[តូក្យូ]៖ នៅថ្ងៃទី១ ខែឧសភា អតិផរណាស្នូលប្រចាំឆ្នាំនៅក្នុងទីក្រុងតូក្យូសម្រាប់ខែមេសា បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ឆ្នាំ និងស្ថិតនៅក្រោមគោលដៅ ២% របស់ធនាគារកណ្តាលជប៉ុន (BOJ) រយៈពេល ៣ ខែជាប់ៗគ្នា។ ការធ្លាក់ចុះនេះ កើតឡើងដោយសារគោលនយោបាយឧបត្ថម្ភធនលើប្រេងឥន្ធនៈ និងការអប់រំរបស់រដ្ឋាភិបាល បានជួយកាត់បន្ថយសម្ពាធនៃថ្លៃដើមដែលកើនឡើងពីជម្លោះនៅមជ្ឈិមបូព៌ា។

ទោះជាយ៉ាងណា អ្នកវិភាគរំពឹងថា អតិផរណានឹងងើបឡើងវិញក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដោយសារតម្លៃប្រេងកើនឡើង និងតម្លៃទំនិញនាំចូលហក់ឡើងខ្ពស់ព្រោះតែប្រាក់យ៉េនចុះថោក។ កត្តានេះកំពុងដាក់សម្ពាធយ៉ាងខ្លាំងដល់ធនាគារកណ្តាលជប៉ុន ក្នុងការពិចារណាដំឡើងអត្រាការប្រាក់។

សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ស្នូល (Core CPI) នៅទីក្រុងតូក្យូ ដែលមិនរាប់បញ្ចូលតម្លៃចំណីអាហារស្រស់ បានកើនឡើង ១,៥% ក្នុងខែមេសា ធៀបនឹងឆ្នាំមុន។ តួលេខនេះបង្ហាញពីការថយចុះ បើធៀបនឹងការកើនឡើង ១,៧% ក្នុងខែមីនា និងជាកំណើនយឺតបំផុតចាប់តាំងពីខែមីនា ឆ្នាំ២០២២ ដែលទាបជាងការព្យាករណ៍របស់អ្នកជំនាញ គឺ ១,៨%។

តម្លៃថាមពលបានធ្លាក់ចុះ ៤,៦% ក្នុងខែមេសា (បន្ទាប់ពីធ្លាក់ចុះ ៧,៥% ក្នុងខែមីនា) ហើយតម្លៃអាហារ (មិនរាប់បញ្ចូលអាហារស្រស់) កើនឡើង ៤,៦%។ សន្ទស្សន៍ដែលដកចេញទាំងអាហារស្រស់ និងថាមពល (ដែល BOJ តាមដានដិតដល់) បានកើនឡើង ១,៩% ក្នុងខែមេសា ធ្លាក់ចុះពី ២,៣% ក្នុងខែមីនា។ លោក Masato Koike សេដ្ឋវិទូជាន់ខ្ពស់នៅវិទ្យាស្ថាន Sompo Plus បានលើកឡើងថា អតិផរណាទំនងជានឹងកើនឡើងវិញ ដោយសារជម្លោះនៅមជ្ឈិមបូព៌ាមិនត្រឹមតែធ្វើឱ្យតម្លៃថាមពលកើនឡើងប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់ថ្លៃដើមផលិតកម្មផ្សេងៗទៀតផងដែរ។ កត្តានេះអាចធ្វើឱ្យ "ប្រាក់ឈ្នួលពិតប្រាកដ" របស់ពលរដ្ឋធ្លាក់ចុះក្នុងកម្រិតអវិជ្ជមាន។

ទោះបីជា BOJ បានរក្សាអត្រាការប្រាក់ឱ្យនៅថេរកាលពីថ្ងៃអង្គារក៏ដោយ ប៉ុន្តែធនាគារកណ្តាលមួយនេះបានផ្ដល់សញ្ញាថា អាចនឹងមានការដំឡើងអត្រាការប្រាក់នៅខែមិថុនាខាងមុខ ប្រសិនបើសម្ពាធអតិផរណានៅតែបន្តកើនឡើង។ កាលពីខែធ្នូ កន្លងទៅ BOJ បានដំឡើងអត្រាការប្រាក់គោលនយោបាយរយៈពេលខ្លីដល់ ០,៧៥% រួចមកហើយ។

ដើម្បីទប់ទល់នឹងការកើនឡើងនៃថ្លៃរស់នៅ និងការធ្លាក់ចុះនៃតម្លៃប្រាក់យ៉េន ប្រទេសជប៉ុនបានធ្វើអន្តរាគមន៍ទិញប្រាក់យ៉េនចូលវិញជាលើកដំបូងក្នុងរយៈពេលជិតពីរឆ្នាំ កាលពីថ្ងៃព្រហស្បតិ៍។ សកម្មភាពនេះបានរុញច្រានឱ្យរូបិយបណ្ណជប៉ុនឡើងថ្លៃវិញរហូតដល់ ៣%។

ជម្លោះនៅមជ្ឈិមបូព៌ាបានធ្វើឱ្យការសម្រេចចិត្តរបស់ BOJ កាន់តែស្មុគស្មាញ ដោយសារជប៉ុនជាប្រទេសពឹងផ្អែកខ្លាំងលើការនាំចូលប្រេង។ ការស្ទង់មតិឯកជនកាលពីថ្ងៃសុក្របានបង្ហាញថា ក្រុមហ៊ុនផលិតកម្មជប៉ុនកំពុងជួបប្រទះការកើនឡើងនៃតម្លៃដើម ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៣ ឆ្នាំកន្លះ ខណៈដែលខ្សែសង្វាក់ផ្គត់ផ្គង់ជួបការរអាក់រអួលខ្លាំងបំផុតក្នុងរយៈពេល ១៥ ឆ្នាំ។

 

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters