[ប៉េកាំង]៖ ក្រុមហ៊ុន Linkerbot ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាថ្មី ផ្នែករ៉ូបូតឈានមុខគេរបស់ចិន កំពុងត្រៀមស្វែងរកការវាយតម្លៃតម្លៃក្រុមហ៊ុនចំនួន ៦ ពាន់លានដុល្លារ នៅក្នុងជុំស្វែងរកទុនបន្ទាប់។ តួលេខនេះគឺជាការកើនឡើងទ្វេដង បើធៀបនឹងតម្លៃក្រុមហ៊ុនដែលទើបតែទទួលបានក្នុងជុំប្រមូលទុនកន្លងទៅ។

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងមួយនេះ ទើបតែបញ្ចប់ការកៀរគរទុនក្នុងជុំ Series B+ កាលពីសប្តាហ៍មុន ដោយទទួលបានការវាយតម្លៃតម្លៃក្រុមហ៊ុនចំនួន ៣ ពាន់លានដុល្លារ។ ទោះជាយ៉ាងណា Linkerbot មិនទាន់បញ្ជាក់ច្បាស់ពីពេលវេលាដែលត្រូវចាប់ផ្តើមជុំបន្ទាប់ ឬថាតើការវាយតម្លៃ ៦ ពាន់លានដុល្លារនោះ នឹងធ្វើឡើងតាមរយៈការវិនិយោគឯកជន ឬការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូងនោះទេ។

ទោះបីជាទើបតែបង្កើតឡើងបាន ២ ឆ្នាំក៏ដោយ ក៏ Unicorn មួយនេះមានអ្នកគាំទ្រល្បីៗជាច្រើនដូចជា Alibaba, Ant Group និង HongShan (ដែលបំបែកចេញពី Sequoia)។ ក្នុងជុំចុងក្រោយនេះ ក៏មានការចូលរួមពីមូលនិធិរដ្ឋ Zhongguancun, China Asset Management និង Fosun Capital ផងដែរ។

លោក Alex Zhou នាយកប្រតិបត្តិក្រុមហ៊ុន បានប្រាប់រ៉យទ័រថា បច្ចុប្បន្ន Linkerbot កាន់កាប់ចំណែកទីផ្សារពិភពលោកជាង ៨០% ក្នុងវិស័យដៃរ៉ូបូតដែលមានកម្រិតសេរីភាពខ្ពស់ (High Degree of Freedom - DoF)។ ក្រុមហ៊ុនមានផែនការបង្កើនសមត្ថភាពផលិតកម្មពី ៥,០០០ គ្រឿង ឱ្យដល់ ១០,០០០ គ្រឿងក្នុងមួយខែ ក្នុងពេលឆាប់ៗនេះ។

ចំណាប់អារម្មណ៍របស់អ្នកវិនិយោគលើវិស័យរ៉ូបូតបានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីក្រុមហ៊ុនគូប្រជែងដូចជា Unitree បានបង្ហាញសមត្ថភាពបច្ចេកវិទ្យាដ៏អស្ចារ្យនៅក្នុងកម្មវិធីទូរទស្សន៍ និងព្រឹត្តិការណ៍រត់ម៉ារ៉ាតុងរ៉ូបូតនៅទីក្រុងប៉េកាំងកាលពីខែមុន។ Unitree ក៏បានដាក់ពាក្យ IPO នៅទីក្រុងសៀងហៃ កាលពីខែមីនា ដោយរំពឹងការវាយតម្លៃតម្លៃក្រុមហ៊ុនដល់ ៧ ពាន់លានដុល្លារ។ អ្វីដែលខុសប្លែកពីក្រុមហ៊ុន X Square Robot ដែលផ្តោតលើរ៉ូបូតសម្រាប់កិច្ចការផ្ទះ Linkerbot បានដាក់គោលដៅលើការផលិត "ដៃមនុស្សយន្ត" ដែលមានភាពប៉ិនប្រសប់កម្រិតខ្ពស់។

លោក Zhou បានលើកឡើងពីវេទិកា LinkerSkillNet ដែលលោកអះអាងថា ជាបណ្ដុំទិន្នន័យ ដ៏ធំបំផុតរបស់ពិភពលោកសម្រាប់ការបញ្ជាដៃរ៉ូបូតក្នុងស្ថានភាពជាក់ស្តែង។ ប្រព័ន្ធនេះអាចបំប្លែងជំនាញរបស់មនុស្ស ឱ្យទៅជាសមត្ថភាពស្តង់ដារសម្រាប់រ៉ូបូត ដែលបច្ចុប្បន្នមានជំនាញជាង ៥០០ ប្រភេទរួចជាស្រេច។ អ្នកជំនាញផ្នែករ៉ូបូត លោក Georg Stieler បានកត់សម្គាល់ថា ដៃគឺជាផ្នែកដែលស្មុគស្មាញបំផុតនៃរ៉ូបូត។ សូម្បីតែលោក Elon Musk ក៏ធ្លាប់និយាយដែរថា ការផលិតដៃសម្រាប់រ៉ូបូត Optimus របស់ Tesla គឺត្រូវចំណាយកម្លាំងវិស្វកម្មលើសពីពាក់កណ្តាលនៃរ៉ូបូតទាំងមូល។

នាយកប្រតិបត្តិ Zhou ដែលមានការបំផុសគំនិតពីតុក្កតា Doraemon ជឿជាក់ថា រ៉ូបូតរបស់លោកអាចធ្វើការងារបានច្រើនយ៉ាង ចាប់ពីការលេងព្យាណូ ការម៉ាស្សា រហូតដល់ទន្តសាស្ត្រ។ ដៃរ៉ូបូតនេះអាចបង្វិលខ្ចៅយ៉ាងលឿន ចាប់វត្ថុទន់ៗដោយមិនឱ្យខូចរូបរាង និងដោតម្ជុលបានយ៉ាងត្រឹមត្រូវ ហើយម៉ូដែល O6 ដែលមានទម្ងន់ត្រឹមតែ ៣៧០ ក្រាម ប៉ុន្តែអាចលើកទម្ងន់បានរហូតដល់ ៥០ គីឡូក្រាម។ ក្រុមហ៊ុនផលិតគ្រឿងបង្គុំសំខាន់ៗដោយខ្លួនឯង មានដូចជា ម៉ូទ័រ និងប្រព័ន្ធបញ្ចុះល្បឿន ដោយប្រើវត្ថុធាតុ polymer ពិសេសដែលធន់នឹងការច្រេះ និងមិនចាំបាច់ប្រើប្រេងរំអិល។

ខណៈដែលរ៉ូបូតពេញលេញមួយមានតម្លៃថ្លៃ (ចន្លោះពី ១០០,០០០ ទៅ ១៥០,០០០ ដុល្លារ) ផលិតផលរបស់ Linkerbot ផ្តល់នូវជម្រើសដែលចំណេញជាង។ លោក Zhou បានពន្យល់ថា ម្ចាស់រោងចក្រនៅចិនមានភាពជាក់ស្តែងនិយមណាស់ ពួកគេដឹងថាការងារភាគច្រើនត្រូវការត្រឹមតែដៃដែលប៉ិនប្រសប់មួយគូប៉ុណ្ណោះ។ ដូច្នេះ អតិថិជនភាគច្រើនគ្រាន់តែទិញដៃរ៉ូបូតរបស់យើង ទៅបំពាក់បន្ថែមលើគ្រឿងចក្រដែលមានស្រាប់ ជាជាងការទិញរ៉ូបូតថ្មីទាំងមូល។ 

បច្ចុប្បន្ន Linkerbot មានបុគ្គលិកជាង ៤០០ នាក់ និងរោងចក្រចំនួន ៥ នៅប៉េកាំង និងសិនជិន ហើយថែមទាំងកំពុងបង្កើតខ្សែសង្វាក់ផលិតកម្មឆ្លាតវៃ ដែលប្រើ "ដៃរ៉ូបូត ដើម្បីផលិតដៃរ៉ូបូត" ទៀតផង។

 

 

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters