[ប៉េកាំង]៖ ប្រទេសចិនបានសម្រេចដាក់បញ្ចូលក្រុមហ៊ុន និងអង្គភាពរបស់សហរដ្ឋអាមេរិកចំនួន ១០ ដែលខ្លួនអះអាងថាមានទំនាក់ទំនងជាមួយយោធាអាមេរិក ទៅក្នុងបញ្ជីគ្រប់គ្រងការនាំចេញ។ ក្នុងចំណោមនោះ មានក្រុមហ៊ុនរ៉ែកម្រធំៗចំនួនពីរផងដែរ។ វិធានការនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការដែលទីក្រុងវ៉ាស៊ីនតោន បានដាក់កំហិតលើក្រុមហ៊ុនចិនជាច្រើនកាលពីដើមខែនេះ។

ក្រុមហ៊ុនផលិតរ៉ែកម្រ MP Materials និង USA Rare Earth រួមទាំងក្រុមហ៊ុនផលិតម៉ូទ័រសម្រាប់បេសកកម្មយោធា Aveox ស្ថិតក្នុងចំណោមក្រុមហ៊ុនដែលរងទណ្ឌកម្ម ដែលតម្រូវឱ្យផ្អាកការនាំចេញទំនិញប្រើប្រាស់បានពីរផ្លូវ ប្រើប្រាស់ក្នុងស៊ីវិលផងនិងយោធាផង) ពីប្រទេសចិនទៅកាន់ក្រុមហ៊ុនទាំងនោះ។ គួរជម្រាបថា ក្រុមហ៊ុន MP Materials ដែលទទួលបានការគាំទ្រពីក្រសួងការពារជាតិអាមេរិក (មន្ទីរបញ្ចកោណ) គឺជាអ្នកដំណើរការអណ្តូងរ៉ែកម្រដ៏សកម្មតែមួយគត់នៅក្នុងសហរដ្ឋអាមេរិក ខណៈដែលក្រុមហ៊ុន USA Rare Earth ក៏ជាតួអង្គសំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ចាប់តាំងពីការធ្វើអាជីវកម្មរ៉ែ រហូតដល់ការផលិតមេដែក។

ក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា វិធានការទាំងនេះគឺជាការឆ្លើយតបទៅនឹង ការអនុវត្តដ៏អាក្រក់របស់រដ្ឋាភិបាលអាមេរិក ហើយត្រូវបានធ្វើឡើងក្នុងគោលបំណងការពារសន្តិសុខជាតិ ផលប្រយោជន៍របស់ប្រទេស ក៏ដូចជាការបំពេញកាតព្វកិច្ចអន្តរជាតិ ដូចជាការទប់ស្កាត់ការរីកសាយភាយអាវុធជាដើម។ ដោយឡែក ក្រុមហ៊ុនអាមេរិកទាំងបីខាងលើ មិនទាន់អាចទាក់ទងដើម្បីសុំការអត្ថាធិប្បាយបាននៅឡើយទេ ដោយសារខុសម៉ោងធ្វើការ។ យោងតាមបទបញ្ជាថ្មីនេះ អង្គការ ឬបុគ្គលនៅក្នុងប្រទេស ឬតំបន់ណាក៏ដោយ ត្រូវបានហាមឃាត់មិនឱ្យផ្ទេរ ឬផ្គត់ផ្គង់ទំនិញប្រើប្រាស់បានពីរផ្លូវដែលមានប្រភពពីប្រទេសចិន ទៅកាន់អង្គភាពដែលរងទណ្ឌកម្មទាំងនោះឡើយ ហើយរាល់សកម្មភាពនាំចេញត្រូវតែបញ្ឈប់ជាបន្ទាន់។ វិធានការនេះស្មើនឹងការហាមឃាត់ទាំងស្រុងលើការនាំចេញទំនិញប្រើប្រាស់បានពីរផ្លូវ ដែលជាការរឹតបន្តឹងបន្ថែមលើច្បាប់ចាស់ដែលគ្រាន់តែតម្រូវឱ្យមានអាជ្ញាប័ណ្ណនាំចេញ។

នៅក្នុងសេចក្តីជូនដំណឹងដាច់ដោយឡែកមួយ ក្រសួងហិរញ្ញវត្ថុចិនបានប្រកាសថា ខ្លួនក៏បានសម្រេចចិត្តចាត់វិធានការប្រឆាំងនឹងក្រុមហ៊ុនអាមេរិកចំនួន ៤៦ ផ្សេងទៀតផងដែរ។ តាមរយៈវិធានការនេះ ក្រុមហ៊ុននិងអ្នកបញ្ជាទិញចិន ត្រូវបានហាមឃាត់មិនឱ្យទិញផលិតផលណាមួយដែលផលិតដោយក្រុមហ៊ុនអាមេរិកទាំង ៤៦ នោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ សហគ្រាសដែលមានទុនវិនិយោគពីសហរដ្ឋអាមេរិក ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសចិន នៅតែត្រូវបានអនុញ្ញាតឱ្យទិញដដែល។

ការសងសឹករបស់ទីក្រុងប៉េកាំងនៅពេលនេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកកាលពីពីរសប្តាហ៍មុន បានដាក់បញ្ចូលក្រុមហ៊ុនបច្ចេកវិទ្យា និងពាណិជ្ជកម្មអេឡិចត្រូនិកខ្នាតយក្សរបស់ចិន រួមមាន Alibaba, ក្រុមហ៊ុនស្វែងរកព័ត៌មានតាមអ៊ីនធឺណិត Baidu រួមទាំងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD និង NIO ទៅក្នុងបញ្ជីខ្មៅ ដោយសហរដ្ឋអាមេរិកជឿជាក់ថា ក្រុមហ៊ុនទាំងនោះកំពុងផ្តល់ជំនួយដល់វិស័យយោធារបស់ទីក្រុងប៉េកាំង។

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters