[ទីក្រុងវ៉ាស៊ីនតោន]៖ យោងតាមការវិភាគរូបភាពផ្កាយរណបដោយវិទ្យុអាស៊ីសេរី (RFA) បានឱ្យដឹងថា កូរ៉េខាងជើងបានសាងសង់សំណង់យោធាដែលមានរចនាសម្ព័ន្ធ “បើកបរឆ្លងកាត់” ដូចគ្នាចំនួនយ៉ាងហោចណាស់ ២១ កន្លែង នៅជិតព្រំដែនកូរ៉េខាងត្បូង។ សំណង់ទាំងនេះត្រូវបានគេសង្ស័យថា ជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ប្រតិបត្តិការប្រព័ន្ធអាវុធមីស៊ីល ឬគ្រាប់រ៉ុក្កែតទំនើបៗ។
អគារនីមួយៗមានប្រវែងប្រហែល ៥២ ម៉ែត្រ (១៧១ ហ្វីត) បានចាប់ផ្តើមលេចឡើងនៅលើរូបភាពផ្កាយរណបនៅចន្លោះឆ្នាំ ២០២៣ ដល់ដើមឆ្នាំ ២០២៥។ ទីតាំងសាងសង់ស្ថិតនៅក្នុងមូលដ្ឋានកងទ័ពតូចៗរបស់កូរ៉េខាងជើង ភាគខាងត្បូងទីក្រុងកែសុង ដែលមានចម្ងាយតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីតំបន់គ្មានយោធា និងមានចម្ងាយត្រឹមតែ ៥២ គីឡូម៉ែត្រ (៣២ ម៉ាយល៍) ពីទីក្រុងសេអ៊ូល ដែលជារដ្ឋធានីរបស់កូរ៉េខាងត្បូង។ ការរចនា និងទីតាំងយុទ្ធសាស្ត្រនៃអគារទាំងនេះ បង្ហាញថាពួកវាអាចដើរតួជាកន្លែងថែទាំ និងស្តុកទុកសម្រាប់ប្រព័ន្ធអាវុធសំខាន់ៗចំនួនពីរគឺ ប្រព័ន្ធ TELs (Transporter Erector Launchers) យានជំនិះសម្រាប់ដឹកជញ្ជូន ដំឡើង និងបាញ់បង្ហោះមីស៊ីល ដែលប្រើសម្រាប់វាយប្រហារចំគោលដៅជាក់លាក់ណាមួយ។ ម៉្យាងទៀត ប្រព័ន្ធ MLRS (Multiple Launch Rocket Systems) ប្រព័ន្ធបាញ់រ៉ុក្កែតច្រើនដើម ប្រើសម្រាប់វាយប្រហារបោសសម្អាតលើផ្ទៃដីធំទូលាយ។

ប្រព័ន្ធអាវុធទាំងពីរប្រភេទនេះ មានសមត្ថភាពបាញ់មីស៊ីល ឬគ្រាប់រ៉ុក្កែតតម្រង់ទិសបានយ៉ាងរហ័សឆ្ពោះទៅកាន់គោលដៅនានានៅទូទាំងប្រទេសកូរ៉េខាងត្បូង។ ទោះបីជាអ្នកជំនាញកត់សម្គាល់ថា ប្រព័ន្ធអាវុធទាំងនេះមិនទាន់ត្រូវបានគេប្រទះឃើញផ្ទាល់នៅក្នុងរូបភាពផ្កាយរណបក៏ដោយ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធយោធាគឺជាការពន្យល់ដ៏សមហេតុផលបំផុត។ លោក Joseph S. Bermudez Jr. សមាជិកជាន់ខ្ពស់ផ្នែកវិភាគរូបភាពនៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានថ្លែងថា ខ្ញុំមិនឃើញមានហេតុផលណាមួយសម្រាប់សកម្មភាពស៊ីវិល ក្នុងការសាងសង់សំណង់កម្រិតនេះនៅទីតាំងបែបនេះឡើយ។
លោក Bermudez បានសន្និដ្ឋានថា អគារទាំងនេះហាក់ដូចជាត្រូវបានរចនាឡើងសម្រាប់ប្រព័ន្ធ MLRS ជាងប្រព័ន្ធ TEL ធំៗ។ ហេតុផលគឺដោយសារអគារនីមួយៗត្រូវបានភ្ជាប់ទៅនឹងផ្លូវចូលសម្រាប់យានយន្តយោធា ដែលមានកាំនៃការបង្វិល សមស្របសម្រាប់យានយន្តទំហំតូចទៅមធ្យម មិនមែនសម្រាប់ឡានដឹកមីស៊ីល TEL ដ៏ធំនោះទេ។ លោកបានបន្ថែមថា អគារប្រវែង ៥២ ម៉ែត្រនេះ អាចផ្ទុកឧបករណ៍បាញ់រ៉ុក្កែតច្រើនដើមចំនួន ៤ គ្រឿង (ដាក់តម្រៀបគ្នាមួយពីក្រោយមួយ) រួមទាំងមានកន្លែងសម្រាប់យានយន្តជំនួយផងដែរ។
ចំណែកលោក Jacob Bogle អ្នកវិភាគរូបភាពផ្កាយរណបឯកជននៅសហរដ្ឋអាមេរិក បានពន្យល់ពីលក្ខណៈបច្ចេកទេសនៃសំណង់នេះថា រចនាសម្ព័ន្ធនីមួយៗមានសាលបើកបរឆ្លងកាត់កណ្តាល ដែលអនុញ្ញាតឱ្យយានយន្តអាចចូលតាមចុងម្ខាង និងបើកចេញតាមចុងម្ខាងទៀត។ ចំណែកដំបូលផ្នែកកណ្តាលត្រូវបានលើកកម្ពស់ខ្ពស់ ដើម្បីអនុញ្ញាតឱ្យឧបករណ៍បាញ់បង្ហោះ អាចលើកដំឡើងម៉ូឌុលមីស៊ីល ឬរ៉ុក្កែតសម្រាប់ការថែទាំបានយ៉ាងងាយស្រួល។
កូរ៉េខាងជើងត្រូវបានគេដឹងថា បាននិងកំពុងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ MLRS របស់ខ្លួនយ៉ាងស្ងៀមស្ងាត់ មុនពេលប្រកាសជាសាធារណៈ។ រចនាសម្ព័ន្ធទាំងនេះគ្រាន់តែជាផ្នែកមួយនៃការធ្វើទំនើបកម្មយោធានៅតំបន់ DMZ ប៉ុណ្ណោះ ប៉ុន្តែវាជាតំបន់ដែលមានហានិភ័យខ្ពស់បំផុត។ លោក Bruce Bennett អ្នកវិភាគសន្តិសុខជាតិជាន់ខ្ពស់ បានគូសបញ្ជាក់ថា ភាពកៀកនៃទីតាំងទៅនឹងព្រំដែន គឺជាភស្តុតាងដ៏ច្បាស់លាស់។ លោកបានរំលឹកថា កាលពីខែកុម្ភៈឆ្នាំមុន មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហាញឡានបាញ់មីស៊ីល TEL ថ្មីចំនួន ៥០ គ្រឿង ដែលមានសមត្ថភាពផ្ទុកមីស៊ីលខ្នាត ៦០០ មីលីម៉ែត្រ (ប្រភេទ KN-25)។
មីស៊ីលទាំងនេះមានប្រវែងជាង ៨ ម៉ែត្រ ដូច្នេះឡានបាញ់បង្ហោះរបស់វាអាចមានប្រវែងប្រហែល ១០ ម៉ែត្រ។ ដូចនេះ ឡានបាញ់មីស៊ីលចំនួន ៣ ទៅ ៤ គ្រឿង អាចដាក់ចូលទៅក្នុងអគារប្រវែង ៥២ ម៉ែត្រមួយបានយ៉ាងល្មម។ ឡានបាញ់មីស៊ីលថ្មីទាំង ៥០ គ្រឿងនេះ អាចបំពេញចន្លោះអគារទើបសាងសង់ថ្មីបានពី ១៣ ដល់ ១៧ អគារ ដោយបន្សល់ទុកនូវកន្លែងទំនេរសម្រាប់ប្រព័ន្ធ ៦០០ មីលីម៉ែត្រផ្សេងទៀត និងឧបករណ៍បាញ់រយៈចម្ងាយខ្លីដទៃទៀត ដែលលោក គីម បានដាក់បង្ហាញដាច់ដោយឡែក។
