប ឬប្រមាណ ១៤៧ ពាន់លានដុល្លារ)។ អនុរដ្ឋមន្ត្រី Alexander Novak បានឱ្យដឹងថា ការលក់ទំនិញនិងសេវាកម្មលើផ្លែតហ្វមឌីជីថល មានទំហំប្រមាណ ៨,៥% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេស។

នៅក្នុងក្រុម Telegram យើងលក់នៅលើ Wildberries អាជីវករជាច្រើនបានសម្តែងការព្រួយបារម្ភពីវិធីដោះស្រាយការលក់ក្នុងអំឡុងពេលឃ្លាំងទាំងពីរត្រូវបិទ។ សមាជិកខ្លះបានលើកឡើងថា អ៊ុយក្រែនមានបំណងវាយប្រហារបំបាក់សេដ្ឋកិច្ច សន្ទុះ GDP និងការងាររបស់រុស្ស៊ី ខណៈដែលរុស្ស៊ីផ្ទាល់ក៏បានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងបណ្តាញប្រៃសណីយ៍របស់អ៊ុយក្រែនជាញឹកញាប់ចាប់តាំងពីសង្គ្រាមផ្ទុះឡើងនៅដើមឆ្នាំ២០២២ មក។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters