កំពង់ផែLos Angeles ដែលជាកំពង់ផែដឹកកុងតឺន័រធំបំផុតរបស់សហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃពុធថា ខ្លួនបានបង្កើតកំណត់ត្រាថ្មីសម្រាប់បរិមាណទំនិញក្នុងខែមិថុនា ខណៈក្រុមហ៊ុននាំចូលជាច្រើន ចាប់ពីអ្នកលក់រាយរហូតដល់ក្រុមហ៊ុនសាងសង់មជ្ឈមណ្ឌលទិន្នន័យ (Data Center) បានពន្លឿនការនាំចូលទំនិញ ដើម្បីគេចវាងការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ និងពន្ធនាំចូលថ្មីរបស់សហរដ្ឋអាមេរិក។
កំពង់ផែនៅរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូងនេះ បានដំណើរការទំនិញសរុប 1,002,734 TEUs (ឯកតាស្មើនឹងកុងតឺន័រទំហំ 20 ហ្វីត) កាលពីខែមុន កើនឡើង12% បើធៀបនឹងខែមិថុនា ឆ្នាំ២០២៥។ នេះជាលើកទី៣ហើយ ក្នុងប្រវត្តិសាស្ត្រ 118 ឆ្នាំ របស់កំពង់ផែ ដែលបរិមាណទំនិញប្រចាំខែបានលើស1 លាន TEUs។ នាយកប្រតិបត្តិកំពង់ផែ លោក Gene Seroka បានឱ្យដឹងថា ការនាំចូលកើនឡើង13% ដល់ 530,558 TEUs ខណៈការនាំចេញកើនឡើងត្រឹម 0.2% ដល់ 126,365 TEUs

APM Terminals at the Port of Los Angeles

 

ចំណែកឯកំពង់ផែ Long Beach ដែលស្ថិតនៅជាប់គ្នា បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនបានដំណើរការទំនិញ 779,331 TEUsក្នុងខែមិថុនា ដែលជាបរិមាណខ្ពស់បំផុតលំដាប់ទី៣ សម្រាប់ខែមិថុនា ដោយមានការកើនឡើង11% នៃការនាំចូល។ ទិន្នន័យពីក្រុមហ៊ុនបច្ចេកវិទ្យាខ្សែសង្វាក់ផ្គត់ផ្គង់ Descartes Systems Group បង្ហាញថា ការនាំចូលកុងតឺន័ររបស់សហរដ្ឋអាមេរិកសរុប បានកើនឡើង 8.2%ក្នុងខែមិថុនា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សង្គ្រាមរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ បានបង្កការរំខានដល់ការដឹកជញ្ជូនតាមសមុទ្រនៅតំបន់មជ្ឈិមបូព៌ា និងនៅទូទាំងពិភពលោក។ តម្លៃប្រេងឥន្ធនៈសម្រាប់នាវាបានកើនឡើងយ៉ាងខ្លាំង ខណៈអ្នកលក់រាយ និងក្រុមហ៊ុនផលិតជាច្រើន ក៏បារម្ភថា វត្ថុធាតុដើម និងទំនិញពីរោងចក្រសំខាន់ៗ អាចនឹងខ្វះខាត ឬមានថ្លៃដឹកជញ្ជូនកាន់តែខ្ពស់។
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump គ្រោងអនុវត្តយុទ្ធសាស្ត្រពន្ធនាំចូលថ្មីនៅខែនេះ ដោយផ្អែកលើ Section 301 នៃច្បាប់ពាណិជ្ជកម្មអាមេរិក ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលស៊ើបអង្កេតលើការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌។ ពន្ធថ្មីទាំងនេះ មានគោលបំណងស្ដារឡើងវិញនូវពន្ធគ្រាអាសន្នរបស់លោក Trump ដែលត្រូវបានតុលាការកំពូលសហរដ្ឋអាមេរិកលុបចោលកាលពីខែកុម្ភៈ។

ប្រែសម្រួលដោយ៖ វី យៀក

ប្រភព៖ Reuters