យោងតាមគម្រោង Beyond Parallel របស់មជ្ឈមណ្ឌល CSIS កូរ៉េខាងជើងមានទម្លាប់ប្រើប្រាស់អគារប្រភេទ "បើកបរឆ្លងកាត់" នេះជាយូរមកហើយ ដើម្បីលាក់បាំងកងកម្លាំងមីស៊ីលរបស់ខ្លួន តាំងពីជំនាន់មីស៊ីល Scud រហូតដល់មីស៊ីលរយៈចម្ងាយឆ្ងាយនាពេលបច្ចុប្បន្ន។ រចនាសម្ព័ន្ធស្រដៀងគ្នានេះ ក៏ត្រូវបានរកឃើញនៅមូលដ្ឋានប្រតិបត្តិការមីស៊ីល Kal-gol ដែលជាមូលដ្ឋានមីស៊ីលបាលិស្ទីគមិនបានប្រកាសមួយ ក្នុងចំណោម ១៥ ទៅ ២០ កន្លែងរបស់កូរ៉េខាងជើង។
ចាប់តាំងពីឆ្នាំ ២០២២ មក លោក គីម ជុងអ៊ុន បានដឹកនាំពិធីបង្ហាញអាវុធធំៗចំនួន ៣ លើក ដោយបានបង្ហាញឡានបាញ់មីស៊ីលប្រភេទ KN-25 និងមីស៊ីលរយៈចម្ងាយខ្លីប្រភេទ Hwasong-11D (មានសមត្ថភាពបាញ់បានចម្ងាយជាង ១០០ គីឡូម៉ែត្រ) ចំនួនជាង ៣៣០ គ្រាប់។ ការបង្កើនកម្លាំងភ្លើងនៅជួរមុខនេះ រួមមាន ការដាក់បង្ហាញប្រព័ន្ធបាញ់រ៉ុក្កែតច្រើនដើមទំហំ ៦០០ មីលីម៉ែត្រ បទបញ្ជាពង្រឹងការការពារព្រំដែនភាគខាងត្បូង និង ការធ្វើតេស្តបាញ់គ្រាប់ពិតកាលពីខែមិថុនា នូវប្រព័ន្ធបាញ់រ៉ុក្កែតទំហំ ២៤០ មីលីម៉ែត្រ ជំនាន់ថ្មី ដែលបំពាក់ប្រព័ន្ធណែនាំផ្លូវច្បាស់លាស់ស្វ័យភាព និងមានរយៈចម្ងាយបាញ់រហូតដល់ ៩០ គីឡូម៉ែត្រ។
លោក Bermudez បានសន្និដ្ឋានថា ពេលវេលានៃការសាងសង់អគារទាំងនេះមិនមែនជារឿងចៃដន្យឡើយ កូរ៉េខាងជើងកំពុងបង្កើនការដាក់ពង្រាយកងទ័ពជួរមុខរបស់ខ្លួន។ គេមិនសាងសង់សំណង់ដដែលៗច្រើនបែបនេះទេលុះត្រាតែគេមានផែនការបញ្ជូន និងពង្រាយកម្លាំងអាវុធបន្ថែម។ ជាចុងក្រោយ លោក Bogle បានបន្ថែមថា យុទ្ធសាស្ត្រនេះគឺជាវិធីសាស្ត្ររស់រានមានជីវិតយូរអង្វែងរបស់កូរ៉េខាងជើង ដោយផ្អែកលើ ការបង្កើតកន្លែងលាក់ខ្លួនឱ្យបានច្រើន។ រាល់អគារថ្មី មូលដ្ឋានថ្មី ឬកន្លែងក្រោមដីនីមួយៗ នឹងបង្ខំឱ្យកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ត្រូវចំណាយធនធានកាន់តែច្រើន ព្រមទាំងបង្កើតបន្ទុកបន្ថែមដល់ភ្នាក់ងារស៊ើបការណ៍សម្ងាត់ ក្នុងការតាមដានថាតើអាវុធទាំងនោះត្រូវបានផ្លាស់ប្តូរទីតាំងទៅកន្លែងណា និងនៅពេលណា។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Eurasia Review