[ទីក្រុងសេអ៊ូល]៖ តុលាការឧទ្ធរណ៍របស់ប្រទេសកូរ៉េខាងត្បូង កាលពីម្សិលមិញនេះ បានសម្រេចបង្កើនទោសជាប់ពន្ធនាគារលើអតីតប្រធានាធិបតី លោក Yoon Suk Yeol ដល់ ៧ឆ្នាំ ពាក់ព័ន្ធនឹងការប្រកាសច្បាប់អាជ្ញាសឹកដ៏ចម្រូងចម្រាសកាលពីឆ្នាំ២០២៤។ ការសម្រេចនេះធ្វើឡើងបន្ទាប់ពីមានការប្តឹងឧទ្ធរណ៍ពីទាំងសងខាង គឺទាំងលោក Yoon និងតំណាងអយ្យការ។

កាលពីខែមករា កន្លងទៅ តុលាការថ្នាក់ទាបបានកាត់ទោសលោកឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ បន្ទាប់ពីបានទម្លាក់បទចោទមួយចំនួន។ ទោះជាយ៉ាងណា តុលាការឧទ្ធរណ៍បានរកឃើញថា លោកមានទោសបន្ថែមលើបទចោទផ្សេងទៀត រួមមានការប្រើប្រាស់កម្លាំងសន្តិសុខប្រធានាធិបតី ដើម្បីរារាំងអាជ្ញាធរមិនឱ្យចូលចាប់ខ្លួនរូបលោក។ ចៅក្រមតុលាការជាន់ខ្ពស់ក្រុងសេអ៊ូលបានថ្លែងថា ក្នុងការព្យាយាមរារាំងអាជ្ញាធរមិនឱ្យអនុវត្តដីកាចាប់ខ្លួនដោយប្រើកម្លាំងបាយ លោក Yoon បានប្រព្រឹត្តអំពើដែលមិនអាចទទួលយកបាន នៅក្នុងសង្គមដែលគោរពច្បាប់ និងសណ្តាប់ធ្នាប់។

អតីតប្រធានាធិបតីវ័យ ៦៥ឆ្នាំរូបនេះ ដែលត្រូវបានដកហូតតំណែង កាលពីឆ្នាំមុន ក៏ត្រូវបានរកឃើញថាមានពិរុទ្ធលើបទល្មើស ការក្លែងបន្លំឯកសារសាធារណៈការរំលោភនីតិវិធីច្បាប់ ក្នុងការប្រកាសច្បាប់អាជ្ញាសឹក ដោយមិនបានឆ្លងកាត់ការពិភាក្សាក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីឱ្យបានត្រឹមត្រូវ។

សេចក្តីសម្រេចនេះត្រូវបានផ្សាយផ្ទាល់តាមទូរទស្សន៍ ដែលជាករណីដំបូងបង្អស់ដោះស្រាយដោយផ្នែកពិសេសនៃតុលាការ ដែលបង្កើតឡើងដើម្បីកាត់សេចក្តីលើករណីប៉ុនប៉ងធ្វើរដ្ឋប្រហារតាមរយៈច្បាប់អាជ្ញាសឹក។ ដើមឡើយ ព្រះរាជអាជ្ញាបានទាមទារទោសជាប់ពន្ធនាគារ ១០ឆ្នាំ ដោយចោទប្រកាន់លោក Yoon ពីបទក្បត់ទំនុកចិត្តសាធារណៈ បំផ្លាញសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ និងប្រើប្រាស់អំណាចរដ្ឋដើម្បីបម្រើផលប្រយោជន៍បុគ្គល។ មេធាវីការពារក្តីរបស់លោក Yoon បានហៅសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍នេះថា ជាការសម្រេចដែលមិនអាចយល់បាន ដោយអះអាងថា តុលាការបានប្រើប្រាស់គោលការណ៍ច្បាប់តឹងរ៉ឹងពេកមកលើសកម្មភាពដែលលោកចាត់ទុកថាជា សកម្មភាពនយោបាយ។ លោកបានបញ្ជាក់ថានឹងបន្តប្តឹងឧទ្ធរណ៍ទៅកាន់តុលាការកំពូលទៀត។

បច្ចុប្បន្ន លោក Yoon កំពុងប្រឈមមុខនឹងការជំនុំជម្រះចំនួន ៨ សំណុំរឿងផ្សេងៗគ្នា ចាប់តាំងពីលោកត្រូវបានទម្លាក់ពីតំណែងកាលពីខែមេសា។ លោកត្រូវបានឃុំខ្លួនក្នុងពន្ធនាគារតាំងពីខែកក្កដាមកម្ល៉េះ។ គួររំលឹកផងដែរថា ក្នុងសំណុំរឿងដាច់ដោយឡែកមួយកាលពីខែកុម្ភៈ លោកត្រូវបានកាត់ទោសឱ្យ ជាប់ពន្ធនាគារអស់មួយជីវិត ពីបទដឹកនាំការបះបោរពាក់ព័ន្ធនឹងច្បាប់អាជ្ញាសឹកឆ្នាំ ២០២៤ ប៉ុន្តែលោកតែងតែបដិសេធរាល់ការចោទប្រកាន់ទាំងឡាយ។

 

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters