[សេអ៊ូល]៖ ភាគហ៊ុននៅក្នុងវិស័យពាក់កណ្តាលចម្លង របស់កូរ៉េខាងត្បូងបានកើនឡើងយ៉ាងខ្លាំងកាលពីថ្ងៃព្រហស្បតិ៍។ កំណើននេះកើតឡើងបន្ទាប់ពីក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំ របស់សហរដ្ឋអាមេរិក Micron Technology បានចេញរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសដ៏ល្អប្រសើរ និងបានព្យាករណ៍ពីលទ្ធផលខ្ពស់ជាងការរំពឹងទុក ដែលជួយជម្រុញសុទិដ្ឋិនិយមបន្ថែមលើតម្រូវការស្ទុះឡើងនៃបន្ទះឈីប AI។

ជាមួយគ្នានេះដែរ កាលពីថ្ងៃពុធ ក្រុមហ៊ុន SK Hynix របស់កូរ៉េខាងត្បូងបានប្រកាសថា ខ្លួនមានផែនការកៀរគរទុនរហូតដល់ ២៩,៤ ពាន់លានដុល្លារ តាមរយៈការចុះបញ្ជីនៅលើទីផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិក។ កត្តានេះបានធ្វើឱ្យវិនិយោគិនរំពឹងថានឹងអាចកាត់បន្ថយគម្លាតតម្លៃ រវាងក្រុមហ៊ុនផលិតបន្ទះឈីបកូរ៉េ និងក្រុមហ៊ុនគូប្រជែង Micron។

នៅក្នុងការជួញដូរដំបូង ភាគហ៊ុនរបស់ SK Hynix និង Samsung Electronics បានកើនឡើងរហូតដល់ ១១,៦% និង ៦,២% រៀងគ្នា ដោយដើរទន្ទឹមគ្នានឹងការកើនឡើងនៃភាគហ៊ុនបន្ទះឈីបនៅសហរដ្ឋអាមេរិក។ សន្ទស្សន៍ផ្សារភាគហ៊ុនចម្បង KOSPI របស់កូរ៉េខាងត្បូង ដែលក្នុងនោះក្រុមហ៊ុន Samsung Electronics និង SK Hynix រួមគ្នាមានចំណែក លើសពី ៥៥% នៃមូលធនបនីយកម្មទីផ្សារសរុប បានកើនឡើង ៥,២% គិតត្រឹមម៉ោង ០១:៣៩ GMT។ តាមរយៈរលកកំណើននៃវិស័យ AI នេះ ក្រុមហ៊ុន Samsung Electronics និង SK Hynix បានឃើញតម្លៃទីផ្សាររបស់ខ្លួនកើនឡើងលើសពី ១ ទ្រីលានដុល្លារនៅឆ្នាំនេះ។ បច្ចុប្បន្ន សរុបតម្លៃទីផ្សាររបស់ Samsung មានប្រហែល ១,៤៧ ទ្រីលានដុល្លារ ដែលធ្វើឱ្យក្រុមហ៊ុននេះមានតម្លៃទីផ្សារធំជាងក្រុមហ៊ុន Tesla ឬ Meta ទៅទៀត។

តើ Samsung នឹងចុះបញ្ជីនៅសហរដ្ឋអាមេរិកដែរឬទេ? Micron ដែលជាអ្នកផ្គត់ផ្គង់បន្ទះឈីប AI ដ៏សំខាន់សម្រាប់ក្រុមហ៊ុន Nvidia រួមជាមួយក្រុមហ៊ុនផលិតបន្ទះឈីបរបស់កូរ៉េខាងត្បូង បានព្យាករណ៍ពីប្រាក់ចំណេញ និងចំណូលប្រចាំត្រីមាសខ្ពស់ជាងការរំពឹងទុកកាលពីថ្ងៃពុធ។ ក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថា អតិថិជនរបស់ខ្លួនបានប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ចំនួន ២២ ពាន់លានដុល្លាររួចជាស្រេច ដើម្បីធានាការផ្គត់ផ្គង់បន្ទះឈីបមេម៉ូរី ដែលធ្វើឱ្យភាគហ៊ុនរបស់ Micron ហក់ឡើង ១២% ភ្លាមៗនៅក្នុងការជួញដូរក្រៅម៉ោង។

ទស្សនវិស័យវិជ្ជមាននេះ បានពង្រឹងការរំពឹងទុកថា តម្រូវការបន្ទះឈីបមេម៉ូរីដែលជំរុញដោយ AI នឹងនៅតែបន្តរឹងមាំ ទោះបីជាមានការព្រួយបារម្ភខ្លះៗអំពីការចំណាយដ៏ច្រើនលើហេដ្ឋារចនាសម្ព័ន្ធ AI ក៏ដោយ។ អ្នកវិភាគរបស់ JPMorgan បានបញ្ជាក់នៅក្នុងរបាយការណ៍នីថ្ងៃនេះថា កង្វះខាតការផ្គត់ផ្គង់មេម៉ូរី គឺបង្កឡើងដោយតម្រូវការដ៏ខ្លាំងក្លាលើហេដ្ឋារចនាសម្ព័ន្ធរោងចក្រ AI ហើយយើងជឿជាក់ថា តួនាទីនៃអង្គចងចាំ ក្នុងនាមជាទ្រព្យសកម្មយុទ្ធសាស្ត្រនៅក្នុងប្រព័ន្ធបញ្ញាសិប្បនិម្មិតទូទៅ នៅតែមិនផ្លាស់ប្តូរ។ ពួកគេបានបន្ថែមថា គេឃើញមានសញ្ញាតិចតួចណាស់នៃការធ្លាក់ចុះតម្រូវការ ដែលអាចមកជួយបន្ធូរបន្ថយអតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការនាពេលបច្ចុប្បន្ននេះ។

ក្រុមហ៊ុន JPMorgan នៅតែបន្តផ្តល់អនុសាសន៍ដល់វិនិយោគិនឱ្យ ទិញបន្ថែមនៅពេលតម្លៃធ្លាក់ចុះ និងរក្សាការវិនិយោគកម្រិតអតិបរមាចំពោះភាគហ៊ុនរបស់កូរ៉េខាងត្បូង។នៅក្នុងកំណត់ត្រាដាច់ដោយឡែកមួយ JPMorgan បានចាត់ទុកប្រទេសកូរ៉េខាងត្បូងជាទីផ្សារដែលខ្លួនពេញចិត្តជាងគេនៅក្នុងតំបន់ ព្រមទាំងបានដំឡើងគោលដៅសន្ទស្សន៍ KOSPI រយៈពេល ១២ ខែខាងមុខ ដល់ ១២,៥០០ ពិន្ទុ។ គួរបញ្ជាក់ថា សន្ទស្សន៍ KOSPI កំពុងជួញដូរក្នុងតម្លៃ ៨,៩១៣.២៧ ពិន្ទុ នៅក្នុងការជួញដូរពេលព្រឹក។

លោក Jeff Kim ប្រធានផ្នែកស្រាវជ្រាវនៅ KB Securities-Jefferies បានលើកឡើងថា ក្រុមហ៊ុន Samsung ក៏ទំនងជានឹងដើរតាមគន្លងរបស់ SK Hynix ក្នុងការចុះបញ្ជីភាគហ៊ុនរបស់ខ្លួននៅលើទីផ្សារសហរដ្ឋអាមេរិក តាមរយៈទម្រង់បង្កាន់ដៃតម្កល់ភាគហ៊ុនអាមេរិក។ ការធ្វើបែបនេះនឹងជួយជម្រុញដល់តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបកូរ៉េ ដែលបច្ចុប្បន្នហាក់នៅស្ទើរ បើធៀបនឹងការវាយតម្លៃរបស់ក្រុមហ៊ុន Micron។ លោកបានសន្និដ្ឋានថា ភាគហ៊ុនរបស់ Micron កំពុងស្ថិតនៅចំណុចរបត់ដ៏សំខាន់ហើយការប្រើប្រាស់ប្រព័ន្ធ ADRs នឹងក្លាយជាកាតាលីករដ៏រឹងមាំសម្រាប់ជំរុញតម្លៃទីផ្សាររបស់ពួកគេ។

 

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters