[ទីក្រុង PRISTINA]៖ ប្រទេសកូសូវ៉ូត្រូវបានបង្ខំឱ្យរៀបចំការបោះឆ្នោតសភាជាបន្ទាន់ម្តងទៀត បន្ទាប់ពីសភាបានបរាជ័យក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីកាលពីថ្ងៃម្សិលមិញ បញ្ហានេះបានរុញច្រានប្រទេសវ័យក្មេងបំផុតនៅអឺរ៉ុបមួយនេះ ឱ្យធ្លាក់ចូលក្នុងវិបត្តិនយោបាយជាថ្មីម្តងទៀត។
យោងតាមច្បាប់ សភាមានពេលកំណត់ត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារ ដើម្បីជ្រើសរើសប្រមុខរដ្ឋថ្មី បន្ទាប់ពីអាណត្តិរបស់លោកស្រី Vjosa Osmani បានបញ្ចប់កាលពីដើមខែមេសា។ ទោះជាយ៉ាងណា នាយករដ្ឋមន្ត្រីលោក Albin Kurti មិនអាចកៀរគរគណបក្សប្រឆាំងឱ្យចូលរួមបោះឆ្នោត ដើម្បីឱ្យគ្រប់ចំនួនកូរ៉ុមនោះឡើយ។ លក្ខខណ្ឌច្បាប់ សមាជិកសភា ២ ភាគ ៣ (ស្មើនឹង ៨០ រូប ក្នុងចំណោម ១២០ រូប) ត្រូវតែមានវត្តមាន ទើបការបោះឆ្នោតមានសុពលភាព ការខកខានមិនបានជ្រើសរើសប្រធានាធិបតីតាមកំណត់ នាំឱ្យសភាត្រូវរំលាយដោយស្វ័យប្រវត្តិ។

ផ្អែកតាមសាលក្រមរបស់តុលាការធម្មនុញ្ញ សភាត្រូវបានចាត់ទុកថាត្រូវបានរំលាយ។ នេះជាការលើកឡើងរបស់លោកស្រី Albulena Haxhiu ប្រធានសភាស្តីទី និងជាប្រធានាធិបតីស្តីទី នៅពេលពាក់កណ្តាលអធ្រាត្រឈានចូលមកដល់។ លោកស្រី Haxhiu ត្រូវបានរំពឹងថានឹងប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតថ្មីក្នុងពេលឆាប់ៗខាងមុខនេះ ដែលវានឹងក្លាយជាការបោះឆ្នោតលើកទី៣ ហើយ ក្នុងរយៈពេលត្រឹមតែជាងមួយឆ្នាំ។
ការជាប់គាំងនយោបាយនេះ បានក្លាយជាឧបសគ្គយ៉ាងធំធេងសម្រាប់មហិច្ឆតារបស់កូសូវ៉ូ ក្នុងការចូលជាសមាជិកសហភាពអឺរ៉ុប។ កន្លងមក ប្រទេសនៅតំបន់បាល់កង់មួយនេះ បានចំណាយពេលភាគច្រើនក្នុងឆ្នាំចាស់ ដោយគ្មានរដ្ឋាភិបាលពេញលេញសម្រាប់ប្រតិបត្តិការ ដោយសារសភាមានការបែកបាក់គ្នាខ្លាំង ដែលនាំឱ្យមានការយឺតយ៉ាវក្នុងការជ្រើសរើសប្រធានសភា និងប៉ះពាល់ដល់ការទទួលបានជំនួយហិរញ្ញវត្ថុពីអន្តរជាតិ។
ទោះបីជាជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលរបស់គណបក្ស Vetevendosje របស់លោក Kurti កាលពីខែធ្នូ ត្រូវបានគេរំពឹងថានឹងបញ្ចប់ភាពទាល់ច្រកនេះក៏ដោយ ប៉ុន្តែតម្រូវការវត្តមានសមាជិកសភា ២ ភាគ ៣ ក្នុងសម័យប្រជុំបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅតែជាចន្លោះប្រហោងដែលធ្វើឱ្យគណបក្សប្រឆាំងងាយស្រួលក្នុងការធ្វើពហិការ និងរារាំងដំណើរការប្រជាធិបតេយ្យ។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters