ភ្នំពេញ៖ កម្មវិធីវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ «ការផ្សារភ្ជាប់ម្ចាស់អាជីវកម្មជាមួយសារព័ត៌មានក្នុងយុគសម័យ AI និងស្ថានភាពអចលនទ្រព្យកម្ពុជា» បានទទួលការគាំទ្រយ៉ាងកក់ក្តៅពីព្រះសង្ឃ សហគ្រិន ម្ចាស់អាជីវកម្ម អ្នកវិនិយោគ និងអ្នកជំនាញមកពីវិស័យផ្សេងៗ ខណៈអ្នកចូលរួមបានវាយតម្លៃថា កម្មវិធីនេះបានផ្តល់នូវចំណេះដឹង និងទស្សនវិស័យថ្មីៗ ដែលអាចយកទៅអនុវត្តបានជាក់ស្តែងក្នុងការអភិវឌ្ឍអាជីវកម្មនាពេលបច្ចុប្បន្ន។

កម្មវិធីនេះត្រូវបានរៀបចំដោយ សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA) សហការជាមួយ អង្គភាពសារព័ត៌មានស្ពីកញូស៍ ក្នុងគោលបំណងបង្កើតវេទិកាសម្រាប់ការចែករំលែកចំណេះដឹង អំពីការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ការកសាងទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាមួយសារព័ត៌មាន និងការវិភាគស្ថានភាពទីផ្សារអចលនទ្រព្យកម្ពុជា ដែលកំពុងមានការប្រែប្រួលជាបន្តបន្ទាប់។

ថ្លែងក្នុងកម្មវិធី លោក យិន លាងគង់ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA) បានមានប្រសាសន៍ថា កម្មវិធីនេះបានប្រមូលផ្តុំអ្នកជំនាញដែលមានបទពិសោធន៍ជាង ២០ឆ្នាំ ក្នុងវិស័យសេដ្ឋកិច្ច អចលនទ្រព្យ សារព័ត៌មាន និងបច្ចេកវិទ្យា AI ដើម្បីចែករំលែកចំណេះដឹងដែលប្រមូលបានពីការអនុវត្តជាក់ស្តែង។ លោកបានបញ្ជាក់ថា អ្នកចូលរួមអាចទទួលបានមូលធនបញ្ញា និងបទពិសោធន៍ជាច្រើនឆ្នាំ តាមរយៈការចូលរួមក្នុងកម្មវិធីរយៈពេលត្រឹមមួយថ្ងៃ។

លោកបានបន្តថា ក្នុងបរិបទដែលបច្ចេកវិទ្យាកំពុងផ្លាស់ប្តូររបៀបធ្វើអាជីវកម្ម និងការទំនាក់ទំនងជាមួយអតិថិជន ម្ចាស់អាជីវកម្មត្រូវយល់ដឹងពីរបៀបធ្វើការជាមួយសារព័ត៌មាន ការប្រើប្រាស់ AI ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងការតាមដានព័ត៌មានទីផ្សារអចលនទ្រព្យ ដើម្បីអាចសម្រេចចិត្តបានកាន់តែត្រឹមត្រូវ។ លោកបានសង្កត់ធ្ងន់ថា ការទទួលបានព័ត៌មានត្រឹមត្រូវ និងទាន់ពេលវេលា គឺជាមូលដ្ឋានសំខាន់សម្រាប់ការវិនិយោគ និងការអភិវឌ្ឍអាជីវកម្មប្រកបដោយចីរភាព។

ជាមួយគ្នានេះ លោក ចេង វុទ្ធី អគ្គនាយកក្រុមហ៊ុន INVA Real Estate និងជាចាងហ្វាងផ្សាយនៃ អង្គភាពសារព័ត៌មានស្ពីកញូស៍ បានមានប្រសាសន៍ថា ក្នុងពេលដែលទីផ្សារអចលនទ្រព្យ និងសេដ្ឋកិច្ចកំពុងប្រឈមនឹងការប្រែប្រួល AI បានក្លាយជាឧបករណ៍ដ៏មានសារៈសំខាន់សម្រាប់អ្នកជំនាញ និងអ្នកវិនិយោគក្នុងការវិភាគទិន្នន័យ និងធ្វើការសម្រេចចិត្តប្រកបដោយភាពជាក់លាក់។

លោកបានបញ្ជាក់ថា អ្នកចូលរួមក្នុងកម្មវិធីនឹងស្វែងយល់ពីរបៀបប្រើប្រាស់ AI ដើម្បីបង្កើនប្រសិទ្ធភាពការងារ រៀនវិភាគទិន្នន័យទីផ្សារ និងនិន្នាការតម្លៃអចលនទ្រព្យ ស្វែងរកឱកាសវិនិយោគថ្មីៗ អភិវឌ្ឍជំនាញវាយតម្លៃហានិភ័យ និងយក AI មកប្រើប្រាស់ក្នុងការធ្វើទីផ្សារ ការលក់ និងការផ្តល់សេវាកម្មអតិថិជន។ លើសពីនេះ កម្មវិធីក៏ផ្តល់ឱកាសឱ្យអ្នកចូលរួមផ្លាស់ប្តូរបទពិសោធន៍ និងពង្រីកបណ្តាញទំនាក់ទំនងជាមួយអ្នកជំនាញ និងអ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យផងដែរ។

ក្នុងឱកាសនោះ លោក Karl Diederich នាយកផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃ Urban Hub និង The Factory Phnom Penh បានលើកឡើងថា វិស័យអចលនទ្រព្យកម្ពុជាបានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ និងបានរួមចំណែកផ្លាស់ប្តូររបៀបរស់នៅរបស់ប្រជាពលរដ្ឋ។ ទោះជាយ៉ាងណា ក្នុងបរិបទដែលការប្រកួតប្រជែងកាន់តែខ្លាំង អ្នកអភិវឌ្ឍន៍គួរផ្តោតលើគម្រោងដែលមានភាពចម្រុះ ដោយរួមបញ្ចូលការស្នាក់នៅ ការិយាល័យ ភោជនីយដ្ឋាន ហាងកាហ្វេ និងសេវាកម្មផ្សេងៗនៅក្នុងតំបន់តែមួយ ដើម្បីបំពេញតម្រូវការរបស់ទីផ្សារនាពេលអនាគត។

កម្មវិធីនេះក៏មានការចូលរួមពីវាគ្មិនល្បីៗ និងអ្នកជំនាញដែលមានបទពិសោធន៍យូរឆ្នាំក្នុងវិស័យអចលនទ្រព្យ សេដ្ឋកិច្ច សារព័ត៌មាន និងបច្ចេកវិទ្យា AI រួមមាន លោកបណ្ឌិត តេង រិទ្ធី អគ្គនាយកគម្រោង Victoria Park និង Heritage Park លោក យិន លាងគង់ លោក ចេង វុទ្ធី លោក Karl Diederich លោក អ៊ិន មាន អ្នកជំនាញ AI លោក កៃ គឹមសុង អតីតនិពន្ធនាយកសារព័ត៌មានភ្នំពេញប៉ុស្តិ៍ និងលោក អាន ច័ន្ទថ្លា អតីតអ្នកវិភាគព័ត៌មានសេដ្ឋកិច្ចប្រចាំទូរទស្សន៍ CNC/CTផងដែរ ដែលសុទ្ធសឹងជាអ្នកជំនាញមានបទពិសោធន៍ និងល្បីល្បាញក្នុងប្រទេសកម្ពុជា។

តាមរយៈការចូលរួមរបស់អ្នកជំនាញជាច្រើនរូប កម្មវិធីនេះបានក្លាយជាវេទិកាដ៏មានតម្លៃសម្រាប់ការចែករំលែកចំណេះដឹង ការបំផុសគំនិត និងការកសាងបណ្តាញទំនាក់ទំនងរវាងម្ចាស់អាជីវកម្ម អ្នកវិនិយោគ និងអ្នកសារព័ត៌មាន ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍអាជីវកម្ម និងវិស័យអចលនទ្រព្យកម្ពុជាឱ្យស្របតាមនិន្នាការបច្ចេកវិទ្យាក្នុងយុគសម័យ AI។