[ប្រទេសក្រូអាស៊ី]៖ សហរដ្ឋអាមេរិក និងក្រុមហ៊ុនឯកជនអាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងខ្នាតយក្សតម្លៃរាប់ពាន់លានដុល្លារជាមួយបណ្តាប្រទេសក្នុងតំបន់បាល់កង់ កាលពីថ្ងៃទី២៨ ខែមេសា នេះ។ ជំហាននេះមានគោលបំណងពង្រឹងវត្តមានថាមពលរបស់ទីក្រុងវ៉ាស៊ីនតោន និងជំរុញការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) នៅក្នុងតំបន់។

សហរដ្ឋអាមេរិកកំពុងព្យាយាមរឹតចំណងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ ដើម្បីទប់ទល់នឹងឥទ្ធិពលឧស្ម័ន និងប្រេងរបស់រុស្ស៊ីនៅអឺរ៉ុបភាគខាងត្បូង។ រដ្ឋមន្ត្រីថាមពលអាមេរិក លោក Chris Wright បានថ្លែងក្នុងវេទិកាធុរកិច្ច Three Seas Initiative នៅទីក្រុង Dubrovnik ថា រដ្ឋបាលលោកប្រធានាធិបតី ត្រាំ កំពុងបើកសករាជថ្មីនៃកិច្ចសហប្រតិបត្តិការជាមួយតំបន់អឺរ៉ុបភាគខាងត្បូង កណ្តាល និងខាងកើត។

ក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសក្រិក លោកស្រី Kimberly Guilfoyle បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល ២០ ឆ្នាំ តម្លៃ ៦ ពាន់លានដុល្លារ រវាងក្រុមហ៊ុន Venture Global និងក្រុមហ៊ុន Aktor LNG USA ដើម្បីនាំចេញឧស្ម័នធម្មជាតិរាវ (LNG) ទៅកាន់ប្រទេសអាល់បានី។ លោកស្រីបានបញ្ជាក់លើបណ្តាញសង្គម X ថា ការប្តេជ្ញាចិត្តនេះនឹងពង្រឹងទាំងសន្តិសុខថាមពល និងសន្តិសុខជាតិសម្រាប់តំបន់ទាំងមូល។

ទន្ទឹមនឹងនេះ លោក Wright ក៏បានបង្ហាញការគាំទ្រចំពោះគម្រោងសាងសង់បំពង់បង្ហូរឧស្ម័នតភ្ជាប់រវាងក្រូអាស៊ី និងបូស្នី-ហឺហ្សេហ្គោវីណា។ គម្រោងនេះនឹងដឹកជញ្ជូនឧស្ម័នធម្មជាតិរបស់អាមេរិកពីស្ថានីយនៅលើកោះ Krk ទៅកាន់ប្រទេសបូស្នី ដើម្បីកាត់បន្ថយការពឹងផ្អែកលើថាមពលពីរុស្ស៊ី។ គម្រោងនេះនឹងត្រូវដឹកនាំដោយក្រុមហ៊ុនអាមេរិក AAFS Infrastructure and Energy LLC ជាមួយនឹងទុនវិនិយោគប្រមាណ ១,៨ ពាន់លានដុល្លារ (១,៥ ពាន់លានអឺរ៉ូ)។ ក្រៅពីវិស័យហ្វូស៊ីល ក្រូអាស៊ី និងសហរដ្ឋអាមេរិក ក៏បានចេញសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចសហប្រតិបត្តិការលើ ថាមពលនុយក្លេអ៊ែរស៊ីវិល ផងដែរ។

ដោយឡែក នៅក្នុងវិស័យបច្ចេកវិទ្យា ក្រុមហ៊ុនវិស្វកម្មក្រូអាស៊ី Rade Koncar និងក្រុមហ៊ុនវិនិយោគអាមេរិក Pantheon Atlas LLC បានចុះហត្ថលេខាលើលិខិតបង្ហាញឆន្ទៈ ដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យ AI ខ្នាតយក្សនៅកណ្តាលប្រទេសក្រូអាស៊ី ដែលមានតម្លៃប៉ាន់ស្មានរហូតដល់ ៥០ ពាន់លានអឺរ៉ូ។មជ្ឈមណ្ឌលនេះនឹងមានសមត្ថភាពប្រើប្រាស់ថាមពលរហូតដល់ ១ ជីហ្គាវ៉ាត់ សម្រាប់គាំទ្រដល់ប្រព័ន្ធកុំព្យូទ័រ AI និងសេវាកម្មក្លោដ។ គម្រោងនេះរំពឹងថានឹងចាប់ផ្តើមសាងសង់នៅឆ្នាំ ២០២៧ និងដាក់ឱ្យដំណើរការនៅឆ្នាំ ២០២៩។

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters