[កាប៊ុល]៖ ការវាយប្រហារដោយគ្រាប់រ៉ុក្កែត និងកាំភ្លើងត្បាល់ពីសំណាក់កងកម្លាំងប៉ាគីស្ថាន ចូលមកក្នុងទឹកដីអាហ្វហ្គានីស្ថាន កាលពីម្សិលមិញ បានបណ្តាលឱ្យមនុស្ស ៤នាក់ស្លាប់ និង ៧០នាក់ទៀតរងរបួស។ រដ្ឋាភិបាលតាលីបង់បានបញ្ជាក់ថា ការផ្ទុះអាវុធឡើងវិញនេះ កំពុងគំរាមកំហែងដល់កិច្ចចរចាសន្តិភាពដ៏ផុយស្រួយរវាងប្រទេសទាំងពីរ។
អ្នកនាំពាក្យរងរបស់រដ្ឋាភិបាលតាលីបង់ បានឱ្យដឹងថា ក្នុងចំណោមអ្នករងរបួស មាននិស្សិត ស្ត្រី និងកុមារប្រមាណ ៣០នាក់ ខណៈគ្រាប់រ៉ុក្កែតបានធ្លាក់ចំលំនៅឋានប្រជាពលរដ្ឋ និងសាកលវិទ្យាល័យ Syed Jamaluddin Afghani ក្នុងខេត្ត Asadabad។ លោកបានបង្ហោះលើបណ្តាញសង្គម X ថា យើងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហាររបស់របបយោធាប៉ាគីស្ថាន ដែលមានគោលដៅលើជនស៊ីវិល និងស្ថាប័នអប់រំ។ នេះគឺជាឧក្រិដ្ឋកម្មសង្រ្គាមដែលមិនអាចលើកលែងបាន។
ផ្ទុយទៅវិញ ក្រសួងព័ត៌មានប៉ាគីស្ថានបានច្រានចោលការចោទប្រកាន់នេះ ដោយចាត់ទុកថាជា ការឃោសនាអកុសល។ ប៉ាគីស្ថានបានអះអាងថា រាល់ប្រតិបត្តិការយោធារបស់ខ្លួន គឺធ្វើឡើងក្នុងគោលបំណងកម្ទេចជម្រកក្រុមភេរវករដែលមានមូលដ្ឋានក្នុងអាហ្វហ្គានីស្ថានតែប៉ុណ្ណោះ ហើយមានភស្តុតាងច្បាស់លាស់មុននឹងកំណត់គោលដៅ។

ភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរបានកើនឡើង ចាប់តាំងពីខែកុម្ភៈមកម្ល៉េះ។ ទីក្រុងអ៊ីស្លាម៉ាបាដបានចោទទីក្រុងកាប៊ុលថា បានផ្តល់ជម្រកដល់ក្រុមសកម្មប្រយុទ្ធដែលតែងតែឆ្លងដែនមកវាយប្រហារក្នុងទឹកដីប៉ាគីស្ថាន។ ប៉ុន្តែ ក្រុមតាលីបង់បានបដិសេធ និងអះអាងថាបញ្ហាសន្តិសុខក្នុងប្រទេសប៉ាគីស្ថាន គឺជាបញ្ហាផ្ទៃក្នុងរបស់ប៉ាគីស្ថានផ្ទាល់។
គួររំលឹកផងដែរថា កាលពីខែមុន ក្រុមតាលីបង់ធ្លាប់បានចោទប៉ាគីស្ថានថាបានវាយប្រហារលើមជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនមួយកន្លែងក្នុងទីក្រុងកាប៊ុល ដែលបណ្តាលឱ្យមនុស្សស្លាប់ជាង ៤០០នាក់ ប៉ុន្តែអង្គការសហប្រជាជាតិបានបញ្ជាក់តួលេខអ្នកស្លាប់ត្រឹម ១៤៣នាក់ប៉ុណ្ណោះ។
បច្ចុប្បន្ន ប្រទេសចិនកំពុងដើរតួជាអ្នកសម្របសម្រួល ដោយកាលពីដើមខែនេះ ប្រទេសទាំងពីរបានព្រមព្រៀងគ្នានៅទីក្រុង Urumqi ដើម្បីស្វែងរកដំណោះស្រាយសន្តិភាពបញ្ចប់ជម្លោះ។ ទោះជាយ៉ាងណា ការប៉ះទង្គិចគ្នាតាមព្រំដែននៅតែបន្តកើតមានជាហូរហែ ដែលធ្វើឱ្យស្ថានភាពសន្តិសុខក្នុងតំបន់កាន់តែមានភាពស្មុគស្មាញ។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters