សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី សំណេះ សំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៦ និងខួបអនុស្សាវរីយ៍លើកទី៣០ នៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន សម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ២០២៦ ថា វិស័យកំពង់ផែ គឺជាវិស័យ អាទិភាពដែលបានចង្អុលបង្ហាញក្នុងយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ក្នុងន័យនេះ រាជរដ្ឋាភិបាលខិតខំបន្តបង្កើនថវិកាវិនិយោគ និងកៀរគរហិរញ្ញប្បទាននានា ដើម្បីបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែរបស់យើង ឱ្យកាន់តែរីកចម្រើនថែមទៀត សម្រាប់ទ្រទ្រង់កំណើននៃសកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងកំណើនសេដ្ឋកិច្ចជាតិ។ជាបន្ត សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានលើកឡើងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវខិតខំធ្វើទំនើបកម្ម និងកែទម្រង់ ឱ្យបានជាប់ជាប្រចាំ ពិសេសការកែសម្រួលនីតិវិធីផ្សេងៗឱ្យកាន់តែលឿន និងប្រសិទ្ធភាពខ្ពស់ ដែលជា ចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការចំណាយ និងចំណេញពេលវេលា។ មួយវិញទៀត យើងត្រូវជំរុញ និងយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍលើបច្ចេកវិទ្យា សម្ភារៈ និងធនធានមនុស្ស។ ទន្ទឹមនឹងការធ្វើទំនើបកម្មបចេ្ចកវិទ្យា និងសម្ភារ:, បុគ្គលិក និង មន្ត្រីទាំងអស់ ដែលបម្រើការក្នុងវិស័យកំពង់ផែ ត្រូវបន្តពង្រឹងសមត្ថភាពជាប់ជាប្រចាំ ដើម្បីជួយដល់ការពង្រឹងគុណភាព នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុផង និងសេដ្ឋកិច្ចជាតិផង ពិសេសការទទួលបានការជឿជាក់ពីបណ្តាប្រទេសនានា លើការរៀបចំ និងទុកដាក់លើការដឹកជញ្ជូនទូកុងតឺន័រ ដែលបានចាកចេញពីកម្ពុជា។

បន្ថែមពីនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញនៅគោលការណ៍ណែនាំអំពីការកាត់បន្ថយនីតិវិធីក្នុងការចុះវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) សម្រាប់រោងចក្រសហគ្រាសដែលបានចុះធ្វើ ឬបង្កើតរោងច្រកនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានអាជ្ញាប័ណ្ណផ្លូវការ ដោយ៖ ១), ក្នុងករណីដែលរោងចក្រសហគ្រាស មិនមានហានិភ័យនៃការប៉ះពាល់បរិស្ថានខ្ពស់ មិនតម្រូវឱ្យមានការចុះធ្វើការវាយតម្លៃផលប៉ះពាល់បរិស្ថានជាមួយក្រសួងបរិស្ថានទេ ដោយតម្រូវឱ្យម្ចាស់តំបន់សេដ្ឋកិច្ចពិសេស ជាអ្នកទទួលខុសត្រូវ និងសហការជាមួយក្រសួងបរិស្ថាន និង ២), ក្នុងករណីដែលរោងចក្រសហគ្រាស ដែលមានហានិភ័យខ្ពស់ចំពោះបរិស្ថាន គឺត្រូវធ្វើការវាយតម្លៃផលប៉ះពាល់បរិស្ថាន ជាមួយក្រសួងបរិស្ថាន ព្រមជាមួយគ្នានេះ ក្រសួងបរិស្ថាន នៅតែមានសិទ្ធិក្នុងការចុះត្រួតពិនិត្យ ប្រសិនបើមានតម្រូវការ ឬហានិភ័យផងដែរ។  មុននឹងបញ្ចប់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមឡើងវិញ អំពីករណីក្មេងទំនើង ដោយសម្ដេច បានបញ្ជាក់ថា សម្ដេចបានប្រគល់ភារកិច្ចឱ្យឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម ស ថេត អគ្គស្នងការនគបាលជាតិ និង ឯកឧត្តម វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ពិនិត្យមើលច្បាប់ដែលមានជាធរមាន ៖ ១), ថាតើច្បាប់អាចអនុញ្ញាតឱ្យយើង អាចយកក្មេងទំនើងធ្វើសកម្មភាពការងារមួយចំនួន ដែលបម្រើដល់សមរភូមិមុខឬទេ មិនមានគោលការណ៍ឱ្យបង្កើតច្បាប់ថ្មីនោះទេ។ ទី២), គឺយកក្មេងទំនើងទាំងនោះ ទៅធ្វើសកម្មភាព បម្រើសមរភូមិមុខ ពុំមែនបញ្ជូនទៅសមរភូមិមុខនោះទេ ( មិនឱ្យកាន់កាំភ្លើង នៅសមរភូមិនោះទេ)។

ជាគោលគំនិត ក្មេងទំនើងដែលប្រព្រឹត្តខុស គឺត្រូវអនុវត្តច្បាប់ជាធរមាន ប៉ុន្តែ ឱ្យពិនិត្យមើលក្មេង ទំនើង ដែលកំពុងជាប់ឃុំ, ដែលកំពុង ទទួលការអប់រំ ត្រូវធ្វើពលកម្មបន្ថែម ដូចជាធ្វើសកម្មភាពចាក់បេតុងធ្វើលេណដ្ឋានជាដើម ដែលបម្រើដល់សមរភូមិ ក្រៅពីសកម្មភាពពលកម្មតិចតួច ដូចជា បោសសម្អាត ការធ្វើរងបន្លែ ឬទទួលការអប់បណ្តុះបណ្តាលផ្សេងៗដែលមាន ស្រាប់ ។ បន្ថែមពីនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថាសង្គមជាតិមួយរីកចម្រើន ទាល់តែមនុស្សមានវិន័យ, មានសមត្ថភាព ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់។ ក្នុងន័យនេះ ប្រជាជនគ្រប់រូបត្រូវតែជាធនធានរបស់ជាតិ មិនមែនជាបន្ទុករបស់ជាតិទេ នេះហើយគឺជាទិសដៅរបស់យើងក្នុងការកសាងជាតិ ។

ប្រភព៖ ក្រសួងព័ត៌មាន