[ទីក្រុងឡុងដ៍]៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហាញទស្សនៈជុំវិញអនាគតនយោបាយរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer កាលពីថ្ងៃអាទិត្យ ដោយបានអះអាងថា មេដឹកនាំអង់គ្លេសរូបនេះនឹងលាលែងពីតំណែង ចំពេលមានការរំពឹងទុកជាខ្លាំងថា លោក Starmer អាចនឹងកំណត់ពេលវេលានៃការចុះចេញពីតំណែងរបស់លោក យ៉ាងឆាប់បំផុតនៅថ្ងៃច័ន្ទនេះ។

លោក Trump បានសរសេរនៅលើបណ្តាញសង្គម Truth Social របស់លោកថា លោក Keir Starmer នឹងលាលែងពីតំណែងជានាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស។ ទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ច្បាស់នៅឡើយទេថាតើប្រធានាធិបតីអាមេរិករូបនេះទទួលបានព័ត៌មានជាក់លាក់ណាមួយ ឬគ្រាន់តែជាការបញ្ចេញមតិផ្ទាល់ខ្លួននោះទេ។ បើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន PA Media របស់អង់គ្លេស លោក Trump មិនបានពិភាក្សាផ្ទាល់ជាមួយលោក Starmer នោះទេ ចាប់តាំងពីមេដឹកនាំទាំងពីរបានជួបគ្នានៅក្នុងកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសបារាំង កាលពីដើមសប្តាហ៍កន្លងទៅ។ នៅក្នុងការបង្ហោះនោះ លោក Trump បានរិះគន់លោក Starmer ដែលជាមេដឹកនាំគណបក្សពលករ យ៉ាងចាស់ដៃ ដោយបានលើកឡើងថា ការដាក់ចេញគោលនយោបាយគ្មានប្រសិទ្ធភាព គឺជាដើមហេតុដែលនាំឱ្យលោកបរាជ័យក្នុងឆាកនយោបាយ។

លោក Trump បានសរសេររិះគន់ថា លោក Starmer បានបរាជ័យយ៉ាងធ្ងន់ធ្ងរលើរបៀបវារៈសំខាន់ពីរ គឺ បញ្ហាអន្តោប្រវេសន៍ និងថាមពល ដោយលោក Trump បានសង្កត់ធ្ងន់ជាអក្សរធំថា OPEN NORTH SEA OIL ត្រូវបើកដំណើរការរុករកប្រេងនៅសមុទ្រខាងជើងឡើងវិញ។ កន្លងមក លោក Trump តែងតែជំរុញឱ្យរដ្ឋាភិបាលអង់គ្លេសលុបចោលការសម្រេចចិត្តបង្កកការផ្តល់អាជ្ញាប័ណ្ណរុករកប្រេង និងឧស្ម័នធម្មជាតិថ្មីៗនៅតំបន់សមុទ្រខាងជើង ហើយលោកក៏តែងតែរិះគន់គម្រោងអភិវឌ្ឍន៍ថាមពលខ្យល់ របស់ចក្រភពអង់គ្លេសផងដែរ។ ទោះបីជាលោក Starmer ធ្លាប់ទទួលបានរហស្សនាមថា អ្នកខ្សឹបប្រាប់លោក Trump (The Trump Whisperer) ដោយសារតែសមត្ថភាពក្នុងការរក្សាទំនាក់ទំនងល្អជាមួយប្រធានាធិបតីអាមេរិករូបនេះក៏ដោយ ប៉ុន្តែថ្មីៗនេះ លោកបែរជាត្រូវរងការរិះគន់ និងស្តីបន្ទោសយ៉ាងខ្លាំងពីសមភាគីអាមេរិករបស់លោក ជុំវិញបញ្ហាសង្រ្គាមនៅប្រទេសអ៊ីរ៉ង់។ 

ជាការឆ្លើយតបទៅនឹងការអះអាងរបស់លោក Trump អ្នកនាំពាក្យវិមាន Downing Street (ការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស) បានបង្វែរសំណួររបស់ទីភ្នាក់ងារព័ត៌មាន CNN ទៅកាន់សេចក្តីថ្លែងការណ៍ចុងក្រោយបង្អស់របស់លោក Starmer កាលពីថ្ងៃសុក្រ ដែលនៅក្នុងនោះលោកបានបញ្ជាក់ថា មានការងារជាច្រើនទៀតដែលត្រូវធ្វើ ហើយនោះជាអ្វីដែលខ្ញុំកំពុងផ្តោតអារម្មណ៍។អ្វីដែលប្រជាពលរដ្ឋបានបោះឆ្នោតជ្រើសរើសខ្ញុំឱ្យធ្វើ គឺដើម្បីបម្រើប្រទេសជាតិ ដោយលោកបានបន្ថែមថា គ្មានអ្វីត្រូវនិយាយបន្ថែមលើសពីនេះទៀតទេ។

ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអង់គ្លេស លោក Peter Kyle បានប្រាប់ទូរទស្សន៍ BBC កាលពីថ្ងៃអាទិត្យថា លោក Starmer កំពុងពិចារណា និងឆ្លុះបញ្ចាំងពីតថភាពនយោបាយនៅចុងសប្តាហ៍នេះ ដោយបានបន្ថែមថា លោកនាយករដ្ឋមន្ត្រីនឹងធ្វើ អ្វីៗគ្រប់យ៉ាងដែលជាផលប្រយោជន៍ដ៏ល្អបំផុតសម្រាប់ប្រទេសជាតិ។ បច្ចុប្បន្ន ទីភ្នាក់ងារព័ត៌មាន CNN បានទាក់ទងទៅកាន់សេតវិមានដើម្បីសុំការអត្ថាធិប្បាយបន្ថែម។ ខណៈពេលជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយធំៗនៅក្នុងចក្រភពអង់គ្លេសកំពុងចុះផ្សាយយ៉ាងព្រហ្មញ្ញថា លោក Starmer នឹងចុះចេញពីតំណែងនៅថ្ងៃច័ន្ទនេះ ដោយមានការគាំទ្រ ពីសំណាក់លោក Andy Burnham អភិបាលក្រុង Manchester ដែលទើបតែបានឈ្នះការបោះឆ្នោតអាណត្តិថ្មីនាពេលថ្មីៗនេះ។

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ CNN