[ទីក្រុងប្រេស៊ីលៀ]៖ ព្រឹទ្ធសភាប្រេស៊ីល កាលពីថ្ងៃពុធ បានបោះឆ្នោតច្រានចោលការតែងតាំងលោក Jorge Messias ជាចៅក្រមតុលាការកំពូល។ ព្រឹត្តិការណ៍នេះបានធ្វើឱ្យលោកប្រធានាធិបតី Luiz Inácio Lula da Silva ក្លាយជាមេដឹកនាំដំបូងគេក្នុងរយៈពេលជាងមួយសតវត្សរ៍ ដែលត្រូវបានសភាបដិសេធបេក្ខភាពចៅក្រមដែលខ្លួនជ្រើសរើស។ លទ្ធផលបោះឆ្នោតបង្ហាញថា សំឡេងគាំទ្រមានត្រឹមតែ ៣៤ ទល់នឹង ៤២ សំឡេង ខណៈដែលច្បាប់តម្រូវឱ្យមានសំឡេងគាំទ្រយ៉ាងតិច ៤១ រូប (ក្នុងចំណោមសមាជិកព្រឹទ្ធសភាសរុប ៨១ រូប) ដើម្បីអនុម័ត។
រដ្ឋាភិបាលលោក Lula បានចំណាយពេលជាច្រើនខែ ដើម្បីបញ្ចុះបញ្ចូលសមាជិកសភា បន្ទាប់ពីមានប្រតិកម្មអវិជ្ជមានតាំងពីការប្រកាសឈ្មោះលោក Messias កាលពីខែវិច្ឆិកា។ ការជ្រើសរើសនេះបានធ្វើឱ្យលោក Davi Alcolumbre ប្រធានគណៈកម្មាធិការយុត្តិធម៌នៃព្រឹទ្ធសភាមានការខឹងសម្បារយ៉ាងខ្លាំង ដោយសាររូបលោកចង់ឱ្យមានការជ្រើសរើសបេក្ខជនផ្សេងមកជំនួសតំណែងលោក Luis Roberto Barroso។

លោក Messias អាយុ ៤៦ ឆ្នាំ ជាមន្ត្រីដែលមានបទពិសោធន៍ជិត ២ ទសវត្សរ៍ក្នុងស្ថាប័នអគ្គមេធាវីរដ្ឋ (AGU)។ លោកបានថ្លែងទៅកាន់អ្នកកាសែតក្រោយការបោះឆ្នោតថា៖ «យើងត្រូវតែទទួលយកវា ព្រោះព្រឹទ្ធសភាមានអធិបតេយ្យភាព។ ខ្ញុំសូមអរគុណចំពោះរាល់សន្លឹកឆ្នោតដែលខ្ញុំទទួលបាន»។
ការបរាជ័យនេះ កើតឡើងដោយសារការប្រឆាំងពីក្រុមសមាជិកព្រឹទ្ធសភាដែលស្និទ្ធនឹងអតីតប្រធានាធិបតីស្តាំនិយម លោក Jair Bolsonaro និងក្រុមរបស់លោក Alcolumbre។ ទោះបីជាក្រុមការងាររបស់លោក Lula ព្យាយាមលើកឡើងថា លោក Messias (ដែលជាអ្នកកាន់សាសនាគ្រីស្ទនិកាយបាទីស្ដ) អាចជួយផ្សះផ្សាទំនាស់រវាងសភា និងតុលាការកំពូលយ៉ាងណាក៏ដោយ ក៏កិច្ចប្រឹងប្រែងនេះនៅតែមិនអាចទទួលបានសំឡេងឆ្នោតគ្រប់គ្រាន់។
លោក Randolfe Rodrigues មេដឹកនាំតំណាងរដ្ឋាភិបាលក្នុងសភា បានលើកឡើងថា ការបដិសេធនេះរងឥទ្ធិពលពី ការត្រៀមខ្លួនសម្រាប់ការបោះឆ្នោតសកលនៅខែតុលាខាងមុខ។ មួយវិញទៀតសមាជិកព្រឹទ្ធសភាមួយចំនួនយល់ថា តុលាការកំពូលកំពុងជ្រៀតជ្រែកកិច្ចការសភាខ្លាំងពេក ជាពិសេសពាក់ព័ន្ធនឹងការស៊ើបអង្កេតករណី ប៉ុនប៉ងរដ្ឋប្រហារ របស់លោក Bolsonaro។ គួរបញ្ជាក់ថា នេះជាបរាជ័យលើកដំបូងរបស់លោក Lula ក្នុងការតែងតាំងចៅក្រមតុលាការកំពូល ក្នុងអាណត្តិទី៣ របស់លោក បន្ទាប់ពីបេក្ខភាពពីររូបមុនគឺលោក Cristiano Zanin និងលោក Flávio Dino ត្រូវបានអនុម័តដោយជោគជ័យកាលពីឆ្នាំ ២០២៣។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters