[ដូហា]៖ ក្នុងហេតុការណ៍ផ្ទុះមួយនៅរោងចក្រកែច្នៃឧស្ម័ន ស្ថិតក្នុងបរិវេណតំបន់ឧស្សាហកម្មដ៏ធំ Ras Laffan របស់ប្រទេសកាតា បណ្តាលឱ្យមនុស្ស ១៣ នាក់បានបាត់បង់ជីវិត និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស។ រដ្ឋមន្ត្រីក្រសួងថាមពលកាតា បានថ្លែងកាលពីម្សិលមិញនេះថា នេះជាឧបទ្ទវហេតុក្នុងឧស្សាហកម្មឧស្ម័នដ៏សាហាវបំផុតមួយ មិនធ្លាប់មានឡើយក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ។
លោក Saad al-Kaabi រដ្ឋមន្ត្រីក្រសួងថាមពលកាតា បានបញ្ជាក់ថា គ្រោះថ្នាក់នេះមិនបានជះឥទ្ធិពលដល់កន្លែងផលិតឧស្ម័នធម្មជាតិរាវ (LNG) នោះទេ។ ទោះជាយ៉ាងណា ក្រុមហ៊ុនរដ្ឋ QatarEnergy កំពុងខិតខំប្រឹងប្រែងដើម្បីចាប់ផ្តើមប្រតិបត្តិការ LNG ឡើងវិញនៅតំបន់ Ras Laffan បន្ទាប់ពីប្រតិបត្តិការនេះត្រូវបានផ្អាកមួយរយៈ ដោយសារការវាយប្រហារពីសំណាក់ប្រទេសអ៊ីរ៉ង់កាលពីខែមីនាកន្លងទៅ។ អាជ្ញាធរបានឱ្យដឹងថា ឧបទ្ទវហេតុបច្ចេកទេស នេះ បានកើតឡើងនៅរោងចក្រកែច្នៃឧស្ម័នក្នុងស្រុក Barzan កាលពីល្ងាចថ្ងៃអាទិត្យ។ លោក Kaabi បានប្រាប់អ្នកយកព័ត៌មានថា ខ្សែសង្វាក់ផលិតកម្មរបស់រោងចក្រនេះត្រូវបានផ្អាកទាំងស្រុងតាំងពីខែធ្នូ ឆ្នាំ២០២៥ ដើម្បីថែទាំបន្ទាន់ ហើយទើបតែត្រូវបានដំណើរការឡើងវិញបានពីរថ្ងៃប៉ុណ្ណោះ មុនពេលកើតហេតុ។

លោកបានបន្ថែមថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត គឺជាពលករជនជាតិឥណ្ឌា និងប៉ាគីស្ថាន។ ដោយឡែក ក្នុងចំណោមអ្នករងរបួសទាំង ៦៦ នាក់ដែលកំពុងទទួលការព្យាបាល គឺមិនមាននរណាម្នាក់ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដល់ជីវិតនោះទេ។ គ្រោះមហន្តរាយដែលមានទំហំប្រហាក់ប្រហែលគ្នានេះ ធ្លាប់បានកើតឡើងម្តងកាលពីឆ្នាំ២០០៤ តាមរយៈការផ្ទុះនៅតំបន់ហ្គាស Skikda LNG ក្នុងប្រទេសអាល់ហ្សេរី ដែលកាលនោះបានសម្លាប់មនុស្សអស់ ២៧ នាក់។
ក្រុមហ៊ុន QatarEnergy បានចាប់ផ្តើមការស៊ើបអង្កេតពេញលេញដើម្បីស្វែងរកមូលហេតុពិតប្រាកដ។ លោក Kaabi បានសង្កត់ធ្ងន់ថា ហេតុការណ៍នេះមិនមែនជាការបំផ្លិចបំផ្លាញដោយចេតនា ឬជាសកម្មភាពអរិភាពណាមួយឡើយ ហើយក៏មិនបានបង្កហានិភ័យដល់បរិស្ថានដែរ។ លោកបន្ថែមថា គ្រឿងបរិក្ខារ LNG របស់ក្រុមហ៊ុន កំពង់ផែ Ras Laffan និងប្រតិបត្តិការភស្តុភារផ្សេងទៀត មិនរងផលប៉ះពាល់ពីការផ្ទុះ និងអគ្គិភ័យនេះទេ ហើយវាក៏មិនប៉ះពាល់ដល់សមត្ថភាពនាំចេញរបស់ប្រទេសកាតាឡើយ។ ប្រទេសកាតា ដែលជាមូលដ្ឋានយោធាដ៏សំខាន់របស់សហរដ្ឋអាមេរិក ធ្លាប់បានរងការវាយប្រហារដោយមីស៊ីល និងដ្រូនពីសំណាក់អ៊ីរ៉ង់ជាបន្តបន្ទាប់ ក្នុងកំឡុងពេលមានជម្លោះ។ សង្គ្រាមនេះបានធ្វើឱ្យស្ទះដល់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) របស់ពិភពលោកប្រហែល ២០ ភាគរយនៅក្នុងតំបន់ឈូងសមុទ្រ មុនពេលការនាំចេញមួយចំនួនទើបតែចាប់ផ្តើមឡើងវិញនាពេលថ្មីៗនេះ។
មុនពេលមានការវាយប្រហារពីអ៊ីរ៉ង់នៅដើមខែមីនា ទីតាំងផលិតនិងនាំចេញឧស្ម័ន Ras Laffan មានសមត្ថភាពផលិតឧស្ម័នធម្មជាតិរហូតដល់ ៧៧ លានតោនក្នុងមួយឆ្នាំ។ ប៉ុន្តែការវាយប្រហារនោះបានធ្វើឱ្យខូចខាត ខ្សែសង្វាក់ផលិតកម្មចំនួន ២ ដែលបណ្តាលឱ្យទិន្នផលធ្លាក់ចុះ ១៧ ភាគរយ។ នាយកប្រតិបត្តិក្រុមហ៊ុន QatarEnergy បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ការខូចខាតទាំងនោះត្រូវចំណាយពេលពី ៣ ទៅ ៥ ឆ្នាំដើម្បីស្តារឡើងវិញទាំងស្រុង។
ជម្លោះកន្លងមកក៏បានបង្ខំឱ្យក្រុមហ៊ុនត្រូវជម្លៀសកម្មករប្រមាណ ១០,០០០ នាក់ចេញពីរោងចក្រខួងអណ្តូង និងរោងចក្រកែច្នៃនៅលើគោក។ ទោះជាយ៉ាងណា ក្រុមហ៊ុនបានរាយការណ៍ថា មិនមានអ្នករងរបួសនោះទេ ក្នុងអំឡុងការវាយប្រហារដោយមីស៊ីលកាលពីខែមីនា។ រោងចក្រ Barzan គឺជាប្រភពផ្គត់ផ្គង់ឧស្ម័នតាមបំពង់បង្ហូរដ៏សំខាន់សម្រាប់ឧស្សាហកម្មក្នុងស្រុក និងការផលិតថាមពល ព្រមទាំងផលិតឧស្ម័នរាវ និងផលិតផលផ្សេងទៀតសម្រាប់នាំចេញ។ ឧបទ្ទវហេតុចុងក្រោយនេះ បានបង្ហាញឱ្យឃើញពីបញ្ហាប្រឈមដ៏ធំដែលក្រុមអ្នកផលិតនៅតំបន់ឈូងសមុទ្រត្រូវប្រឈមមុខ នៅពេលពួកគេព្យាយាមជម្រុញនិងបង្កើនទិន្នផលប្រេងនិងឧស្ម័នឡើងវិញ ក្រោយការផ្អាកដោយសារសង្គ្រាម។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters