[តូក្យូ]៖ លោក Yurii Lutovinov ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសជប៉ុន បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ការបន្ធូរបន្ថយច្បាប់នាំចេញសព្វាវុធរបស់ជប៉ុន បានបើកផ្លូវសម្រាប់ការពិភាក្សា ដែលអាចនាំឱ្យទីក្រុងតូក្យូផ្គត់ផ្គង់បរិក្ខារយោធាដល់អ៊ុយក្រែន ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ីនាពេលអនាគត។
នៅក្នុងបទសម្ភាសន៍នៅស្ថានទូតអ៊ុយក្រែន លោក Lutovinov បានលើកឡើងថា ការផ្លាស់ប្តូរនេះអនុញ្ញាតឱ្យយើងចាប់ផ្តើមពិភាក្សាគ្នា។ តាមទ្រឹស្តី វាគឺជាជំហានដ៏ធំមួយទៅមុខ។ កាលពីសប្តាហ៍មុន រដ្ឋបាលរបស់នាយករដ្ឋមន្ត្រីលោកស្រី Sanae Takaichi បានសម្រេចបន្ធូរបន្ថយច្បាប់នាំចេញអាវុធ ដែលជាសញ្ញានៃការងាកចេញពីគោលនយោបាយសន្តិភាពនិយមដ៏តឹងរ៉ឹងក្រោយសម័យសង្គ្រាមលោកលើកទី២ ក្នុងបរិបទដែលជម្លោះនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ាកំពុងធ្វើឱ្យខ្សែចង្វាក់ផលិតកម្មអាវុធរបស់លោកខាងលិចមានភាពតានតឹង។
ទោះបីជាការកែទម្រង់នេះនៅតែរក្សាការគ្រប់គ្រងលើការនាំចេញអាវុធទៅកាន់តំបន់ជម្លោះ ប៉ុន្តែវាបានចែងអំពី «ករណីលើកលែង» សម្រាប់សកម្មភាពណាដែលបម្រើដល់ផលប្រយោជន៍សន្តិសុខរបស់ជប៉ុន ដែលចំណុចនេះហើយគឺជាអ្វីដែលទីក្រុងកៀវសង្ឃឹមថានឹងអាចទាញយកអត្ថប្រយោជន៍បាន។

ជប៉ុនបានផ្សារភ្ជាប់សន្តិសុខរបស់អ៊ុយក្រែនទៅនឹងសន្តិសុខរបស់ខ្លួន ខណៈកំពុងប្រឈមមុខនឹងការកើនឡើងនៃឥទ្ធិពលយោធាចិន។ លោក Fumio Kishida (អតីតនាយករដ្ឋមន្ត្រី) ធ្លាប់បានព្រមានថា «អ៊ុយក្រែននៅថ្ងៃនេះ អាចជាអាស៊ីខាងកើតនៅថ្ងៃស្អែក»។ គោលនយោបាយពង្រឹងវិស័យការពារជាតិដ៏ធំសម្បើមនេះ ត្រូវបានបន្តជំរុញយ៉ាងលឿនដោយលោកស្រី Takaichi ចាប់តាំងពីលោកស្រីឡើងកាន់តំណែងក្នុងខែតុលាកន្លងទៅ។
ដើម្បីទទួលបានឧបករណ៍យោធាពីជប៉ុន អ៊ុយក្រែនចាំបាច់ត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរបច្ចេកវិទ្យា និងបរិក្ខារការពារជាតិ ជាមួយទីក្រុងតូក្យូ ដូចដែលជប៉ុនធ្លាប់បានធ្វើជាមួយប្រទេសចំនួន ១៨ រួមមានអាល្លឺម៉ង់ និងហ្វីលីពីនជាដើម។ លោក Lutovinov បានបញ្ជាក់ថា ជាជំហានដំបូង ជប៉ុនអាចជួយផ្តល់មូលនិធិដល់អ៊ុយក្រែនក្នុងការអភិវឌ្ឍ ប្រព័ន្ធការពារដែនអាកាស ដើម្បីកាត់បន្ថយការពឹងផ្អែកលើមីស៊ីល Patriot របស់សហរដ្ឋអាមេរិកដែលកំពុងខ្វះខាត។ លោកបន្ថែមថា យើងមានសមត្ថភាពឧស្សាហកម្មក្នុងការផលិត ប៉ុន្តែយើងត្រូវការការវិនិយោគ និងមូលនិធិ។

លោក Lutovinov បន្តថា កំពុងមានការពិភាក្សាអំពីលទ្ធភាពដែលជប៉ុនចូលរួមក្នុង កម្មវិធីបញ្ជីតម្រូវការអ៊ុយក្រែន (PURL) របស់អង្គការណាតូ (NATO) ដែលជាមូលនិធិសម្រាប់ទិញបរិក្ខារយោធាឱ្យទីក្រុងកៀវ។ កន្លងមក អូស្ត្រាលី និងនូវែលសេឡង់ គឺជាប្រទេសមិនមែនសមាជិកណាតូដំបូងគេដែលបានចូលរួមក្នុងយន្តការនេះ។
ក្រៅពីគ្រឿងសព្វាវុធ ក្រុមហ៊ុនជប៉ុនអាចជួយអ៊ុយក្រែនក្នុងការផ្គត់ផ្គង់ គ្រឿងអេឡិចត្រូនិច និងសមាសធាតុមីក្រូ សម្រាប់ផលិតដ្រូន (Drone) ដើម្បីជំនួសគ្រឿងបន្លាស់ពីចិនដែលធ្លាប់តែគ្របដណ្តប់លើទីផ្សារ។ ជាចុងក្រោយ ឯកអគ្គរដ្ឋទូតអ៊ុយក្រែនរូបនេះបានសង្កត់ធ្ងន់ថា យើងមិនមែនគ្រាន់តែមកដើម្បីសុំនោះទេ ប៉ុន្តែយើងក៏មានអ្វីដែលត្រូវផ្តល់ឱ្យវិញដែរ។ ប្រសិនបើបច្ចេកវិទ្យារបស់ជប៉ុន បូករួមនឹងបទពិសោធន៍សមរភូមិរបស់អ៊ុយក្រែន វានឹងបង្កើតបានជាផលិតផលការពារជាតិកម្រិតខ្ពស់បំផុត។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters