[ហុងកុង]៖ ក្រុមហ៊ុនអាកាសចរណ៍ធំៗបំផុតរបស់ប្រទេសចិន កំពុងឈានចូលរដូវកាលធ្វើដំណើររដូវក្តៅដ៏មមាញឹកបំផុត ទាំងក្តីបារម្ភជាខ្លាំង បន្ទាប់ពីបានចេញការព្រមានពីការខាតបង់យ៉ាងគំហកនៅឆមាសទីមួយ។ តម្រូវការធ្វើដំណើរដែលធ្លាក់ចុះ បានបង្កជាមន្ទិលសង្ស័យថា តើក្រុមហ៊ុនទាំងនោះអាចទប់ទល់នឹងការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ ក្នុងអំឡុងខែដែលមានចរាចរណ៍មមាញឹកបំផុតប្រចាំឆ្នាំនេះបានដែរឬទេ។ ក្រុមហ៊ុនអាកាសចរណ៍ធំៗទាំងបីរបស់ចិន រួមមាន Air China, China Eastern Airlines និង China Southern Airlines កាលពីថ្ងៃអង្គារកន្លងទៅ បានព្រមានថា ពួកគេរំពឹងថានឹងមានការខាតបង់សុទ្ធរួមគ្នារហូតដល់ទៅ ៩ ពាន់លានយន់ (ប្រហែល ១,៣៣ ពាន់លានដុល្លារ) នៅឆមាសទីមួយ។ នេះជាការប្រែប្រួលយ៉ាងអាក្រក់ បើធៀបទៅនឹងប្រាក់ចំណេញរួមគ្នាកាលពីត្រីមាសទីមួយ ដែលធ្លាប់ទទួលបានការរុញច្រានពីតម្រូវការធ្វើដំណើរដ៏ខ្លាំងក្លាក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិន។

ស្ថានភាពនេះបានឆ្លុះបញ្ចាំងពីវិបត្តិដ៏លំបាកដែលក្រុមហ៊ុនអាកាសចរណ៍ចិនកំពុងជួបប្រទះ ប្រសិនបើ តម្លើងថ្លៃសំបុត្រ ដើម្បីប៉ះប៉ូវថ្លៃប្រេងឥន្ធនៈ នោះនឹងធ្វើឱ្យតម្រូវការធ្វើដំណើរកាន់តែដុនដាប។ប្រសិនបើរក្សាតម្លៃសំបុត្រទាប ដើម្បីទាក់ទាញអតិថិជន ក្រុមហ៊ុនត្រូវបង្ខំចិត្តរ៉ាប់រងការចំណាយបន្ថែមដ៏ខ្ពស់ដោយខ្លួនឯង។ លោក Parash Jain ប្រធានផ្នែកស្រាវជ្រាវការដឹកជញ្ជូន និងភស្តុភារកម្មសកលរបស់ធនាគារ HSBC បានលើកឡើងថា ផលប៉ះពាល់អវិជ្ជមានផ្នែកទ្រព្យសម្បត្តិ កំពុងផ្លាស់ប្តូរទម្លាប់ចាយវាយរបស់អ្នកប្រើប្រាស់ចិន ស្របពេលដែលកំណើនសេដ្ឋកិច្ចមានការយឺតយ៉ាវ។ 

រាល់ការដំឡើងថ្លៃសំបុត្រយន្តហោះ សុទ្ធតែប្រឈមនឹងការបាត់បង់អតិថិជន។ តម្លៃសំបុត្រខ្ពស់កំពុងរុញច្រានឱ្យប្រជាជនងាកទៅប្រើប្រាស់ផ្លូវរថភ្លើងល្បឿនលឿនវិញសម្រាប់ការធ្វើដំណើរចម្ងាយជិត។

ក្រៅពីនេះ ភាពរំខាននៃអាកាសធាតុ និងការកាត់បន្ថយការធ្វើដំណើររបស់ក្រុមសិស្សសាលា ក៏ជាកត្តារួមផ្សំផងដែរ ប៉ុន្តែកត្តាចម្បងបំផុតនៅតែជា តម្លៃសំបុត្រយន្តហោះកើនឡើង។ អ្នកវិភាគរបស់ HSBC ព្យាករណ៍ថាក្រុមហ៊ុនអាកាសចរណ៍ធំៗទាំងបីនេះ អាចនឹងប្រឈមមុខនឹងការខាតបង់រួមគ្នារហូតដល់ ១៦,៨ ពាន់លានយន់ ក្នុងឆ្នាំ២០២៦ នេះ ដែលផ្ទុយស្រឡះពីការរំពឹងទុករបស់ទីផ្សារកាលពីមុនថាអាចនឹងទទួលបានប្រាក់ចំណេញរួមគ្នា ១,៣ ពាន់លានយន់។ ក្រុមហ៊ុនអាកាសចរណ៍ចិនភាគច្រើនមិនបានធ្វើការទិញប្រេងទុកជាមុនក្នុងតម្លៃកំណត់ណាមួយឡើយ ដែលធ្វើឱ្យពួកគេរងគ្រោះផ្ទាល់ពីការហក់ឡើងនៃតម្លៃប្រេងបង្កឡើងដោយជម្លោះអ៊ីរ៉ង់។ ទោះបីជាថ្លៃប្រេងយន្តហោះបានថយចុះបន្តិចក្នុងត្រីមាសទីពីរក៏ដោយ វានៅតែខ្ពស់ជាងកម្រិតមុនពេលមានសង្គ្រាមប្រហែល ៥០%។

ទោះបីជាត្រីមាសទីបីជាទូទៅជាត្រីមាសដែលរកចំណូលបានច្រើនបំផុតក៏ដោយ ក្រុមហ៊ុន Flight Master បានព្យាករណ៍ថា ចរាចរណ៍ផ្លូវអាកាសទាំងក្នុងស្រុក និងអន្តរជាតិរបស់ចិន នឹងធ្លាក់ចុះ ៣,៦% (ធៀបនឹងឆ្នាំមុន) មកនៅត្រឹម ១៤២ លាននាក់ក្នុងខែកក្កដា និងសីហា។ នេះជាការធ្លាក់ចុះក្នុងរដូវកាលកំពូលជាលើកដំបូងបង្អស់គិតចាប់តាំងពីឆ្នាំ២០២២ មក។ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែកក្កដា ជើងហោះហើរប្រចាំថ្ងៃជាមធ្យមបានធ្លាក់ចុះ ២,២% (ក្នុងស្រុកធ្លាក់ចុះ ១,៨% និងអន្តរជាតិធ្លាក់ចុះ ៣,៦%)។ ចំណែកឯតម្លៃសំបុត្រថ្នាក់សន្សំសំចៃ មានតម្លៃជាមធ្យម ៨៣១ យន់ ដែលធ្លាក់ចុះ ១,២% ធៀបនឹងឆ្នាំមុន និងធ្លាក់ចុះ ៦,១% បើធៀបនឹងកម្រិតក្នុងឆ្នាំ២០១៩។

សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) បានបង្ហាញថា តម្រូវការធ្វើដំណើរក្នុងស្រុករបស់ចិនបានធ្លាក់ចុះ ៦,២% ក្នុងខែឧសភា។ នេះជាដំណើរការខ្សោយបំផុតក្នុងចំណោមទីផ្សារក្នុងស្រុកធំៗលើពិភពលោក និងជាការធ្លាក់ចុះប្រចាំខែលើកដំបូងបង្អស់ដែលមិនពាក់ព័ន្ធនឹងបុណ្យចូលឆ្នាំចិន គិតចាប់តាំងពីសម័យរាតត្បាតកូវីដ-១៩ មក។ កន្លងមក ក្រុមហ៊ុនអាកាសចរណ៍ធំៗទាំងបីដែលពឹងផ្អែកលើប្រាក់ចំណូលពីជើងហោះហើរអន្តរជាតិប្រមាណ ៣០% ធ្លាប់ទទួលបានកំណើនអ្នកដំណើរលើផ្លូវហោះហើរទៅកាន់អឺរ៉ុប ដោយសារអ្នកដំណើរចៀសវាងការឆ្លងកាត់មជ្ឈិមបូព៌ាអំឡុងពេលមានជម្លោះអ៊ីរ៉ង់។ ប៉ុន្តែ យោងតាមទិន្នន័យរបស់ Flight Master ឱកាសចំណេញទាំងនោះកំពុងតែថយចុះទៅវិញ ដោយសារក្រុមហ៊ុនអាកាសចរណ៍នៅតំបន់ឈូងសមុទ្រពែរ្ស បានចាប់ផ្តើមបើកដំណើរការជើងហោះហើរឡើងវិញ ព្រមទាំងផ្តល់ជូនតម្លៃសំបុត្រដែលធូរថ្លៃជាងមុន។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters